ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ទូត​ជប៉ុន​ចប់​អាណត្តិ​កោតសរសើរ​ការរីកចម្រើន​ឥត​ឈប់​របស់​កម្ពុជា​

​ភ្នំពេញ ៖ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា ទើប​ចប់​អាណត្តិ លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា បានបង្ហាញ​នូវ​ក្តីរំភើប នៅ​ចំពោះមុខ ឯកអគ្គរាជទូត អគ្គរដ្ឋទូត​មន្ត្រី​ទូត​រួមទាំង​មន្ត្រី​រាជរដ្ឋាភិបាល ដោយ​លោក​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​៣​ឆ្នាំ ដែល​លោក និង​ភរិយា​បានមក​បំពេញ ការងារ​ការទូត​នៅ​កម្ពុជា គឺជា​ពេលវេលា​ដ៏​វិសេសវិសាល សម្រាប់​លោក ដែល​បានឃើញ​ពី​ភាព​រីកចម្រើន ឥតឈប់ឈរ​របស់​ក​ម្ពុ​ជា ជាពិសេស​គឺ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ជប៉ុន​។

​ការបង្ហាញ​ក្តីរំភើប​របស់លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា បានធ្វើ​ឡើង​នៅ​យប់​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩​នេះ នៅក្នុង​ឱកាស​ដែល​លោក​បានរៀបចំ ពិធីជប់លៀង​ក្នុងឱកាស បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា រយៈពេល​៣​ឆ្នាំ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី សំណាក់​ថ្នាក់ដឹកនាំ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ឯកអគ្គរាជទូត អគ្គរដ្ឋទូត​របស់​ប្រទេស​ជា​មិត្ត នៅ​កម្ពុជា យ៉ាងច្រើន​ផងដែរ​។​

​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ដែលជា​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា ដ៏​មាន​ប្រជា ប្រិយភាព​មួយរូប​នោះ មានប្រសាសន៍ថា លោក​រំភើបចិត្ត​យ៉ាងខ្លាំង​ដោយសារ​លោក ពុំបាន​រំពឹងទុក​ថា នឹងមាន​ភ្ញៀវកិត្តិយស​ចូលរួម​កម្មវិធី​នេះ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ​ទេ​។ ប៉ុន្តែ​សម្រាប់ លោក​គឺ​ពេលវេលា​៣​ឆ្នាំ​ពិតជា​ដើរ​លឿន​មែន ខណដែល​លោក​និង​ភរិយា​បានមក​បំពេញ ការងារ​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​២០១៦​មក ហើយ​រយៈពេល​៣​ឆ្នាំនេះ គឺជា​ពេលវេលា​ដ៏​វិសេស វិសាល​សម្រាប់​លោក និង​ភរិយា ។

​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា បាន​ថ្លែង​អះអាងថា ប្រទេស​កម្ពុជា​រក្សាបាន​នូវ​កំណើន​សេដ្ឋ កិច្ច​ដ៏​រឹងមាំ​៧​ភាគរយ​ជា​រៀងរាល់ឆ្នាំ ហើយ​ទំនាក់ទំនង​ទ្វេភាគី រវាង​ជប៉ុន និង​កម្ពុជា ក៏មាន​សន្ទុះ​ឈានទៅ​មុខ​យ៉ាងខ្លាំង​ផងដែរ ទាំង​ពាណិជ្ជកម្ម​ទ្វេភាគី ការវិនិយោគ​ផ្ទាល់ និង​ការផ្លាស់ប្តូរ​ដំណើរ ទស្សនកិច្ច​នានា ។ ទន្ទឹមនឹងនេះ លោក​ក៏បាន​ចូលរួម​ពិធី សម្ពោធ​ផ្សេងៗ នៃ​គម្រោង​ជំនួយ​អភិវឌ្ឍន៍ របស់​រដ្ឋាភិបាល​ជប៉ុន ដែលជា​និមិត្តរូប​នៃ​មិត្តភាព​រវាង​ប្រទេស យើង​ទាំងពីរ ដូចជា​ការជួសជុល​ស្ពាន​ជ្រោយ ចង្វារ​ជាដើម​។

​លោក​បន្ថែមថា ចំពោះ​ទំនាក់ទំនង​លើ​វិស័យ​នយោបាយ​លោក​ក៏មាន​ភ័ព្វសំណាង​ណាស់ដែរ ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ជប៉ុន​-​កម្ពុជា រវាង​នាយករដ្ឋមន្ត្រី​ជប៉ុន អា​បេ និង​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចំនួន​៣​លើក ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លងទៅនេះ​។

​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា នៅបាន​បញ្ជាក់ថា ប្រទេស​ជប៉ុន បាន​នឹង​កំពុង​ចូលរួមចំណែក ក្នុង ការលើកស្ទួយ លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា ខណដែល រដ្ឋាភិបាល​ជប៉ុន​បាន​បន្ត​ផ្តល់ ជំនួយ​ដល់​កំណែទម្រង់​ការបោះឆ្នោត ។ ទន្ទឹម​នោះ​ក៏បាន​ចាប់ផ្តើម​កម្មវិធី អញ្ជើញ​យុវជន កម្ពុជា ដែលមាន​ចំណាប់អារម្មណ៍​ផ្នែក​នយោបាយ​មកពី​ស្ថាប័ន​នានា ទៅ​ស្វែងយល់ ពីបទ​ពិសោធន៍ នៅ​ប្រទេស​ជប៉ុន​ថែមទៀត ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130