ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ត្រីក្រោមឱវាទ​ប្តឹង​លោក ខ្លឹម គគីរ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តកោះកុង​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​

​កោះកុង ៖ ព័ត៌មាន​បែកធ្លាយ​បាន​ឲ្យ​ដឹងថា លោក ខ្លឹម គគីរ ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកោះកុង កំពុង​រង​ការចោទប្រកាន់​ពី​មន្ត្រីក្រោមឱវាទ និង​និវត្តន៍​ជន​ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី​ក្នុង​ដែន​គ្រប់គ្រង​របស់ខ្លួន ។ នេះ​បើ​យោងតាម​ពាក្យបណ្តឹង​មួយ ច្បាប់​របស់​មន្ត្រីរាជកា​រ​នៃ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកោះកុង​ដែល​ប្តឹងទៅ​រដ្ឋមន្ត្រី នៃ​ក្រសួង​មួយ​នេះ ។​

​យោងតាម​ពាក្យបណ្តឹង​និង​ចុះហត្ថលេខា​ដោយ​មន្ត្រីក្រោមឱវាទ និង​និវត្តន៍​ជន​១៨​គ្រួសារ បាន​រៀបរាប់ថា ក្រោម​ការដឹកនាំ​របស់​លោក​ខ្លឹម គគីរ ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកោះកុង​បានធ្វើ​ឲ្យ​មានការ​បែកបាក់​ផ្ទៃក្នុង​យ៉ាងធ្ងន់ធ្ងរ ដោយ​លោក​ប្រធាន​បាន​បង្កើត​បក្ខពួក ប្រព្រឹត្ត​អំពើពុករលួយ និង​គំរាមកំហែង​មន្ត្រីក្រោមឱវាទ​។ ជាក់ស្តែង ពាក់ព័ន្ធ​នឹង​ករណី​ដំណោះស្រាយ​ដីធ្លី​ជូន​មន្ត្រី និង​ពលរដ្ឋ​១៨​គ្រួសារ ដែល​រស់នៅ​ពិត​ប្រាកដជា​យូរ​ឆ្នាំ​លើដី​របស់​មន្ទីរ​ត្រូវ​ជាប់គាំង​ដោយសារតែ​លោក​ប្រធាន​មន្ទីរ​រារាំង និង​បង្កើន​ចំនួន​គ្រួសារ​បន្ថែម​ទ្វេ​ដងដោយ​ភាពមិនប្រក្រតី​។​

​ប៉ុន្តែ​តាម​ការពិត​ជាក់ស្តែង​វិញ​នោះ​គឺ​ចំនួន​មន្ត្រីរាជការ និង​មន្ត្រី​ចូលនិវត្តន៍​ដែល​បានរស់នៅ​លើដី​របស់​ម​ន្ទីរ​ចាប់តាំងពី​ឆ្នាំ​១៩៩១ រហូតមកដល់​សព្វថ្ងៃ​មានតែ​១៨​គ្រួសារ​ប៉ុ​ណ្ពោះ ខណដែល​លោក​ប្រធាន​មន្ទីរ​បែរជា​រាយការណ៍​ភូតកុហក​ទៅ​ថ្នាក់លើ​ថា មាន​រហូតដល់​៣២​គ្រួសារ ក្រោយពេល​មាន​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បែង​ចែកជា​កម្មសិទ្ធិ ដោយ​លោក​ប្រធាន​មន្ទីរ​បង្កើន​តួលេខ​បន្ថែម ដើម្បី​ទទួលបាន​ចំណែក​ផ្ទាល់ខ្លួន និង​បក្ខ​ពួកខ្លួន​ទៅវិញ ។​

