ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រុមហ៊ុន​ឧកញ៉ា ឃុន សៀ រង​ការ​ចោទថា ធ្វើ​របង​ព័ទ្ធ​យក​ដី​របស់​ពលរដ្ឋ ខណៈ​មិនទាន់​ទទួលបាន​ដំណោះស្រាយ

​កណ្តាល ៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ចំនួន​៥​គ្រួសារ បាន​ចោទប្រកាន់​ក្រុមហ៊ុន​លោក​ឧកញ៉ា ឃុន សៀ ថា​បានធ្វើ​របង​ដែក​ស័ង្កសី​ព័ទ្ធ​យក​ដី​កម្ម​សិទ្ធ​របស់​ពួកគាត់ ខណៈ​មិនទាន់​ទទួលបាន​ដោះស្រាយ​នៅឡើយ​។ –

​ប្រជា​ពលរ​ដ្ធ​ទាំង​៥​គ្រួសារ​នោះបាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ដី​ដែល​ក្រុមហ៊ុន លោក​ឧកញ៉ា ឃុន សៀ ធ្វើ​របង​ព័ន្ធ​យក​នេះ​ក្នុង​មួយ​ឡូត៍​ទំហំ​ស្នើរ​គ្នា​ទាំងអស់​គឺ ក្បាលដី​១១​ម៉ែត្រ បណ្តោយ​ជិត​៣០០​ម៉ែត្រ​(​ដល់​ច្រាំង​មាត់ទន្លេ​មេគង្គ​) ។ ពួកគាត់​បញ្ជាក់ថា ដី​នោះ​គឺ​ក្តីសង្ឃឹម​សម្រាប់​ក្រុមគ្រួសារ​របស់​ពួកគាត់​ទៅលើ​ការដាំដុះ​បង្កបង្កើន​ផលដំណាំ​ដូចជា ចេក ល្ហុង និង​ស្លឹកគ្រៃ​។ ល ។ មាន​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ​។ និង​បាន​ជួយ​ផ្គត់ផ្គង់​អោយ​កូនចៅ​បាន​រៀនសូត្រ​ផងដែរ ។

​ប៉ុន្តែ​ស្របពេល​ដី​តំបន់​នោះ​មាន​ហាងឆេង ក៏មាន​ឈ្មួញកណ្តាល​២-៣​នាក់​បានមក​សួរនាំ​សុំ​ចែក​ទិញ​ដី​របស់​ពួកគាត់ ។​ដោយ​ដំបូង​ឡើយ​មិនទាន់​ឈូសឆាយ​គឺ​ក្រុមហ៊ុន​អោយ​ឈ្មួញកណ្តាល​មក​ទិញ​ពី​ពួកគាត់​ក្នុងតម្លៃ​៣០០០០​ដុល្លារ (​បី​ម៉ឺន​ដុល្លារ​) តែ​ពួកគាត់​មិន​លក់ ព្រោះ​បើ​លក់​ដី​នោះ​វា​ដូចជា​វាយ​បំបែក​ឆ្នាំងបាយ​ពួកគាត់​ដូច្នេះ​ដែរ ។​

