ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បាត់​ពី​ផ្ទះ​មួយខែ ស្រាប់តែ​ប្រទះឃើញ​សព​នៅ​ក្នុងព្រៃ​

​ខេត្តកោះកុង ៖ នៅ​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៩ នា​វេលា​ម៉ោង​១៥ និង​២០ នាទី​ល្ងាច ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំងរូង នៃ​អធិការដ្ឋាន​ស្រុក​កោះកុង បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ឈ្មោះ រស់ សារឿន ភេទ​ប្រុស បាន​រាយការណ៍​មក​សមត្ថកិច្ច​ថា នៅពេលដែល​គាត់​ចូល​ព្រៃ​កាប់​ផ្តៅ នៅ​ចំណុច​អន្លង់​តាកែវ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​រូង ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ក៏​ជួប​ប្រទះឃើញ​សាកសព​មនុស្ស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ដេកស្លាប់​នៅក្នុង​ព្រៃ មាន​សភាព​ស្អុយរលួយ​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​ពិនិត្យ​សាកសព នៃ​អធិការដ្ឋាន​ស្រុក​កោះកុង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំងរូង ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន ក្រុមគ្រូពេទ្យ ព្រមទាំង​កម្លាំង​ពាក់ព័ន្ធ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើ​កោសល្យវិច័យ​សព ។​

​ឆ្លងតាម​ការពិនិត្យ​សាកសព បានបញ្ជាក់​ឃើញថា សាកសព​ស្លាប់​ដោយមាន​ខ្សែរ​ចងក មាន​សក់​ជាប់​នឹង​ខ្សែ រលួយ​ធ្លា​ក់ដី នៅពេលដែល​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ សព​រងគ្រោះ​មានឈ្មោះ ស្រ៊ុន សារូ ភេទ​ស្រី មាន​អាយុ​៣៩​ឆ្នាំ គឺជា​ភរិយា​របស់​ប្រជាពលរដ្ឋ​ឈ្មោះ អ៊ុង សា​ធឿន (​ត្រូវជា​ប្តី​) និង​ឈ្មោះ សាន បូរី (​ត្រូវជា​កូន​) ដែល​បានមក​រាយការណ៍​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ ២០១៩ ថា ជនរងគ្រោះ​បាន​រត់​ចាក​ចេញពីផ្ទះ​ទាំងយប់ ដោយ​គ្មាន​មូលហេតុ ក្នុង​សភាព​ស្រវឹងស្រា​ខ្លាំង ហើយ​បាន​នាំ​ស្វែងរក​ដែរ តែ​រក​មិនឃើញ លុះដល់​ថ្ងៃនេះ ក៏​ប្រទះឃើញ​ស្លាប់​នៅក្នុង​ព្រៃ​។ ករណីនេះ កម្លាំង​ជំនាញ​យើង​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130