ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អារ៉ាប៊ីសាអ៊ូឌីត​ស្ទាក់ចាប់​យន្តហោះ​ដ្រូ​ន​៥​គ្រឿង​របស់​យេ​មែន​

​អារ៉ាប៊ីសាអ៊ូឌីត ៖ ក្រុមចម្រុះ​យោធា​ដឹកនាំ​ដោយ​ទីក្រុង​រី​យ៉ា​ដ​បាន​និយាយថា កងកម្លាំង​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ថ្ងៃ​សុក្រ​បាន​ស្ទាក់ចាប់​យន្តហោះ​ដ្រូ​ន​ចំនួន​ប្រាំ​គ្រឿង​ដែល​បង្ហោះ​ដោយ​ពួក​ឧទ្ទាម​យេ​មែន​សម្ព័ន្ធ​អ៊ីរ៉ង់​នៅក្នុង​ការវាយប្រហារ​លើ​ក​ទី​ពី​រលើ​ព្រលានយន្តហោះ​មួយ​នៅ​ភាគ​និរតី​ប្រទេស​ក្នុង​រយៈពេល​ត្រឹមតែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​។​

​ក្រុមចម្រុះ​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អារ៉ាប៊ីសាអ៊ូឌីត​ថា យន្តហោះ​ដ្រូ​ន​ទាំងនេះ​បានកំណត់​គោលដៅ​លើ​ព្រលានយន្តហោះ Abha ដែលជា​កន្លែង​មី​ស៊ី​ល​មួយ​គ្រាប់​របស់​ពួក​ឧទ្ទាម​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ចំនួន​២៦​នាក់​រងរបួស​កាលពី​ថ្ងៃ​ពុធ​និង​ទីក្រុង Khamis Mushait នៅក្បែរនោះ​ដែលជា​កន្លែង​មាន​មូលដ្ឋាន​អាកាស​ដ៏​ធំ​មួយ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រុមចម្រុះ​បាន​និយាយទៀតថា “​កងកម្លាំង​ការពារ​ដែនអាកាស​និង​កងទ័ពអាកាស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ស្ទាក់ចាប់​និង​បំផ្លាញ​យន្តហោះ​ដ្រូ​ន​ចំនួន​ប្រាំ​គ្រឿង​ដែល​បង្ហោះ​ដោយ​កងជីវពល Huthi ឆ្ពោះទៅ​ព្រលានយន្តហោះ​អន្តរជាតិ Abha និង​ទីក្រុង Khamis Mushait”​។ សេចក្តីថ្លែងការណ៍​នេះ​មិនបាន​លើកឡើង​ពី​អ្នកស្លាប់​និង​របួស​ទេ​។​

​សេចក្តីថ្លែងការណ៍​ដដែល​នេះ​បាន​បន្ថែមថា ទោះបីជា​យ៉ាងណាក៏ដោយ អាកាសយានដ្ឋាន​បាន​ដំណើរការ​ជាធម្មតា​ដោយ​គ្មាន​ការបង្អាក់​ការហោះហើរ​ឡើយ​។​ពួក​ឧទ្ទាម​ដែល​បាន​ប្រឈមមុខ​នឹង​ការទម្លាក់​គ្រាប់បែក​ដោយ​ក្រុមចម្រុះ​ចាប់តាំងពី​ខែមីនា​ឆ្នាំ​២០១៥​មក​ដែល​បាន​បង្ក​ឲ្យ​មាន​ចំនួន​ជន​ស៊ីវិល​ស្លាប់​យ៉ាងធ្ងន់ធ្ងរ​នោះ​គឺ​បាន​បង្កើន​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​និង​យន្តហោះ​ដ្រូ​ន​ឆ្លងកាត់​ព្រំដែន​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។​

​ការវាយប្រហារ​មី​ស៊ី​ល​កាលពី​ថ្ងៃ​ពុធ​បាន​វាយ​ចំ​ព្រលានយន្តហោះ​ស៊ីវិល​នៅក្នុង​រមណីយដ្ឋាន​ភ្នំ Abha ដែលជា​ច្រកចេញ​រដូវក្តៅ​សម្រាប់​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ស្វែងរក​ការរត់​គេច​ពី​រលក​កំដៅ​ក្នុង​ទីក្រុង​រី​យ៉ា​ដ​ឬ​ទីក្រុង​ចេ​ដា​៕

yemeni-soldiers-loyal-to-the-shiite-huthi-rebels-1052278526-890x395_c

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130