ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជាការ​សងសឹក ! ចិន​ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​

​ប៉េកាំង ៖ ទី​ភ្នា​ក់​សារព័ត៌មាន​រុស្ស៊ី Sputnik បាន​រាយការណ៍​ថា រដ្ឋាភិបាល​ចិន​បានប្រកាស​នឹង​ដំឡើង​ពន្ធ​លើ​ផលិតផល​នាំចូល​ពី​សហរដ្ឋអាមេរិក ក្នុង​ទំហំ​ទឹកប្រាក់​៦០​ពាន់​លាន​ដុល្លារ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការដំឡើង​ពន្ធ​របស់​ទីក្រុង​វ៉ាស៊ីនតោន មកលើ​ទំនិញ​របស់​ប្រទេស​ចិន​។​

​ការប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​របស់​ចិន បាន​ធ្វើឡើង​បន្ទាប់ពី ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​ចាប់ផ្តើម​អនុវត្តន៍​ការយកពន្ធ​រហូតដល់​២៥​ភាគរយ ទៅលើ​ទំនិញ​ចិន​ទំហំ​២០០​ពាន់​លាន​ដុល្លារ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ហើយ​លោក​ក៏បាន​ព្រមាន​ផងដែរ​ថា ទីក្រុង​ប៉េកាំង​គួរ​សម្រេច កិច្ចព្រមព្រៀង​ឲ្យ​បាន​ឆាប់​ជាមួយ​ប្រទេស​លោក ព្រោះ​ថាបើ​មិន​ដូច្នោះ​ទេ​ស្ថានការណ៍​នឹង​កាន់តែ​អាក្រក់​ថែមទៀត​សម្រាប់​ចិន​។ ទោះបីយ៉ាងណា​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​ប្រកាន់​ជំហរ​យ៉ាង​ម៉ឹងម៉ាត់​ថា នឹងមិន​ចុះចាញ់​ដាក់​សម្ពាធ​ពី​ខាងក្រៅ​ជាដាច់ខាត​។​

យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុ​ចិន ការឡើង​ពន្ធ​ដល់​១០​ភាគរយ ដល់​២០​ភាគរយ និង​ដល់​២៥​ភាគរយ​ទៅលើ​ក្រុម​មុខទំនិញ​ជាច្រើន​ប្រភេទ​របស់​អាមេរិក នឹងត្រូវ​ចាប់ផ្តើម​អនុវត្តន៍​ពីថ្ងៃ​ទី​០១ ខែមិថុនា ខាងមុខនេះ ខណៈ​ផលិតផល​សរុប​ប្រមាណ​៥,៤១០​មុខ​របស់​សហរដ្ឋអាមេរិក ដែល​ត្រូវ​នាំចូល​មកកាន់​ប្រទេស​ចិន​នឹងរង​ការប៉ះពាល់​ពី​ចំណាត់ការ​នេះ​។​

​សូមជម្រាបថា បញ្ហា​វិវាទ​ផ្នែក​ពាណិជ្ជកម្ម​រវាង​មហា​យក្ស​សេដ្ឋកិច្ចពិភពលោក​ទាំង​ពីរ បាន​ផ្ទុះឡើង​ដំបូង​កាលពី​ពាក់កណ្តាល​ឆ្នាំមុន ក្រោយពី​រដ្ឋា​បាល​លោក ដូ​ណា​ល់ ត្រាំ បាន​ដំឡើង​ពន្ធ​លើ​ការនាំ​ចូល​ដែកថែប​របស់​ចិន ហើយ​ទីក្រុង​ប៉េកាំង​ក៏បាន​ប្រកាស​ដំឡើង​ពន្ធ​សងសឹក​គ្នា​ទៅវិញទៅមក រហូតដល់​ចុងឆ្នាំ​២០១៨ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​បើក​កិច្ចចរចា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ ប៉ុន្តែ​មិនទាន់​ឃើញ​បានទទួល​លទ្ធផល​អ្វី​នៅ ឡើយ​ទេ​មកទល់ពេលនេះ​៕

1071169278

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130