ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Shuang ៖ ចិនមិន​ចុះចាញ់​ការគាបសង្កត់​ពី​ខាងក្រៅ​ឡើយ​

​ប៉េកាំង ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ប្រទេស​ចិន​នឹងមិន​ចុះចាញ់​ការគាបសង្កត់​ពី​ខាងក្រៅ​ទេ ហើយ​មានការ​សម្រេចចិត្ត និង​សមត្ថភាព​ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់ខ្លួន​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​ចិន ស៊ិន​ហួ​។​

​លោក ហ្គេ​ង បាន​ថ្លែង​បែបនេះ​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​ឆ្លើយតប​នឹង​សំណួរ​ទាក់ទង​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក​។ លោក​ថ្លែងថា ៖ «​ចិន​មិន​ចង់ឱ្យមាន​សង្គ្រាម​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ​យើង​មិន​ខ្លាច​ប្រយុទ្ធ​គ្នា​ទេ​បើ​មាន​នរណាម្នាក់​នាំ​សង្គ្រាម​ទៅដល់​មាត់ទ្វារ​យើង​នឹង​ប្រយុទ្ធ​រហូតដល់​ទីបញ្ចប់​»​។​

​ការចរចា​គឺជា​ដំណើរការ​នៃ​ការពិភាក្សា ហើយ​វា​ជា​រឿង​ធម្មតា​ដែលថា ភាគី​ទាំងពីរ​មានគំនិត​ផ្សេងគ្នា​ក្នុង​ដំណើរការ​នេះ​។ លោក​បាន​បន្ថែមថា មុនពេល​កិច្ចចរចា​ត្រូវបាន​បញ្ចប់ ហើយ​កិច្ចព្រមព្រៀង​មួយ​ត្រូវ​បានសម្រេច​នោះ​មិនមាន​និយាយថា “​ការរំលោភ​លើ​ការសន្យា​ទេ​។ ”

​លោក​បាន​និយាយថា ភាគី​ទាំង​ពីរបាន​ឈានដល់​កិច្ចព្រមព្រៀង​ជាច្រើន​ស្តីពី​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ព្រមទាំង​បានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​រួមមួយ​នៅ​វ៉ាស៊ីនតោន​កាលពី​ខែឧសភា​ឆ្នាំមុន​។ ទោះបីជា​យ៉ាងណាក៏ដោយ​ភាគី​អាមេរិក​បាន​បោះបង់ចោល​កិច្ចព្រមព្រៀង​ទាំងនោះ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។​

​ជាមួយគ្នា​នោះ​លោក ហ្គេ​ង បាន​សម្តែង​ក្តី​សង្ឃឹមថា ប្រទេស​ទាំងពីរ​អាច​ជួបគ្នា និង​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ផលប្រយោជន៍​ទៅវិញទៅមក និង​ឈ្នះ​ឈ្នះ​លើ​មូលដ្ឋាន​នៃ​ការគោរព​គ្នា​ទៅវិញទៅមក​ដែលមាន​ភាពស្មើគ្នា​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ រដ្ឋាភិបាល​ចិន​បានប្រកាសថា​នឹង​ដំឡើង​ពន្ធ​លើ​ផលិតផល​នាំចូល​ពី សហរដ្ឋអាមេរិក ដែល​គិត​ជា​ទំហំ​ទឹកប្រាក់​ស្មើ​៦០​ពាន់​លាន​ដុល្លារ​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការដំឡើង​ពន្ធ​របស់ ទីក្រុង​វ៉ាស៊ីនតោន​មកលើ​ទំនិញ​របស់​ប្រទេស​ចិន​មាន​ទំហំ​ជាង​២០០​ពាន់​លាន​ដុល្លារ​។​

​បើតាម​ក្រសួង​ហិរញ្ញវត្ថុ​ចិន ការឡើង​ពន្ធ​ដល់​១០​ភាគរយ ដល់​២០​ភាគរយ និង​ដល់​២៥​ភាគរយ ទៅលើ​ក្រុម​មុខទំនិញ​ជាច្រើន​ប្រភេទ​របស់​អាមេរិក នឹងត្រូវ​ចាប់ផ្តើម​អនុវត្តន៍​ពីថ្ងៃ​ទី​០១ ខែមិថុនា ខាងមុខនេះ ស្របពេល​ផលិតផល​សរុប​ប្រមាណ​៥,៤១០​មុខ​របស់​សហរដ្ឋអាមេរិក ដែល​ត្រូវ​នាំចូល​មកកាន់​ប្រទេស​ចិន ក៏​នឹងរង​ការប៉ះពាល់​ពី​ចំណាត់ការ​នេះដែរ​។​

​បន្ទាប់ពី​ការប្រកាស​ដំឡើង​ពន្ធ​នេះ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក​អាច​នឹង​ជួប​ជាមួយ​ប្រធានាធិបតី ចិន លោក ស៊ី ជិន​ពីង នៅ​ខែមិថុនា​ខាងមុខនេះ ដោយ​លោក ដូ​ណា​ល់ ត្រាំ បានលើកឡើង​ដូច្នេះ​ថា​៖ « រឿងនេះ​អាច​នឹង​កើតឡើង​…​ពួកយើង​អាច​នឹង​ជួបគ្នា ដូចដែល​អ្នកដឹង​ហើយ​ថា​ខ្ញុំ​ក៏​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ G20 នៅក្នុង​ប្រទេស​ជប៉ុន​ដែ​រ នៅ​ចុងខែ​មិថុនា​ខាងមុខ​…​ហើយ​ខ្ញុំ​គិតថា​វា​នឹង​ក្លាយជា​ជំនួប​ដ៏​មាន​ផ្លែផ្កា​»៕

1071169278

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130