ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាវុធហត្ថ​ខេត្ត​ប្រគល់​រថយន្ត​ឲ្យ​ជនជាតិ​ថៃ​វិញ ក្រោយពី​ចោរលួច​មក​លាក់​ក្នុង​ទឹកដី​កម្ពុជា

​ខេត្តបន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១១ កញ្ញា ឆ្នាំ​២០១៩ សមត្ថកិច្ច​កម្ពុជា បានប្រគល់​រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ទៅ​ឲ្យ​ម្ចាស់​ដើម ជា​ជនជាតិ​ថៃ​វិញ ក្រោយពី​ក្រុមចោរ​បាន​លួច​មក​លាក់ទុក​ក្នង​ទឹកដី​កម្ពុជា កាល​ពីស​ម្តា​ហ៍​មុន ប៉ុន្តែ​មិនអាច​រកមុខ​ចោរ​ឃើញ​ឡើយ​។​

​យោងតាម​បណ្តឹង​ជនរងគ្រោះ​ជា​ជនជាតិ​ថៃ ដែល​បាន​ប្តឹង​សមត្ថកិច្ច​កម្ពុជា ឲ្យ​ជួយ​រក​រថយន្ត​ម៉ាក តូ​យូ​តា អាល់​ហ្វា​ដ (TOYOTA ALPHARD) សេរី​ថ្មី​មួយគ្រឿង មាន​បំពាក់​ប្រព័ន្ធ GPS បាន​ឲ្យ​ដឹងថា រថយន្ត​នេះ​ស្ថិតនៅក្នុង​ទឹកដី​កម្ពុជា កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ រកឃើញ​លាក់ទុក​ក្នុងព្រៃ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិតក្នុង​ភូមិ​ក្ដិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​ម្ចាស់​រថយន្ត​ជា​ជនជាតិ​ថៃ​ឈ្មោះ ជី​រ៉ា​វ៉ា​ត់ លើ​ត​កា​ស៊ីត ភេទ​ប្រុស បាន​បាត់​រថយន្ត​០១​គ្រឿង​ម៉ាក តូ​យូ​តា អាល់​ហ្វា​ដ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក្រុង​ថេប​មហាណាក​ន ស​-៥០៨៤ ដែល​បើតាម​ការ​ឆែក GPS របស់​ម្ចាស់​រថយន្ត​បានឱ្យដឹងថា រថយន្ត​នេះ​ពិតជា​ស្ថិតនៅក្នុង​ទឹកដី​កម្ពុជា ទើប​ដាក់​ពាក្យបណ្ដឹង​តាមរយៈ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។​

​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​តាមរយៈ​ការិយាល័យ​ទំនាក់ទំនង​រួចមក លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានដាក់​បទបញ្ជា​ឲ្យ​គ្រប់​បណ្ដា​បញ្ជាការ​មូលដ្ឋាន​ក្រុង​-​ស្រុក ដែល​នៅជាប់​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​ស្រាវជ្រាវ​រុករក​រថយន្ត ដែលមាន​ភិនភាគ​ខាងលើ​។​

​សូម​រំឭកថា ដោយមាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង​នោះ ទើប​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ សហការ​ជាមួយ​កម្លាំង​ស្នាក់ការ​សន្តិសុខ​៩៩៩ ដែល​ឈរជើង​នៅ​ច្រកព្រំដែន​បឹង​ត្រ​គួ​ន ដឹក​ដោយ​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ បានធ្វើ​ប្រតិបត្តិ​ការស្រាវជ្រាវ​រុករក​រហូត​រកឃើញរ​ថយ​ន្ត​០១​គ្រឿង​នេះ នៅ​ចំណុច​ក្នុងព្រៃ ស្ថិតក្នុង​ភូមិ​ក្ដិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង​២០ និង​៣០​នាទី ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់​ឲ្យ​ដឹងថា ក្រោយពី​រកឃើញ​រថយន្ត​នេះ ដែល​ជាប់​សោរ ទើប​លោក​រាយការណ៍​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ ដើម្បី​យក​រថយន្ត​មក​ស្ទូច​ដឹក​យកទៅ​រក្សាទុក​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​រក្សាទុក​បណ្ដោះអាសន្ន​។​សមត្ថកិច្ច​នៃ​ប្រទេស​ទាំងពីរ មិនដឹង​ចោរ​ថៃ ឬ​ជា​ចោរ​ខាង​ណា​ជា​អ្នក​លួច និង​សមត្ថកិច្ច​ព្រំដែន​ណា​បើកភ្លើង​ខៀវ ទើបបានជា​រថយន្ត​មួយគ្រឿង​សេរី​ទំនើប អាច​ឆ្លង​ព្រំដែន​ចូល​កម្ពុជា​បាន ទោះបី​មានការ​យាម​ការ​យ៉ាង​តឹងរឹង​ពី​សមត្ថកិច្ច​នៃ​ប្រទេស​ទាំងពីរ​ក៏ដោយ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130