ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យោធារ​អ៊ីរ៉ង់​បង្ហាញ​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការពារ​ដែនអាកាស​ថ្មី​

​តេ​អេ​រ៉ង់ ៖ យោធា​របស់​ទីក្រុង​តេ​អេ​រ៉ង់​បានបង្ហាញ​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការពារ​ដែនអាកាស​ថ្មី​ដែលមាន​សមត្ថភាព​តាមដាន និង​បាញ់​គោលដៅ​ចំនួន​៦​ក្នុងពេល​តែមួយ​។ ការ​បញ្ចរ​ញ​អាវុធ​ទំនើប​ចុងក្រោយ​បំផុត​នេះ​ធ្វើឡើង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ចំពេល​ភាព​តានតឹង​កំពុង​កើនឡើង​នៅ​ជុំវិញ​ឈូង​សមុទ្រ​ពែ​ក្ស ក្រោយ​សហរដ្ឋអាមេរិក​បង្កើន​វត្តមាន​យោធា​របស់ខ្លួន​នៅក្នុង​តំបន់​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន RT​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់ លោក Amir Hatami បាន​បញ្ជាក់ថា ប្រព័ន្ធ​មី​ស៊ី​ល​ថ្មី​ខាងលើ​ផលិតឡើង ដោយ​ដៃ​អ្នកជំនាញ​អ៊ីរ៉ង់​ផ្ទាល់ និង​មាន​ឈ្មោះថា Khordad​។ លោក​បញ្ជាក់ថា ប្រព័ន្ធ​មី​ស៊ី​ល Khordad មាន​បំពាក់​ទៅដោយ​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ Sayyad 3 ដែលមាន​សមត្ថភាព បាញ់​កម្ទេច​យន្ដហោះ​ចម្បាំង និង​យន្ដហោះ​ដ្រូ​ន​ប្រយុទ្ធ​នៅ​ចម្ងាយ​១២០​គីឡូម៉ែត្រ ហើយ​មិនតែប៉ុណ្ណោះ វា​ក៏​អាច​តាម​ប្រដេញ និង​បំផ្លាញ​អាវុធ​បំបាំងកាយ​របស់​សត្រូវ​នៅ​ចម្ងាយ​៤៥​គីឡូ​មែត្រ ព្រមទាំង​កម្ទេច គោលដៅ​សត្រូវ​ចំនួន​៦​ក្នុង​រយៈពេល​តែមួយ​ផងដែរ​។​

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អ៊ីរ៉ង់​បាន​អភិវឌ្ឍ និង​បង្កើន​ការផលិត​អាវុធ​ដោយ​ខ្លួនឯង ដោយ​មិន​ចង់​ពឹង​ផ្អែកលើ​ការទិញ​អាវុធ​ពី​បរទេស​។ ជាក់ស្ដែង​កាលពី​ខែកុម្ភៈ​កន្លងទៅ អ៊ីរ៉ង់ បានធ្វើ​តេស្ដ បាញ់​មី​ស៊ី​ល​ឈ្មោះ Hoveizeh ដោយ​ជោគជ័យ ហើយ​មី​ស៊ី​ល​នេះ​អាច​បាញ់​បាន​ក្នុង​ចំងាយ ១,៣៥០​គីឡូម៉ែត្រ​៕

5cfd22fefc7e938e768b462a

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130