ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្លាំង​កងរាជអាវុធហត្ថ​នឹង​ចុះ​ស្រាវជ្រាវ​រក​បទល្មើស​ព្រៃ​ឈើ​នៅ​ខេត្ត​មណ្ឌល​គី​រី​

​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ថ្មីៗ​នេះ​បាន​ជំរុញ​ឲ្យ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​ពង្រឹង​ការទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ខណៈដែល​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ទៅកាន់​ប្រទេស វៀតណាម បាន​កក្រើក​ឡើងវិញ​នោះគេ​រំពឹងថា កម្លាំង​កងរាជអាវុធហត្ថ​នឹង​ចុះ​ស្រាវជ្រាវ​រក​បទល្មើស​ព្រៃ​ឈើ​នៅតាម​ក្រុមហ៊ុន​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយចំនួន នៅ​ខេត្តមណ្ឌលគិរី​ជាដំបូង​នាពេល​ឆាប់ៗ​នេះ ។​

​នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ ។​

​លោក អេង​ថ ហ៊ី អះអាងថា កម្លាំង​ជំនាញ​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​ចុះ​ទៅដល់​ខេត្តមណ្ឌលគិរី នាពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ចំពោះ​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន​មួយចំនួន​តូច​ដែល​បាន​កាប់​ឈើ​ដឹក​យកទៅលក់​នៅ​វៀតណាម​ព្រោះថា មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​កន្លងទៅ​បានចេញ​លិខិត​ដឹកជញ្ជូន​ឲ្យ​ទៅ​ក្រុម ហ៊ុន​ដី​សម្បទាន​ជាច្រើន​នៅក្នុង​ខេត្ត​នេះ ។​

​សូមជម្រាបថា រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានធ្វើ​លិខិត​មួយច្បាប់​ដោយ​ជម្រាប​ជូនទៅ​លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណ​:​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដោយ​ខ្លឹម​សារលិខិត​នោះ​បញ្ជាក់ថា​ក្រសួងកសិកម្ម​ទទួលបាន​ព័ត៌មាន និង​ចុះ​ធ្វើការ​ផ្ទៀងផ្ទាត់​ទីវាល​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន នៅ​តំបន់​ភូមិភាគ​ឦសាន​កត់សម្គាល់​ឃើញថា ភាពអនាធិបតេយ្យ​ចរាចរណ៍​ឈើ​ល្មើស ហាក់​កក្រើក​ឡើងវិញ ជាក់ស្ដែង​ចន្លោះ​ពីថ្ងៃ​ទី ១០ ដល់​ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៩ នៅតាម​មាត់ច្រក​ព្រំដែន​នានា មាន​ចរាចរណ៍​ឈើ​ល្មើស​តាម​រថយន្ដ​សាំ​យ៉ុង ក្នុង​រង្វង់​រាប់រយ​ឡាន​ឆ្លងកាត់​តាម​ច្រកទ្វារព្រំដែន​ដាក់​ដាំ​ឆ្ពោះទៅ​ប្រទេស វៀតណាម យ៉ាង​រលូន ដោយ​ពុំមាន​ការទប់ស្កាត់​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ឡើយ​។​

​លិខិត​ដដែល​បន្តថា ករណីនេះ​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល បង្កើត​ភាពមន្ទិលសង្ស័យ​របស់​មជ្ឈដ្ឋាន​ជុំវិញ ពី​ភាព​ពាក់ព័ន្ធ​របស់​សម​ត្ថ​កិច្ច​ទូទៅ ក្នុងការ​អនុវត្ត​ច្បាប់​ជា​ធរមាន ។ ប៉ុន្តែ​បច្ចុប្បន្ន​ព្រឹ​ត្ដិ​ការណ៍​នេះ​បាន​ស្ងប់ស្ងាត់​ទៅវិញ​ក្រោយពី​ក្រសួងកសិកម្ម​បាន​ចាត់ថ្នាក់​ដឹកនាំ​ចុះ​ពិនិត្យ​និង​ធ្វើ​សកម្មភាព​ទប់ស្កាត់​។​

​តាម​លិខិត​ខាងលើ​បាន​បន្ថែមថា ចំពោះ​ករណីនេះ​ចៀសវាង​ភាពអនាធិបតេយ្យ​ទ្រង់ទ្រាយ​ធំ អាច​កើតឡើង​ជាយថាហេតុ​ទៀត​នោះ ក្រសួងកសិកម្ម ស្នើ​ឲ្យ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ការ​បង្ក្រាប​បទល្មើស​ធ​ន​ធាន​ធម្មជាតិ​ជួយ​មាន​វិធានការ​ម៉ឺងម៉ាត់ ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​តាម​ការគួរ​។​

​គេ​នឹងមិន​រំពឹង​ទេ​ថា ប្រតិបត្តិការ​របស់​ក​ង​កម្លាំង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នឹងមាន​ប្រសិទ្ធភាព ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​នៅ​តំបន់​ភូមិភាគ​ឥ​សាន្ត ខណដែល​គេ​ដឹងថា កន្លងទៅ​កម្លាំង ប្រដាប់អាវុធ​ស្អេកស្កះ​មាន​ទាំង​អាវុធ​និង​យន្តហោះ សម្រាប់​ប្រតិបត្តិការ​តែ​លទ្ធផល​គ្មានអ្វី​គួរ​ឲ្យ កត់សម្គាល់ ហើយ​បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​ថែមទាំង​រីក​រាលដាល​កាន់តែ​ធំ​ថែមទៀត ៕

 

 

images

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130