ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អគ្គិសនី​កម្ពុជា ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​២ សាងសង់​រោងចក្រ​ផលិត​អគ្គិសនី ដើរ​ដោយ​ប្រេង​ខ្មៅ និង​ឧស្ម័ន អានុភាព ៤០០​មេ​ហ្គា​វ៉ា​ត់​

​ភ្នំពេញ ៖ កម្ពុជា នឹងមាន​រោងចក្រ​អគ្គិសនី ដើរ​ដោយ​ប្រេង​ខ្មៅ និង​ឧស្ម័ន ដែលមាន​អនុភាព ៤០០​មេ​ហ្គា​វ៉ា​ត់ នៅពេល​ឆាប់ៗ​ខាងមុខនេះ ដែលជា​ដំណោះស្រាយ​របស់ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​បិទ​បញ្ចប់​ស្ថានភាព​ដាច់​ភ្លើង នៅ​រដូវប្រាំង​ឆ្នាំក្រោយៗ​ទៀត ក្នុង​រាជធានី​ភ្នំពេញ ដែល​ធ្លាប់​ជួបប្រទះ​រួចមកហើយ​នោះ​។​

​ដំណើរការ​សាងសង់​រោង​ចក្រ​នេះ ចាប់ផ្តើម​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​នេះ ហើយ​ការសាងសង់​ចំណាយពេល ១០​ខែ ដោយ​គ្រោង​បញ្ចប់​នៅ​ខែមេសា ឆ្នាំ​២០២០ ស្ថិតនៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល​។ នៅថ្ងៃនេះ អគ្គិសនី​កម្ពុជា បាន​ចុះហត្ថលេខា​លើ​ការសាងសង់ ជាមួយ​ក្រុមហ៊ុន CGGC-UN Power.co.ltd និង​ក្រុមហ៊ុន CHINA NATIONAL HEALY MACHINERY CORPORATION នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​។​

​រោងចក្រ​អគ្គីសនី​នេះ ត្រូវបាន​ប្រើប្រាស់​ម៉ាស៊ីន វ៉ា​ត់​ស៊ី​ឡា របស់​ប្រទេស​ហ្វាំ​ង​ឡង់ និង​ម៉ាស៊ីន ម៉ែន របស់​ប្រទេស​អាឡឺម៉ង់ ដែល​និង​ត្រូវ​សាងសង់​ស្ថិតក្នុង​ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

​គម្រោង​នេះ ចែកចេញជា​២​ផ្នែក​៖ ទី​១ រោងចក្រ​ផលិត​អគ្គិសនី ២០០​មេ​ហ្គា​វ៉ា​ត់ ប្រើប្រាស់​ម៉ាស៊ីន Wartsila របស់​ប្រទេស​ហ្វាំ​ង​ឡង់ សាងសង់​ដោយ​ក្រុមហ៊ុន CGGC-UN Power.co.ltd និង​ផ្នែក​ទី​២ រោងចក្រ​ផលិត​អគ្គិសនី ២០០​មេ​ហ្គា​វ៉ា​ត់ ប្រើប្រាស់​ម៉ាស៊ីន MAN របស់​ប្រទេស​អាល្លឺម៉ង់ សាងសង់​ដោយ​ក្រុមហ៊ុន CHINA NATIONAL HEALY MACHINERY CORPORATION ។​

​លោក កែវ រតនៈ អគ្គនាយក អគ្គិសនី​កម្ពុជា បាន​បញ្ជាក់ថា ដើម្បី​បង្ការ​ឆ្នាំ​ក្រោយនេះ និង​ឆ្នាំ​ខាងមុខ​ទៀត រោងចក្រ​ផលិត​អគ្គិសនី​អានុភាព ៤០០​មេ​ហ្គា​វ៉ា​ត់​នេះ ជា​ចំណែក​មួយ​នៃ​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ប្រមូល​ឲ្យ​បាន​ជាង ១,០០០​មេ​ហ្គា​វ៉ា​ត់​ថែម សម្រាប់​មុន​ដាច់​ឆ្នាំ​២០២០​ខាងមុខនេះ​។​

​លោក កែវ រតនៈ បាន​បន្ដថា គម្រោង ៤០០​មេ​ហ្គា​វ៉ា​ត់​នេះ មិន​ត្រឹមតែ​ថែម​អានុភាព​បំពេញ​ការខ្វះខាត​ថាមពល ផ្គត់ផ្គង់​មួយចំណែក​ប៉ុណ្ណោះ​ទេ រោងចក្រ​នេះ ក៏មាន​តួនាទី​ជួយ​គាំទ្រ​ដល់ ការដាក់​ពង្រាយ ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ថ្មី​ក្នុងប្រទេស និង​ជួយ​ពង្រឹងគុណភាព​ថាមពល​ផ្គត់ផ្គង់ ចូល​រាជធានី​ភ្នំពេញ តាមរយៈ​ការលើក​កំពស់ តុង​ស្យុ​ង​បាន​ប្រសើរ​។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា​, គម្រោង​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​នេះ ចំណាយ​ថវិកា​សរុប​ចំនួន ៣៨០​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ ថវិកា​សាងសង់​រោងចក្រ​ផលិត អគ្គិសនី​ទាំងពីរ ប្រមាណ​៣៥៥​លាន​ដុល្លារ​អាមេរិក និង​ថវិកា​សាងសង់​អនុ​ស្ថានីយ​អគ្គិសនី​រួម សម្រាប់​រោងចក្រ​ផលិត​អគ្គិសនី​ទាំងពីរ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ប្រមាណ​២៥​លាន​ដុល្លារ​អាមេរិក​។​