​ក្រោយមកទៀត​ក្រុម​ឈ្មួញ​ហ៊ាន​ឲ្យ​៥០០០០​ដុល្លារ (​ប្រាំ​ម៉ឺន​ដុល្លារ​) ក៏​ពួកគាត់​នៅតែ​មិន​ព្រម​លក់ ព្រោះ​នៅតែ​ស្តាយ​ដី​សម្រាប់​បង្កបង្កើនផល​ដោះស្រាយ​ជីវភាព ។ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច​ក៏​ស្រាប់តែ​ក្រុមហ៊ុន លោក​ឧកញ៉ា ឃុន សៀ បាន​ប្រើប្រាស់​គ្រឿងចក្រ ទៅ​ឈូសឆាយ​បំផ្លិចបំផ្លាញ​ផលដំណាំ​ពួកគាត់​ខ្ទេច​អស់ រួចហើយ​ហៅ​ពួកគាត់​ទៅ​ចរចារ​អោយ​តម្លៃ​មួយ​ឡូត៍​ត្រឹមតែ​២៥០០០​ដុល្លារ (​ពីរម៉ឺន​ប្រាំ​ពាន់​ដុល្លារ​) វិញ​តែ​ពួកគាត់​មិន​ព្រម​លក់ បែរជា​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា ឃុន សៀ នេះ ប្រើ​កម្មករ​ធ្វើ​របង​ដែក​ស័ង្កសី​ព័ទ្ធ​យក​ដី​ពួកគាត់​តែម្តង និង​ថែមទាំង​ដាក់​កងកម្លាំងប្រដាប់អាវុធ​មាន​ប៉ូលិស ប៉េអឹម​ជាច្រើន​នាក់ ឈ​រារាំង​គំរាម​ចាប់ចង​មិនអោយ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ចូល​ទៅបាន​នោះឡើយ ។

​តាម​ប្រជាពលរដ្ឋ​បញ្ជាក់ថា ក្រោយមក​តំណាង​ក្រុមហ៊ុន​ក៏បាន​ហៅ​ពួកគាត់​ទៅ​សាលាឃុំ​ចរចារ​អោយ​ពួកគាត់​មួយ​ឡូត៍​តម្លៃ​៣២០០០​ដុល្លារ (​បី​ម៉ឺន​ពីរពាន់​ដុល្លារ ) តែ​ពួកគាត់​ក៍​នៅតែ​មិន​ទទួលយក​ទៀត​។ ពលរដ្ឋ​បន្តទៀតថា​ដី​របស់​ពួកគាត់​នេះ​គឺ​សុទ្ធតែ​ដី​ស្អាតស្អំ​មានកម្ម​សិទ្ធ​ពិតប្រាកដ ។ ចំណែក ឈ្មួញកណ្តាល​បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ ចុះមក​ទិញ​ដី​នេះ​មួយចំនួន គឺ​ទិញ​តែ​ពី អ្នក​ដែល​មក​ជួល​ដី​គេ​ធ្វើ​ចំការ​បណ្តោះអាសន្ន​តែ ប៉ុណ្ណោះ​ដោយ​ឲ្យ​ក្នុង​តម្លៃថោកៗ​មួយ​ឡូត៍​២០០០០​ដុល្លារ ទៅ​៣០០០០​ដុល្លារ ហើយ​ពួកគេ​ចេះតែ​លក់​ទៅ ព្រោះ​មិនមែនជា​ដី​របស់គេ ។ ប៉ុន្តែ​ការពិត​ភាគច្រើន​ម្ចាស់​ដី​ពិតប្រាកដ ខ្លះ​នៅ​ភ្នំពេញ​និង​ខ្លះទៀត​នៅ​ខាងក្រៅ​ប្រទេស​មិនបាន​ដឹង​នោះទេ ។

​ប្រជាពលរដ្ឋ​អះអាងថា ម្ចាស់​ដី​ពិតប្រាកដ​ចំនួន​១៥​គ្រួសារ ដោយនៅ​ភូមិ​អរិយ​ក្សត្រ​១០​គ្រួសារ​និង​នៅ​ភូមិ​ខ្សាច់​នេះ ៥​គ្រួសារ​ទៀត ។ ទន្ទឹម​នោះ​ពួកគាត់​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ក្រុមហ៊ុន​លោក​ឧកញ៉ា ឃុន សៀ នេះ​ទៅដល់​សាលា​ខេត្តកណ្តាល​ហើយ ។ ដូច្នេះ​ពួកគាត់​សំណូមពរ​ដល់​អាជ្ញាធរខេត្ត ជាពិសេស​សម្តេច​តេ​ជោ​ហ៊ុន សែន មេត្តាជួយ​ពួកគាត់​ផង បើសិនជា​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ​តំបន់​នេះ​មិនអាច​ខកខាន​បាន​មែន​នោះ ក៍​គួរតែ​អោយ​តម្លៃ​ពួកគាត់​ទៅតាម​ទីផ្សារ​ហាងឆេង​ដី​បច្ចុប្បន្នកំពុង​តែមាន​ស​ន្ទុះ ។

