ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រុម​អ្នក​ជួយសង្គ្រោះ​បន្ត​តាមរក​អ្នក​បាត់​ខ្លួន​៣៩​នាក់ ក្រោយ​ទូក​មួយគ្រឿង​ក្រឡាប់​លិច​នៅ​ឥណ្ឌា​

​ឥណ្ឌា ៖ អាជ្ញាធរ​ឥណ្ឌា​កំពុងបើក​ប្រតិបត្តិ​ការស្វែងរក​និង​ជួយសង្គ្រោះ​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​ចន្ទ​ដើម្បី​ស្វែងរក​មនុស្ស​ចំនួន​៣៩​នាក់​ដែល​បាត់​ខ្លួន​បន្ទាប់ពី​ទូក​ទេសចរណ៍​របស់​ពួកគេ​បាន​ក្រឡាប់​លិច​នៅក្នុង​ទន្លេ​ដែល​ហូរ​យ៉ាង​លឿន​។​

​ប៉ូលិស​បាន​ប្រាប់ AFP ថា សាកសព​ចំនួន​៨​នាក់​ត្រូវបាន​រកឃើញ​បន្ទាប់ពី​ឧប្បត្តិហេតុ​នៅលើ​ដង​ទន្លេ Godavari ក្នុង​រដ្ឋ Andhra Pradesh ភាគខាងត្បូង​កាលពី​ថ្ងៃអាទិត្យ​។​មន្ត្រីប៉ូលិស​ក្នុង​តំបន់​លោក Adnan Asmi បាន​និយាយថា ទូក​នេះ​កំពុង​ដឹក​អ្នកដំណើរ​សរុប​៧៣​នាក់​ដែល​ក្នុងនោះ​មាន​២៦​នាក់​ត្រូវបាន​ជួយសង្គ្រោះ​។​

​បុគ្គលិក​ជិត​៣០០​នាក់​ដែល​ប្រើ​ទូក​និង​ឧទ្ធម្ភាគចក្រ​បាន​ចូលរួម​នៅក្នុង​ប្រតិបត្តិ​ការស្វែងរក​នៅ​ថ្ងៃ​ចន្ទ​រួមទាំង​កងទ័ពជើងទឹក​ឥណ្ឌា​និង​កងកម្លាំង​ឆ្លើយតប​គ្រោះមហន្តរាយ​ជាតិ​ផងដែរ​។​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រាយការណ៍​ថា​អ្នក​មុជទឹក​ពិសេស​មួយក្រុម​ដែល​បំពាក់​ជាមួយ​ឧបករណ៍​សូ​ណា​ត្រូវបាន​គេ​រំពឹងថា​នឹង​ទៅដល់​ទីតាំង​នៅពេល​ល្ងាច​ពីរ​ដ្ឋ Uttarakhand ភាគ​ខាងជើង​។​

​នាវា​នេះ​កំពុងធ្វើដំណើរ​ទៅកាន់​កន្លែង​កម្សាន្ត​ដ៏​ពេញនិយម​មួយ​នៅពេល​វា​លិច​។ របាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា ទឹកទន្លេ Godavari បាន​ឡើង​យ៉ាងខ្លាំង​អស់​រយៈពេល​មួយ​សប្តាហ៍​មកហើយ​។​

​របាយការណ៍​មួយ​នៅក្នុង​កាសែត Times of India បាន​ដកស្រង់​សម្តី​របស់​មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋ Andhra Pradesh ដែល​បាន​និយាយថា នាវា​នេះ​មិនមាន​អាជ្ញាប័ណ្ណ​ឬ​ការអនុញ្ញាត​ឲ្យ​ដឹក​ភ្ញៀវទេសចរ​ទេ​ខណៈដែល​ទឹកទន្លេ​ឡើង​ខ្លាំង​។​

​គួរ​បញ្ជាក់ថា ការត្រួតពិនិត្យ​សុវត្ថិភាព​អន់​ខ្សោយ​និង​ការដឹក​លើស​ចំណុះ​គឺជា​មូលហេតុ​ចម្បង​នៃ​សោកនាដកម្ម​លិច​ទូក​នៅក្នុង​ប្រទេស​ឥណ្ឌា​ជាពិសេស​ក្នុង​រដូវ​មូសុង​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130