​ចំណែក​មន្ត្រីរាជការ​ដែល​រង​នូវ​ការគំរាមកំហែង និង​គាបសង្កត់​វិញ បានត្រឹមតែ​ឱបដៃ​អង្គុយ​មើល​ដោយ​មិន​ហ៊ាន​បញ្ចេញ​ពាក្យសម្តី​តវ៉ា​រក​ខុសត្រូវ​ឡើយ ព្រោះ​ខ្លាច​អំណាច​លោក​ខ្លឹម គគីរ ជា​ប្រធាន​មន្ទីរ ។ ជាក់ស្តែង​ករណី​លោក​អាន និមល​ដែល​ចេញមុខ​តវ៉ា​នៅ​មន្ទីរ​ដើម្បី​រក​យុត្តិធម៌​សម្រាប់​ខ្លួន ព្រមទាំង​មន្ត្រីរាជការ និង​និវត្តន៍​ជន​១៧​គ្រួសារ​នោះ ទីបំផុត​ត្រូវ​លោក​ប្រធាន​មន្ទីរ​រាយការណ៍​បម្រុង​ដក​ចេញពី​តំណែង​ទៅ​បញ្ឈរជើង​នៅ​ក្រសួង​ថែមទៀត ។​

​តាម​ប្រភព​ក្រៅផ្លូវការ​មួយ​បាន​ប្រាប់​ឱ្យដឹងថា រឿង​ដែល​លោក​ខ្លឹម គគីរ​ហ៊ាន​យក​អំណាច​របស់ខ្លួន​ទៅ​គាបសង្កត់ គំរាមកំហែង​មន្ត្រីក្រោមឱវាទ​នោះ​ក៏​ព្រោះ​តែមាន​មន្ត្រី​ថ្នាក់​អ​ន្ទ្រើ​ស​នៅ​ក្រសួង​ពីររូប​ជា​បង្អែក​ផងដែរ ព្រោះថា លោកធំ​ទាំង​២​រូបនោះ​គឺជា​ដើមគំនិត​ឲ្យ​រៀបចំ​របាយការណ៍​ភូតកុហក ដើម្បី​ទទួលផល​ចំណេញ​ក្នុង​រឿង​ដោះស្រាយ​គោលនយោបាយ​ដីធ្លី​នេះ​។​

​ប៉ុន្តែ​នៅពេល​លោក​ទេសរដ្ឋមន្ត្រី​ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​ស៊ើប​ដឹង​នូវ​ការប្រព្រឹត្ត​មិន​ប្រក្រតី​នោះ អ្នក​ទាំងពីរ​នោះ​ក៏បាន​ដោះដៃ​ចេញ​ធ្វើឱ្យ​លោក​ខ្លឹម គគីរ ហាក់​ទទួលរង​នូវ​ទម្ងន់​ផ្ទាំង​ថ្ម​បាក់​តែម្នាក់ឯង​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ សាធារណមតិ​បានលើកឡើង​ថា ប្រសិនបើ​គ្មាន​អ្នក​អ​ន្ទ្រើ​សៗ នៅ​ពី​ក្រោយខ្នង ម្លេះ​សមលោក​ប្រធាន​មន្ទីរ​មិន​ហ៊ាន​ពង្រីក​ថ្លើមធំ​ដល់​ម្តឹ​ង​នោះទេ ព្រោះថា សម័យ​ណា​មិនដឹង​ទេ តែ​សម័យ Facebook នេះ​ទោះ​អ្នក​អ​ន្ទ្រើ​សៗ ខិលខូច​លេងល្បិច​ក្នុង​ក្រហែង​ថ្ម​ណា​ក៏​គេច​មិន​ផុតពី​លេចមុខ​កណ្តាលវាល​ដែរ ។​

​ប៉ុន្តែ​គេ​គិតថា នោះ​ជា​ទង្វើ​អសកម្ម​ពុករលួយ​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​មិនអាច​លើកលែង​បានឡើយ ដោយសារ​ថា អំពើពុករលួយ​នោះ​វា​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​បុគ្គល​ឬ​ស្ថាប័ន​មួយ​ជះក្លិន​ស្អុយ​ក្នុង សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទង្វើ​មិនល្អ​នេះ​វា​នឹង​រាលដាល​ក្នុងសង្គម​ទាំងមូល ហើយ​អ្នក​ដែល​ទទួលរង​ថ្ម​បាក់​គឺ​ប្រមុខ​រាជរដ្ឋាភិបាល ។​

​ជុំវិញ​ការចោទប្រកាន់​ខាងលើ លោក​ខ្លឹម​គគី ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តកោះកុង មិនទាន់​អាច​សុំ​ការបំភ្លឺ​ណាមួយ​នៅឡើយ​ទេ ដោយសារតែ​ទូរស័ព្ទ​ច្រើនដង​តែ​មិន​ចូល ៕

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130