ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ត្រី​កម្ពុជា​អះអាង​ពី​ជោគជ័យ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​លើក​ទី​១៥

សៀមរាប ៖ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា បាន​អះអាង ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​លើក​ទី​១៥ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​បាន​បិទ បញ្ចប់​កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩ នៅ​សៀមរាប​ទទួលបាន​ជោគជ័យ​គួ​ជាទី​មោទន ភាព​សម្រាប់​កម្ពុជា ។

​លោក នេត្រ ភក្ត្រា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ថា ប្រទេស​ជា​មា​ជិ​ក អាស៊ាន​ទាំង​១០​ប្រទេស បាន​គូសបញ្ជាក់​អំពី​កិច្ចសហការ​នៅក្នុង​តំបន់ ដែលជា​ផ្នែក​មួយ យ៉ាងសំខាន់ សម្រាប់​ជំរុញឱ្យមាន​ជោគជ័យ លើ​ការអនុវត្តន៍​នូវ​គោលនយោបាយ ក៏ដូចជា យុទ្ធសាស្ត្រ​ផ្សេងៗ ជាពិសេស​នៅក្នុង​ក្របខណ្ឌ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន គឺ​ចាំបាច់​ត្រូវមាន កិច្ចសហប្រតិបត្តិការ រវាង​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត​។

​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា ឯកសារ​ដែល​បានកំណត់​សំខាន់ៗ​ចំនួន​៣ ត្រូវបាន​អនុម័ត រួមមាន​៖
​ទី​១៖ ពាក់ព័ន្ធ​ទៅនឹង​សេចក្តីថ្លែងការណ៍ របស់​អាស៊ាន ទាក់ទង​ទៅនឹង​ការប្រែប្រួល​អាកាស ធាតុ ដែល​សេចក្តីថ្លែងការណ៍​នេះ ជាការ​បញ្ជា​ក់នូវ​គោលជំហរ​របស់​អាស៊ាន ក្នុងការ​ប្រយុទ្ធ ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ ហើយ​សេចក្តីថ្លែងការណ៍​នេះ​នឹង​លើក​ទៅក្នុង​កិច្ចប្រជុំ កំពូល​លើក​ទី​២៥ នៃ​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP25) ដែល​គ្រោង​នឹងធ្វើ​ឡើង នៅ​ចុងឆ្នាំ​២០១៩​។​
​ទី​២៖ ពាក់ព័ន្ធ​ទៅនឹង​សេចក្តីព្រាង​យុទ្ធសាស្ត្រ​បរិស្ថាន ដោយបាន​ឯកភាព និង​បាន​ជំរុញ ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​នានា គឺត្រូវធ្វើ​ការងារ​បន្ថែ​ម​ទៀត ដើម្បី​រៀបចំ​នូវ​យុទ្ធសាស្ត្រ ការងារ​នេះ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​
​ទី​៣៖ ការពិនិត្យ​ទៅលើ​សំណើ​របស់​ប្រទេស​ថៃ ប្រទេស​វៀតណាម និង​ប្រទេស​ភូមា ដែល ដាក់​ឧទ្យាន​របស់ខ្លួន ចូល​ទៅជា​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន ហើយ​មានការ​ឯកភាព ដើម្បី ដាក់​ប​ញ្ជូ​ល​ឧទ្យាន​ជាតិ​ចំនួន​៥ នៅក្នុង​ចំណោម​ឧទ្យាន​ចំនួន​៦ ដែល​បាន​ស្នើសុំ​ដោយ ក្នុងនោះ​មាន​ឧទ្យាន​ជាតិ​របស់​ប្រទេស​ថៃ ចំនួន​២, ទ​ទ្យា​ន​ជាតិ​របស់​វៀតណាម ចំនួន​២ និង​ឧទ្យាន​ជាតិ​របស់​ប្រទេស​ភូមា​ចំនួន​១​។​

​អ្នកនាំពាក្យ​រូបនោះ​បាន​ថ្លែង​បញ្ជាក់ទៀតថា នៅក្នុង​កិច្ចប្រជុំ​នោះដែរ​ក៏មាន​ការលើក ឡើង របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​លើ​ការបញ្ជាក់​អំពី​គោលជំហរ​ខ្លួន​ជុំវិញ​ការគ្រប់គ្រង​បរិស្ថាន ដោយ​ប្រទេស​ទាំង អស់​បានកំណត់​លើ​ការសហការ​គ្នា​ធ្វើការ​រួមគ្នា ដើម្បី​ធ្វើយ៉ាងណា​ឱ្យ អាស៊ាន​មាន​ភាព​បៃតង និង​ស្អាត ។ ទន្ទឹម​នោះ​ប្រទេស​ទាំងអស់ ក៏បាន​លើកឡើង​ពី បញ្ហា​អ័ព្ទ​ឆ្លងដែន និង​ការ បំពុល​ដោយ​ប្លា​ស្ទិ​ក ព្រមទាំង​ការបំពុល​ដោយ​សំណល់ ប្លា​ស្ទិ​ច​នៅ​សមុទ្រ និង​ការលើកឡើង របស់​ប្រទេស​ម៉ាឡេស៊ី ដោយ​ស្នើ​សុំឱ្យ​ប្រទេស ជា​សមាជិក​ទាំងអស់ សហការគ្នា​ទប់ស្កាត់​ការ នាំចូល​សំណល់​ប្លា​ស្ទិ​ក ពី​ប្រទេស​ខាងក្រៅ ចូលមកក្នុង​ប្រទេសរ​បស់​ខ្លួន​ផងដែរ​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០១៩ ដែល​ប្រទេស​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ ចាប់ពី​ថ្ងៃទី​៧-១០​ខែ តុលា ឆ្នាំ​២០១៩ នៅលើ​ទឹកដី នៃ​ខេត្តសៀមរាប​អង្គរ ដោយមាន​សមាសភាព​ចូលរួម​ពី​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ឧ​ត្ត​ម​មន្ត្រី និង​គណៈប្រតិភូ​ទាំង​១០​ប្រទេស អគ្គលេខាធិការ​អាស៊ាន រដ្ឋមន្ត្រី​បរិស្ថាន មកពី​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130