​អគ្គិសនី​កម្ពុជា បានទទួល​ឥណទាន មានការ​ប្រាក់​សម្បទាន​ចំនួន​៣០០ លាន​ដុល្លារ​អាមេរិក ពី​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​អគ្គិសនី​កម្ពុជា​បានដាក់​ទុន​ផ្ទាល់ ប្រមាណ​ជាង​៨០​លាន​ដុល្លារ​អាមេរិក ដើម្បី​បង្គ្រប់​សម្រាប់​សាងសង់ រោងចក្រ​ផលិត​អគ្គិសនី​ទាំងពីរ​នេះ​។​

​បើតាម​រដ្ឋលេខាធិការ​ធិ​ការ​ក្រសួង​រ៉ែ និង​ថាមពល លោក ទី នរិន្ទ បាន​ឲ្យ​ដឹងថា ក្រៅពី​ការដំឡើង​រោងចក្រ​ហើយ​នោះ អគ្គិសនី​កម្ពុជា ក៏​នឹងត្រូវ​សាងសង់​បណ្តាញ​ត​ភ្ជាប់ ពី​រោងចក្រ​ក្នុងស្រុក​ល្វាឯម មក​រាជធានី​ភ្នំពេញ​ថែម​ទៀតផង ទើប​អាច​ទាញយក​ថាមពល​ប្រើប្រាស់​បាន​។​

​លោក​ថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ ត្រូវការ​ថាមពល​អគ្គិ​ស​នី​ប្រមាណ​ជា ៥០០​មេ​ហ្គា​វ៉ា​ត់​។ នៅក្នុង​រដូវប្រាំង​ឆ្នាំ​២០១៩ ដោយសារតែ​គ្រោះរាំងស្ងួត​វា​រី​អគ្គិសនី មិនអាច​ដំណើរ​ការផលិត ថាមពល​បាន​នោះ បានធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ជួប​ការខ្វះខាត​ថាមពល​អគ្គិសនី​។​

​តាមរយៈ​រោងចក្រ​ដើរ ដោយ​ម៉ាស៊ីនភ្លើង​កម្លាំង ៤០០​មេ​ហ្គា​វ៉ា​ត់​, រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម​នៅ​ខេត្ត​ព្រះសីហនុ កម្លាំង ១៥០​មេ​ហ្គា​វ៉ា​ត់​, ថាមពល​ពី​វា​រី​អគ្គិសនី​ដន​សា​ហុង ប្រទេស​ឡាវ ២០០​មេ​ហ្គា​វ៉ា​ត់ លោក ទី នរិន្ទ បានបង្ហាញ​ភាពកក់ក្តៅ​ថា ឆ្នាំ​២០២០ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ នឹងមិន​ជួប​ការខ្វះខាត​ថាមពល​អគ្គិសនី​ដូច​ឆ្នាំ​២០១៩​នេះ​ទៀតឡើយ​។​

​សូមជម្រាបថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា រាជធានី​ភ្នំពេញ​នឹង​លែង​ជួប​ការ ខ្វះ​ថាមពល​អគ្គិសនី ដូច​នៅ​ឆ្នាំ​២០១៩​នេះ​ទៀត​។​

​បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន ការមិន​ខ្វះ​នេះ ដោយសារ​រាជរដ្ឋាភិបាល បានសម្រេច​ដំឡើង​ម៉ាស៊ីនភ្លើង ដែល​អាច​ផលិត​ថាមពល​រហូតដល់ ៤០០​មេ​ហ្គា​វ៉ា​ត់ ទុក​ប្រើ​ក្នុង​រាជធានី​ភ្នំពេញ នៅពេល​វា​រី​អគ្គិសនី​ខ្វះ​ទឹក មិនអាច​ផលិត​ថាមពល​បាន​៕

( សម្រង់​អត្ថបទ​ពី Fresh News )

 

 

fn-2019-06-11-17-47-41-19 fn-2019-06-11-17-47-40-0 fn-2019-06-11-17-47-40-2 fn-2019-06-11-17-47-40-5 fn-2019-06-11-17-47-41-18

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130