ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តែងតាំង​លោក ង៉េ​ង សុជា ជា​ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ​

​ខេត្តបន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ទោ ង៉េ​ង សុជា នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ ត្រូវបាន​ក្រសួងមហាផ្ទៃ ប្រកាស​តែងតាំង​ជា​ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​។​

​ពិធី​ប្រកាស​នេះ​ធ្វើឡើង​ក្នុង​សន្និបាត​បូកសរុប​វាយតម្លៃ​សភាពការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ ឆ្នាំ​២០១៨ របស់​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ របស់​ស្នងការ​នគរបាលជាតិ​ឆ្នាំ​២០១៩ នៅ​នឹង​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តបន្ទាយមានជ័យ ។ ក្នុងនោះដែរ​ក៏បាន​ប្រកាស​រក្សា​តួនាទី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាប សុ​ផា​ឬ​ទ្ធិ ជា​ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ។​

​លើកឡើង​ក្នុង​អង្គសន្និបាត​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​រាយការណ៍​ពី​សភាពការណ៍​សន្តិសុខ និង​សណ្តាប់​សង្គម​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ សម្រាប់​ឆ្នាំ​២០១៨ មាន​បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​ចំនួន ៨៥/៥១ លើក កើនឡើង​ចំនួន​៣៤​លើក ស្មើនឹង​៦៧% មាន​មនុស្ស​ស្លាប់​ចំនួន​១១​នាក់ របួស​ចំនួន​១៨​នាក់ រងគ្រោះ ចំនួន​៤៥​នាក់ និង​សំភារៈ​មាសប្រាក់​មួយចំនួន​ទៀត ក្នុងនោះ – បទល្មើស​ឧក្រិដ្ឋ​មាន​ចំនួន​៣៣/២០​លើក កើនឡើង ចំនួន​១៣​លើក ស្មើនឹង ៦៥% – បទល្មើស​មជ្ឈិម​មាន​ចំនួន​៥២​លើក កើនឡើង ចំនួន​២១​លើក ស្មើនឹង​៦៨%​។​បទល្មើស​គ្រឿងញៀន​កើតឡើង​ចំនួន​៣៩៨​លើក ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន ១០៩៣​នាក់ ស្រី​៧៥​នាក់ ។ គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន ២៥៧/២០២​លើក ថយចុះ​៤៥​លើក ស្មើនឹង​២២% បង្ក​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០៥/១១៧​នាក់ ថយចុះ​១០% របួស​ចំនួន​២០៩/២៩៦​នាក់ ថយចុះ​២៩% ខូចខាត​រថយន្ត​តូចធំ​ធ្ងន់​ស្រាល ចំនួន​១១០​គ្រឿង ម៉ូតូ​ចំនួន​១៤៩​គ្រឿង​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​សន្តិ​បណ្ឌិត នេត្រ សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍​កោតសរសើ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ និង​ការខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ការងារ របស់​កងកម្លាំង​នគរបាល ទាំង​កិច្ចការងារ​ស្នូល និង​ការងារ​សង្គម ។ ឯកឧត្តម​ក៏បាន​មានប្រសាសន៍​អបអរសាទរ​ចំពោះ លោក​ស្នង​រង​ថ្មី​ដែល​ទើប​ប្រកាស​ចូលកាន់​តំណែង និង​បាន​ផ្តាំផ្ញើ ក្រោយពី​ទទួល​តំណែង​នេះហើយ ត្រូវ​បន្ត​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន ឲ្យ​សកម្ម ដោយ​ការទទួលខុសត្រូវ ។ ជាពិសេស សម្រាប់​មន្ត្រីនគរបាល​ទាំងអស់ ត្រូវ​ចេះ​តាមដាន​ព័ត៌មាន និង​ឆ្លើយតប​ឲ្យ​បាន​ឆាប់រហ័ស ចំពោះ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​យើង កុំ​ឲ្យ​ដូច​ពាក្យ​ថា មាន​ភ្នែក​តែ​មើលមិនឃើញ មាន​ត្រចៀក​តែ​ថ្លង់​។ ត្រូវ​ចេះ​សហការគ្នា​នៅក្នុង​អង្គភាព​ក៏ដូចជា​កងកម្លាំង ពាក់ព័ន្ធ​ផងដែរ​៕

IMG_1874 IMG_1930 IMG_1949 IMG_1951

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130