ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ៊ីរ៉ង់​៖ អង់គ្លេស​អាច​នឹង​ដោះលែង​នាវា​ដឹក​ប្រេង​របស់ខ្លួន​ក្នុងពេល​ឆាប់ៗ​នេះ​

​អ៊ីរ៉ង់ ៖ អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ចក្រភព​អង់គ្លេស​អាច​នឹង​ដោះលែង​នាវា​ដឹក​ប្រេង​របស់ខ្លួន​ឈ្មោះ Grace 1 ក្នុងពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ឯកសារ​មួយចំនួន​ត្រូវបាន​ដោះដូរ​ដែល​នឹង​ជួយ​ដល់​ការដោះលែង​នាវា​ដែល​បាន​រឹបអូស ។​

​អនុប្រធាន​នៃ​កំពង់ផែ និង​អង្គការ​ដែនសមុទ្រ​អ៊ីរ៉ង់​លោក Jalil Eslami បាន​និយាយ​នៅក្នុង​សុន្ទរកថា​ដែល​ត្រូវបាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន IRNA ថា “​ចក្រភព​អង់គ្លេស​ចាប់អារម្មណ៍​ក្នុងការ​ដោះលែង​នាវា​ដឹក​ប្រេង​របស់​អ៊ីរ៉ង់​ឈ្មោះ Grace 1 បន្ទាប់ពី​ការដោះដូរ​ឯកសារ​មួយចំនួន ហើយ​យើង​សង្ឃឹមថា​ការដោះលែង​នេះ​នឹង​ធ្វើឡើង​ឆាប់ៗ​” ។

​កងទ័ពជើងទឹក​អង់គ្លេស​បាន​រឹបអូស​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​កាលពី​ថ្ងៃទី ៤ ខែកក្កដា​នៅ​ឆ្នេរសមុទ្រ​នៃ​ដែនដី​មេ​ឌី​ទែ​រ៉ា​ណេ​របស់​អង់គ្លេស​នៅ​ប្រទេស​ហ្គី​ប្រា​ល់តា​ដោយ​សង្ស័យថា​បាន​រំលោភ​ទណ្ឌកម្ម​សហភាព​អឺរ៉ុប​ដោយ​កំពុង​ដឹក​ប្រេង​ទៅ​ប្រទេស​ស៊ី​រី ខណៈដែល​អ៊ីរ៉ង់​បាន​បដិសេធ ។​

​លោក Eslami បាន​និយាយថា “​នាវា​នេះ​ត្រូវបាន​រឹបអូស​ដោយ​ផ្អែកលើ​ការចោទប្រកាន់​មិន​ពិត ហើយ​វា​មិនទាន់​ត្រូវបាន​ដោះលែង​នៅឡើយ​ទេ​” ។​រយៈពេល​ពីរ​សប្តាហ៍​ប​ន្ទា​ប់​ពី​ការចាប់​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់ ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​បាន​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស​ឈ្មោះ Stena Impero នៅ​ជិត​ច្រក Strait of Hormuz ដោយ​ចោទប្រកាន់ថា​វា​បាន​រំលោភ​លើ​ដែនសមុទ្រ ។ ទន្ទឹម​នោះ​អង់គ្លេស​ចាត់ទុក​សកម្ម​ភាព​នោះ​ថា​ជាការ​សងសឹក​ខុសច្បាប់ ។​

​អ៊ីរ៉ង់​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឲ្យ​មានការ​ដោះលែង​នាវា​នេះ​ដោយ​បដិសេធ​ការចោទប្រកាន់​ដែលថា​នាវា​នេះ​កំពុង​ដឹក​ប្រេង​ទៅ​ប្រទេស​ស៊ី​រី​ដោយ​រំលោភ​លើ​ទណ្ឌកម្ម​នានា​ហើយ​និយាយថា ប្រទេស​ហ្គី​ប្រា​ល់តា និង​អង់គ្លេស​បាន​ចាប់​នាវា​នោះ​តាម​ការបញ្ជា​របស់​ទីក្រុង​វ៉ាស៊ីនតោន ។​

​នាវា​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​កូនអុក​នៅក្នុង​ការប្រឈមមុខ​ដាក់គ្នា​រវាង​សាធារណរដ្ឋ​ឥស្លាម និង​លោកខាងលិច​ដោយ​ជោគវាសនា​របស់​វា​មាន​ភាពច្របូកច្របល់​នៅក្នុង​ភាពខុសគ្នា​ខាង​ការទូត​រវាង​មហាអំណាច​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130