ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថ្ងៃនេះ ថ្ងៃ​កាន់បិណ្ឌ​ទី​១ សូម​ស្វែងយល់​ពី​ប្រវត្តិ​ខ្លះ​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

​បុណ្យកាន់បិណ្ឌ ជា​ពិធី​ដែល​គេ​ត្រូវ​ចាប់​ធ្វើឡើង​តាំងពី​ថ្ងៃ ១ រោច ខែភទ្របទ ដើម្បី​ឧទ្ទិស​ផល្លា​និ​សង្ឃ​ដល់​ជន​ដែល​ធ្វើ​មរណកាល​ទៅកាន់​បរលោក​។ ពិធី​នោះ​ត្រូវធ្វើ​អស់កាល​កន្លះ​ខែ​គត់ ។​នៅ​ខែភទ្របទ មេឃ​មាន​អាកាស​អួរ​អាប់​ដោយ​ពពក​ទឹក ចំនែក​ខាង​រនោច ព្រះ​ចន្ទ​ដែល​បញ្ចេញ​រស្មី​នៅវេលា​យប់ ក៏​កាន់តែ​ហោចទៅ ៗ ធ្វើ​ឲ្យ​វេលាយប់​កាន់តែ​ងងឹត​បន្តិច​ម្ដងៗ​។​

​នៅពេលនោះ​ហើយ ដែល​យមរាជ (​ស្ដេច​មច្ចុរាជ​) ដោះលែង​ពួក​សត្វ​នរក​ទាំងឡាយ ក្នុង​១​ឆ្នាំ​ម្ដង ដើម្បី​ឲ្យ​ឡើង​ទៅរក​បងប្អូន កូនចៅ ដើម្បី​នឹង​ទទួល​កុសលផល​បុណ្យ ដែល​គេ​ធ្វើ​ឧទ្ទិស​ឲ្យ​។ ដោយ​សត្វ​នរក​ជា​អ្នកខ្លាច​ពន្លឺ ទើប​អ្នកស្រុក​និយម​ធ្វើបុណ្យ​ឲ្យ​អ្នក​ទាំងនោះ​នៅ​ខែងងឹត​។ អ្នកខ្លះ​និយាយថា តែ​ដល់​រដូវ​ហើយ សត្វ​នរក​ដែល​គេ​ដោះលែង​មក ខំ​ដើររក​បងប្អូន​កូនចៅ​គ្រប់ ៧ វត្ត បើ​មិនឃើញ​អ្នកណា​ធ្វើបុណ្យ​ឧទ្ទិស​បញ្ជូន​ឲ្យ​ទេ នោះ​នឹង​កើតក្ដី​ស្រេកឃ្លាន ហើយនឹង​ប្រទេចផ្ដាសា​ដល់​ញាតិមិត្ត​មិន​លែង​ឡើយ​។ ការដែល​គេ​ធ្វើបុណ្យ​ក្នុង​កន្លះ​ខែ​ក្នុង​ខែភទ្របទ​នោះ គេ​ហៅថា “ កាន់បិណ្ឌ​” ។ ពាក្យ​ថា​បិណ្ឌ មកពី​ពាក្យ​បាលី​ថា “ បិណ្ឌៈ​” មានន័យថា “ ដុំ​បាយ​” ។​

​ក្នុង​សិលា​ច​រឹក​របស់​ព្រះបាទ​យ​សោ​វរ្ម័ន ដែល​ទ្រង់​សោយរាជ​សម្បត្តិ​ក្នុង​រវាង គ​.​ស​. ៨៨៩ ដល់ ៩១០ យើង​ដឹងថា នៅក្នុង​អាវាស​ជាច្រើន​ដែល​ព្រះអង្គ​ទ្រង់​បាន​កសាង គេ​តែង​ធ្វើ​ពិធី​បូជា​បាយបិណ្ឌ ចំពោះ​វិញ្ញាណ​ក្ខ័​ន្ធ​អ្នកស្លាប់​ក្នុង​ចំបាំងរាំងជល់ និង ចំពោះ​ខ្មោច​ដែល​គ្មាន​បងប្អូន​ជាទី​ពឹង​ទាំងឡាយ​ជា​រៀងរាល់ខែ ។​
​សម័យ​សព្វថ្ងៃ​បុ​ណ្ឌ​ជា​ដុំ​បាយដំណើប ដែល​គេ​ចំអិន​ដោយ​ខ្ទិះដូង ហើយ​លាយ ឬ បុក​ជាមួយ​គ្រឿងផ្សំ​ឯទៀត តាម​ទម្លាប់​ស្រុក​។ គេ​រៀប​បាយបិណ្ឌ នៅ​ជុំវិញ​បាយបត្តបូរ បាយបត្តបូរ ក៏​ធ្វើ​ដូចជា​បាយបិណ្ឌ​ដែរ គ្រាន់តែ​ពូត ជា​ពំនូត​ធំ ៗ មាន​កំពូល​ស្រួច​ហើយ​គ្រប​ដោយ​សាជី​ស្លឹកចេក និង មាន​ដោត​ទៀត​ធូប​ភ្ញីផ្កា​ជា​លំអ​ផង​។​

