ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មេដឹកនាំ​បក្សប្រឆាំង​រុស្ស៊ី ត្រូវបាន​គេ​ដោះលែង ក្រោយ​ជាប់ពន្ធនាគារ​រយៈពេល ៣០​ថ្ងៃ​

​រុស្ស៊ី ៖ អ្នក​រិះគន់​វិមាន​ក្រឹម​ឡាំង​លោក Alexei Navalny ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​ជាប់ពន្ធនាគារ​រយៈពេល ៣០ ថ្ងៃ​ពីបទ​មាន​គម្រោង​ធ្វើបាតុកម្ម​ប្រឆាំង​ដែល​បាន​ក្លាយជា​ចលនា​មួយ​ធ្វើ​ឲ្យ​កក្រើក​ទីក្រុង​មូ​ស្គូ​ចាប់តាំងពី​ខែ​មុន ។​

​ប៉ូលីស​មាន​វត្ត​មាននៅ​ខាងក្រៅ​ពន្ធនាគារ​នៅពេល​មានការ​ដោះលែង​គាត់ ប៉ុន្តែ​មិនបាន​ចាត់វិធានការ​ណាមួយ​ដើម្បី​ចាប់ខ្លួន​គាត់​សាជាថ្មី​ដូចដែល​ពួកគេ​ធ្វើ​នៅពេលដែល​ឥស្សរជន​ប្រឆាំង​ផ្សេងទៀត​ត្រូវបាន​ដោះលែង​នោះទេ ។​

​លោក Navalny បាន​ចេញពី​ពន្ធនាគារ​ដោយ​ស្នាមញញឹម​ជាមួយនឹង​សម្លៀកបំពាក់​អាវយឺត ខោ​កីឡា និង​ស្ពាយ​កាបូប​នៅលើ​ស្មា​របស់គាត់ ។​មេដឹកនាំ​ប្រឆាំង និង​អ្នកធ្វើ​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​បាន​ថ្កោលទោស​ភ្លាមៗ​ចំពោះ “​សកម្មភាព​ភេរវកម្ម​” ដោយ​អាជ្ញាធរ​រុស្ស៊ី​ក្នុងការ​បញ្ឈប់​ការតវ៉ា​នៅ​ទីក្រុង​មូ​ស្គូ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ។​លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា “​ចលនា​នេះ​នឹង​បន្ត​កើនឡើង ហើយ​របប​នេះ​នឹងមាន​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​អ្វីដែល​ខ្លួន​បានធ្វើ​” ។​

​លោក Navalny ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង​មូ​ស្គូ​កាលពី​ថ្ងៃទី ២៤ ខែកក្កដា នៅពេលដែល​គាត់​បាន​ចាក​ចេញពីផ្ទះ​របស់គាត់​ដើម្បី​រត់​ហាត់ប្រាណ និង​ទិញ​ផ្កា​សម្រាប់​ថ្ងៃកំណើត​របស់​ប្រពន្ធ​គាត់ ។​ចលនា​នេះ​បាន​កើតឡើង​នៅពេលដែល​អាជ្ញាធរ​បាន​ព្យាយាម​បង្ក្រាប​រលក​បាតុកម្ម​ថ្មី​ប្រឆាំងនឹង​ការបដិសេធ​នូវ​តួលេខ​របស់​ក្រុមប្រឆាំង​ជាច្រើន​រួមទាំង​សម្ព័ន្ធមិត្ត​របស់លោក Navalny ពី​ការស្ទង់មតិ​ក្នុងស្រុក​នៅ​ទីក្រុង​មូ​ស្គូ​កាលពី​ថ្ងៃទី ៨ ខែកញ្ញា ។​

​លោក Navalny អាយុ ៤៣ ឆ្នាំ​ជា​មេធាវី​ដែលមាន​ការអប់រំ​ពី​សកល​វិទ្យាល័យ Yale ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣០ ថ្ងៃ​ពីបទ​រំលោភច្បាប់​ស្តីពី​ការរៀបចំ​បាតុកម្ម ។​ក្នុងអំឡុងពេល​ជាប់ឃុំ​ឃាំង​គាត់​ក៏ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផងដែរ​ចំពោះ​អ្វីដែល​វេជ្ជបណ្ឌិត​ហៅថា “​ប្រតិកម្ម​អា​ឡែ​ស៊ី​ធ្ងន់ធ្ងរ​” ខណៈពេលដែល​លោក Navalny បាន​និយាយថា គាត់​ប្រហែលជា “​ពុល​” ។​

​បាតុកម្ម​ហាមឃាត់​ជាច្រើន​ដើម្បី​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​នៅ​ទីក្រុង​មូ​ស្គូ​បាន​នាំ​ឲ្យ​មានការ​ចាប់ខ្លួន​មនុស្ស​រាប់ពាន់នាក់​នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​នៅក្នុង​ការតវ៉ា​ប្រឆាំង​ធំ​បំផុត​មួយចំនួន​ចាប់តាំងពី​ការវិលត្រឡប់​របស់លោក Putin ទៅកាន់​វិមាន​ក្រឹម​ឡាំង​កាលពី​ឆ្នាំ ២០១២ ។​

​សូមបញ្ជាក់​ផងដែរ​ថា មេដឹកនាំ​ក្រុមប្រឆាំង​នៅ​ទីក្រុង​មូ​ស្គូ​ភាគច្រើន​កំពុង​ជាប់ពន្ធនាគារ ខណៈដែល​មូលនិធិ​ប្រឆាំង​អំពើពុករលួយ​របស់លោក Navalny ត្រូវបាន​អាជ្ញាធរ​ដាក់​គោលដៅ ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130