​ពលរដ្ឋ​ក៏បាន​បង្ហាញ​បំណង​ពិត​ប្រាកដថា ពួកគាត់​មិន​ចង់ល​ក់ដី​នេះ​ទេ ដោយ​ចង់​រក្សាទុក​សម្រាប់​បង្ក​បង្កើន​ផល​ចិញ្ចឹមជីវិត​បន្ត​កូនចៅ​ទៀត ព្រោះ​ដី​នេះ​ជា​ឆ្នាំងបាយ​របស់​ពួកគាត់ ។

​លោក ភឹម ភា​រ៉ា អភិបាលស្រុក​ល្វាឯម បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ដី​នេះ​គឺជា​ដី​រដ្ឋ ហើយ ក្រុមហ៊ុន​គេ​មាន​(​ស ជ ណ​)​ជួល​ពី​រាជរដ្ធាភិបាល ។ លោក​បញ្ជាក់ថា ចំពោះ​ផលប៉ះពាល់ ក្រុម​គណៈកម្មការ​ថ្នាក់​ខេត្ត ក្រសួង​បាន​ចូលរួម​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ហើយ នៅសល់តែ​៣​ទៅ​៤​គ្រួសារ​ទៀត​ទេ ដែល​គាត់​តវ៉ា​ទារ​ថ្លៃ​លើស​កំណត់ តែ​ឥឡូវ​ឃុំ​ដោះស្រាយ​មិន​ចប់ ស្រុក​បាន​ពិនិត្យ​តាម​សំណើរ​របស់​ឃុំ​ដាក់​មក ជូនទៅ​គណៈកម្មការ​ខេត្ត​ដោះស្រាយ​បន្ត​។​

​ពាក់ព័ន្ធ​ចំណុច​ដី​ខាងលើនេះ តាម​ប្រវត្តិ​ជា​ដី​របស់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​បង្កបង្កើន​ផល​ជាង​២០​ឆ្នាំ​មកហើយ ប្រាកដ​មែន ខណដែល​អាជ្ញាធរ​មិនបាន​ចុះ​ពិនិត្យ​ជាក់ស្តែង​នោះទេ ហើយ​ថែមទាំង​ចេញ ស​.​ជ​.​ណ ទាំង​បំពាន​ថែមទៀត ។​

​គេ​គួរតែ​រម្លឹក​ដល់​ប្រសាសន៍​សម្តេចនាយក​រដ្ឋមន្ត្រី​ដែល​បាន​ព្រមាន​បន្តបន្ទាប់ ចំពោះ​ក្រុមហ៊ុន​ឬ​បុគ្គល​ដែល​សំអាង​លើ ស​.​ជ​.​ណ ហើយ​រំលោភ​យក​ដី​ពលរដ្ឋ​ទាំង​បំពាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ទឹកភ្នែក ដែលជា​កត្តា​ជៈ​ឥទ្ធិពល​ដល់​ប្រជាប្រិយភាព​រាជរដ្ឋាភិបាល ។​

​ប៉ុន្តែ​កត់សម្គាល់ថា កន្លងទៅ​មាន​ប្រជាពលរដ្ឋ​មិនតិច​ពាន់​គ្រួសារ​ឡើយ ដែល​រងគ្រោះ​ដោយសារតែ ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល ខណដែល​មន្ត្រី​ថ្នាក់លើ រួមទាំង​អាជ្ញាធរ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ពុករលួយ​ចេញ ស​.​ជ​.​ណ ដើម្បី​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ស្លូតត្រង់ ៕

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130