​តាម​ទម្លាប់​នៅ​ថ្ង​ស​កាន់បិណ្ឌ​ទី​១ គេ​ដាក់​បាយបិណ្ឌ​តែ​១​ពំនូត​ទេ ហើយ​គេ​ចេះតែ​ថែម​១​ថ្ងៃ​១​ដុំ​លុះត្រាតែ​គ្រប់​១៥​ដុំ​។ ប៉ុន្តែ​មានស្រុក​ខ្លះ មាន​ទំនៀម​ធ្វើ​ប្លែក​ពីនេះ ភូមិ​ខ្លះ គេ​ធ្វើ​បាយ​ធ្វើ​បាយបិណ្ឌ​តែ ៥ ទេ ដេ​ល​គេ​ទុកជា​និមិត្តរូប​ព្រះពុទ្ធ​ទាំង​៥ ព្រះអង្គ​ប្រចាំ​កប្ប​យើង​នេះ​។ នៅ​ភូមិ​ខ្លះទៀត​, ជុំវិញ​ជើង​បាយបត្តបូរ មាន​ដាក​បាយ​កន្ទោង​៨​ផង ហើយ​កន្ទោង​និ​មួយៗ មាន​តាំងពី​បាយ​១​ដុំ​ដល់​១៥​ដុំ​។ កន្ទោង​បាយ​ទាំង​៨​នោះ គេ​ទុក​បម្រុង​យកទៅដាក់​ជុំវិញ ព្រះវិហារ​គ្រប់​ទិស​ទាំង​ប្រាំបី​។​
​តាម​ទម្លាប់ ជាធម្មតា គេ​ត្រូវ​ទុក​បាយបត្តបូរ​នៅ​ទីវ​ត្ត​, ឯ​បាយបិណ្ឌ គេ​ត្រូវ​នាំយក​ទៅផ្ទះ​ដើម្បី​នឹង​ប្រើការ​នៅពេលដែល​គេ​បញ្ចប់​បុណ្យ​នេះ​។ ក្រៅពី​បាយបិណ្ឌ និង​បាយបត្តបូរ​គេ​មាន​ធ្វើ​ផ្កាបិណ្ឌ​ដែលមាន​បាច់ផ្កា ១ រាង​ដូច​សាជី​ជ្រុង ថែមទៀត​។ ផ្កាបិណ្ឌ​មាន​ឆ្អឹង កណ្ដាល​ធ្វើ​អំពី​ឫស្សី កំពស់​ប្រហែលជា ១​ម​. មាន​ស៊ក​កង់​ឈើមូល ៗ ជា​ថ្នាក់​រាង​ធំ​ក្រោម រៀវ​តូច​ទៅលើ​។ នៅ​កន្លែង​កង់​ជា​ថ្នាក់ៗ នោះ​មាន​ដោត​ផ្កាញ័រ ធ្វើ​ដោយ​ស្ពាន់ក្រាប​នឹង​ក្រដាស​គ្រប់​ពណ៌ ដោយនៅ​ចុង​ទង់ ធ្វើ​ដោយ​ខ្សែលួស តែ​កាលណា​មាន​ខ្យល់​បក់​មក សូម្បី​តិច​យ៉ាងណា ក៏​អាចធ្វើ​ផ្កា​ទាំងនោះ ឲ្យ​រញ្ជួយ​ញ័រ ៗ ដែរ នៅ​កំពូល​ស៊ុម ផ្កា​នោះ​មាន​រូប​ហ្ស​តូច​មួយ​ធ្វើ​ដោយ​ឈើ នៅលើ​ខ្នង​ហង្ស​មាន​ដោយ​ទៀន​១​ផង​។ នៅ​វត្ត​ខ្លះ​ពួក​ទាយក ទាយិកា នាំគ្នា​ផ្លាស់​ទៀន​នេះ រាល់​យប់​។ គេ​ធ្វើ​ផ្កាបិណ្ឌ ដើម្បី​ឧទ្ទិស​បូជា​ដល់​ប្រះ​ចូឡាមណី​ចេតិយ នៅឯ​ឋាន​ត្រៃ​ត្រឹ​ង្ស ដែល​ជាទី​តម្កល់​ព្រះកេសា​នៃ​ព្រះ​បរម​សាស្ដា ដែល​ទ្រង់​បាន​កាត់​នៅពេលដែល​ទ្រង់​ចេញ​សាង​ព្រះ​ផ្នួស ។​

