ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​កោះហៅ​មេឃុំ​ម្នា​ក់នៅ​ខេត្តកោះកុង​មក​សាកសួរ​ក្រោយ​អ្នកភូមិ​ផ្ទុះ​វិវាទដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​

​សមត្ថកិច្ច​បាន​កោះហៅ​មេឃុំ​មា្ន​ក់​ទៅ​សាកសួរ ក្រោយ​អ្នកភូមិ​ផ្ទុះ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន មួយ​ដែល​កំពុង​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​នេះ ខណដែល​ពលរដ្ឋ​ចោទថា ក្រុម ហ៊ុន​ចិន​រំលោភ​យក​ដី​ពួកគាត់ ។​

​តាម​ភ្នាក់ងារ​រាយការណ៍​ថា មេឃុំ​ដែល​ត្រូវ​សមត្ថកិច្ច​កោះហៅ​សួរនាំ​នោះ​គឺ លោក រៀម រុំ ជា​មេឃុំ​ព្រែក​ខ្សាច់ ស្រុក​គី​រី​សាគរ ហើយ​ត្រូវបាន​នាយការិយាល័យ​កងរាជអាវុធហត្ថ​ខេត្ត កោះកុង លោក ខាត់ ខេមរ៉ា កោះហៅ​ឲ្យ​ចូលទៅ​ការិយាល័យ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ឆ្លើយបំភ្លឺ​ករណី​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​១៧ ខែឧសភា​ស្អែក​នេះ​។ ប៉ុន្តែ​ទាំង​មន្ត្រី​មូលដ្ឋាន​ទាំង ប្រជាពលរដ្ឋ​សុទ្ធតែ​បង្ហាញ​នូវ​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​លោក​មេឃុំ រួមទាំង​ប្រជាពលរដ្ឋ ផ្សេងទៀត ។​

​ពាក់ព័ន្ធ​ករណីនេះ​លោក រៀម រុំ បាន​និយាយថា លោក​នឹងមិន​ខ្លាច​ចូល​បំភ្លឺ​នោះទេ ព្រោះ​គាត់​អត់​មាន​ធ្វើ​អ្វី​ខុស​ផង ។ លោក​ថា កងរាជអាវុធហត្ថ​កោះហៅ​លោក​ឲ្យ​ឆ្លើយបំភ្លឺ​បែបនេះ កើតឡើង​ក្រោយពី​តំណាង​ក្រុមហ៊ុន​ចិន ញូ​ញៀន បាន​ព្រមាន​ប្តឹង​រូបលោក ដោយ​ចោទថា លោក​ជា​អ្នក​នៅ​ពីក្រោយ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ផ្លូវ​ប៉ះ ពាល់​ដី​ក្រុមហ៊ុន​។​

​យោងតាម​លិខិត​កោះហៅ គឺ​កងរាជអាវុធហត្ថ​ទទួលបាន​សំណុំរឿង​ពាក់ព័ន្ធ​មេឃុំ​ព្រែក​ខ្សាច់ កាលពី​ថ្ងៃទី​១០ ខែមេសា កន្លងទៅ ហើយ​តែ ២​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ក្រុម​សន្តិសុខ​ការពារ​ដី​សម្បទាន​របស់​ក្រុមហ៊ុន ញូ​ញៀន បាន​ចុះ​រារាំង​ពលរដ្ឋ​ប្រហែល ៥០​នាក់ មិន​ឲ្យ​កសាង​ផ្លូវ​ចេញពី​សហគមន៍​ភ្ជាប់​ទៅ​ទីរួមស្រុក និង​ខេត្ត​។​

​យ៉ាងណាក៏ដោយ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​បានបញ្ជាក់​ឲ្យ​ដឹងថា ការកោះហៅ​លោក​មេឃុំ​ព្រែក​ខ្សាច់​ឲ្យ​ឆ្លើយបំភ្លឺ​នោះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ចិន​នោះឡើយ​។ មន្ត្រី​រូបនោះ​បន្ថែមថា ការកោះហៅ​មេឃុំ​រូបនេះ ឲ្យ​ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​ក្នុង​សំណុំរឿង​គំរាមកំហែង​រវាង​បុគ្គល និង​បុគ្គល​ផ្សេងទៀត​ប៉ុណ្ណោះ ។​

​សូមជម្រាបថា លោក រៀម រុំ គឺជា​មេឃុំ​ម្នាក់​ដែល​ទទួលបាន​ការគោរព​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ ក្នុង​សកម្មភាព​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ។ ទន្ទឹម​នោះ​ប្រជាពលរដ្ឋ​អះអាងថា ពួកគាត់​នឹង​នាំគ្នា​ទៅ​គាំទ្រ​លោក​មេឃុំ​នៅ​ថ្ងៃស្អែក​នេះ ដោយ​ពួកគាត់​បារម្ភ​សុវត្ថិភាព​លោក​មេឃុំ​រូបនោះ ។​
​គួ​រម្លឹកថា កាលពីពេល​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់​នៅ​ឃុំ​ព្រែក​ខ្សាច់ បាននាំគ្នា​សាងសង់​ផ្លូវ​មួយ​ខ្សែ​មាន​ប្រវែង ២០០​ម៉ែត្រ ភ្ជាប់​សហគមន៍​របស់​ពួកគេ​ទៅ​ផ្លូវធំ ដែល​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ពួកគាត់​ទៅរក​សេវា​ផ្សេងៗ​នៅ​ទីរួមស្រុក និង​ខេត្ត ប៉ុន្តែ ត្រូវបាន កម្លាំង​សន្តិសុខ​ជាច្រើន​នាក់​របស់​ក្រុមហ៊ុន ញូ​ញៀន រារាំង និង​គំរាម​ប្តឹង​អ្នកពាក់ព័ន្ធ​ទៀតផង​។​

​ចំណែក​ក្រុមហ៊ុន​ចិន​មួយ​នេះ បានទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង ៣​ម៉ឺន ៦​ពាន់​ហិកតា នៅ​ស្រុក​បទុម​សាគរ និង​ស្រុក​គិរីសាគរ ពី​រដ្ឋាភិបាល​កម្ពុជា​កា​លពី ១១​ឆ្នាំមុន ដើម្បី​អភិវឌ្ឍ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​រមណីយដ្ឋាន​ទេសចរណ៍​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។ ប៉ុន្តែ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដីធ្លី​ទំហំ​ជាង ៦​ពាន់​ហិកតា​របស់​អ្នកភូមិ​ជាង ២០០​គ្រួសារ ឯណោះ ហើយ​កាលពីពេល​កន្លងទៅ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ដោះស្រាយ​ជូន​ពលរដ្ឋ​បាន​មួយចំនួនធំ​រួចហើយ​ផងដែរ​៕

 

5-110

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130