ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក ដក​មន្ត្រី​ទាំងអស់​ចេញពី​ស្ថានទូត​នៅ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​

​អាមេរិក ៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Mike Pompeo បានឱ្យដឹងថា មន្ត្រី​ទូត​អាមេរិក​ទាំងអស់​បាន​ចាក​ចេញពី​ប្រទេស​វេ​ណេ ស៊ុយ​អេ​ឡា​ហើយ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ខណៈ​វិបត្តិ​នយោបាយ​ក្នុងប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ មិនមាន​ភាព​ធូរស្រាល​ទាល់ តែ​សោះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Sputnik នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែមីនា ឆ្នាំ​២០១៩​។​

​លោក Mike Pompeo រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​ថ្លែង​កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​ថា​៖ «​ថ្ងៃនេះ មន្ត្រី​ទូត​អាមេរិក​ទាំងអស់​ដែល​នៅ​សេសសល់​នៅ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា បាន​ចាក​ចេញពី​ប្រទេស​នេះ​អស់ហើយ​។ ខ្ញុំ​ដឹងថា នេះ​ជា​ពេលវេលា​មួយ​ដ៏​លំបាក​សម្រាប់​ពួកគេ​»​។ បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ក្នុងការ​គាំទ្រ​មេបក្ស​ប្រឆាំង​នៅ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា លោក Juan Guaido ដែលមាន​បំណង​ផ្ដួលរំលំ​រដ្ឋាភិបាល​លោក Nicolas Maduro និង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​។​

​មន្ត្រី​ទូត​អាមេរិក​ទាំងអស់​ត្រូវបាន​គេ​រាយការណ៍​ថា បានធ្វើ​ដំណើរ​ចាកចេញ តាម​យន្ដហោះ​ស៊ីវិល​មួយគ្រឿង ហើយ​វា​បានកើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ក្រសួងការបរទេស​អាមេរិក​ប្រកាសថា​នឹង​ដក​រាល់​មន្ត្រី​ទូត​អាមេរិក ចេញពី​វេ​ណេ​ស៊ុយ​អេ​ឡា​នៅក្នុង​សប្ដាហ៍​នេះ​។​

​ចាប់តាំងពី​ខែមករា​មក អាមេរិក កាណាដា និង​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប​បានទាមទារ​ឲ្យ​លោក Maduro ចុះ​ចេញពី​តំណែង និង​បានប្រកាស​ទទួលស្គាល់​មេបក្ស​ប្រឆាំង​លោក Guaido ជា​ប្រធានាធិបតី​ស្របច្បាប់​។ យ៉ាងណាមិញ រដ្ឋបាល​លោក Maduro ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​ជា​សមាជិក អង្គការសហប្រជាជាតិ​ប្រមាណ ៥០​ប្រទេស ក្នុងនោះ​មាន រុស្ស៊ី ចិន និង តួ​ក​គី ផងដែរ​។​

​សហរដ្ឋអាមេរិក បានដាក់​ទណ្ឌកម្ម​ទៅលើ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ចំពោះ​ការលក់​ប្រេង​ដែលជា​ចរន្ត​សរសៃឈាម​របស់​រដ្ឋាភិបាល​លោក Maduro ។ កាលពី​ថ្ងៃទី​១៤ ខែមីនា បញ្ហា​អគ្គិសនី​ដែល​បាន​ដាច់​ជាច្រើន​ថ្ងៃ បាន​ដំណើរការ​ត្រឡប់មកវិញ​ជាធម្មតា ខណៈ​រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា បាន​បន្ទោស​ថា បញ្ហា​បណ្ដាលមកពី​សហរដ្ឋអាមេរិក​។​

​លោក Nicolas Maduro ប្រធានាធិបតី​នៃ​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​បាន​ចោទប្រកាន់ថា រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ មានបំណង​ធ្វើឱ្យ​ប្រទេស​របស់លោក​ក្លាយទៅជា​សង្គ្រាម​វៀតណាម នៅ​អាមេរិក​ឡាទីន​។ លោក​បាន​អះអាងថា អាមេរិក គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រូប​លោក​ចេញពី​អំណាច​។​

​លោក​ថា អាមេរិក​កំពុង​ចង់បាន​ប្រេង​របស់​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដោយ​យក​រូបមន្ត​ពី​ការធ្វើអន្តរាគមន៍​យោធា នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​លី​ប៊ី​។ លោក​សង្កត់ធ្ងន់ថា ថ្វីបើ​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ប៉ុន្តែ​ប្រជាជន​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ ដោយ​ខ្លួនឯងបាន​។ «​អាមេរិក ជា​ប្រទេស​ដ៏​អស្ចារ្យ ហើយ​វា​ក៏​ធំ​ជាង​លោក ដូ​ណា​ល់ ត្រាំ​ដែរ​។ ខ្ញុំ​គ្រាន់តែ​ស្នើឱ្យ​មានការ​គោរព​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ហើយ​ខ្ញុំ​ត្រូវការ​ការគាំទ្រ​របស់​អ្នក ដើម្បី​ជៀសវាង​ពី​សង្គ្រាម​មួយ​ដូច​នៅ​វៀតណាម​»៕

5c8b04ef474c0_1552614600_large

Filed in: អន្តរជាតិ

cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130