​ចាប់តាំងពី​ថ្ងៃ​ពេញ​បូរ​មី ខែភទ្របទ​មក ទាយក ទាយិកា នាំគ្នា​ទៅ​ប្រជុំ​នៅ​ទី​សាលា​វត្ត ដែល​គេ​វាន​ចាត់ចែង រៀបចំ​លំអរ ជាស្រេច​សម្រាប់​បុណ្យ ដើម្បី​ស្ដាប់​ព្រះសង្ឃ​សូត្រមន្ត និង សំដែង​ធម្មទេសនា ។ លុះ​ចប់​ធម៌​ទេសនា ហើយ​គេ​នាំគ្នា​ត្រឡប់​ទៅកាន់​ទីលំនៅ​រៀង ៗ ខ្លួន​ដល់​ថ្ងៃ​បន្ទាប់មក ទើប​នាំគ្នា​ក្រោក​ពី​យប់​ទីប្រជុំ​នៅឯ​ទី​វត្ត​ទៀត ។​អ្នកណា​ទៅដល់​វត្ត​មុនគេ អ្នកនោះ ទូងស្គរ​ជាស​ញ្ញា ដល់​អ្នក​ជើងវត្ត​ឯទៀត ។​

​ពេលឮ​សញ្ញា​ស្គរ​វត្ត​ហើយ គេ​ប្រញាប់ប្រញាល់​នាំ​បាយបិណ្ឌ បាយបត្តបូរ និង ម្ហូបចំណី​ផ្សេង ៗ ទៅកាន់​វត្ត​យ៉ាង​រួសរាន់ ។ ដល់​ហើយ​នាំគ្នា​ដើរ​ទក្ខិណាព័ត៌​ព្រះវិហារ ៣ ជុំ រួច​ទើប​នាំគ្នា​ចូលទៅ​ស្ដាប់​ព្រះសង្ឃ​ស្វាធ្យាយ​ធម៌ ។ ធម៌​ដែល​ព្រះសង្ឃ​សូត្រ​នៅពេលនោះ​មាន ២ យ៉ាង​, ធម៌​មួយ​យ៉ាង សម្រាប់​ឧទ្ទិស​គ្រៀង​សំណែន​ដល់​ខ្មោច ធម៌​មួយទៀត សម្រាប់​តឿន​ព្រះអាទិត្យ​ឲ្យ​រះ​ឆាប់​ឡើង ។​ព្រលឹម​ឡើង អ្នក​វេន​រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ស្រស់ស្រូប​ហើយ ទើប​នាំគ្នា​ត្រឡប់ទៅផ្ទះ​វិញ យក​ទាំង​បាយបិណ្ឌ​ទៅ​ផង​។ ដល់​ថ្ងៃ​ជិត​ត្រង់ ទើប​នាំគ្នា​យក​ចង្ហាន់ ទៅ​ប្រគេន​ព្រះសង្ឃ​ឆាន់​ត្រង់​ម្ដងទៀត ។ គេ​ធ្វើ​ដូច្នេះ​រហូតដល់​គ្រប់ ១៥ ថ្ងៃ ។ ថ្ងៃទី ១៥ នេះហើយ​ដែលជា​ថ្ងៃ​សំខាន់​ជាងគេ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130