ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​រង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​២​គ្រាប់​

​អារ៉ាប៊ីសាអ៊ូឌីត ៖ ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​រាយការណ៍​ដោយ​ដកស្រង់​ប្រភពពី​ក្រុមហ៊ុន​ប្រេង​ជាតិ​អ៊ីរ៉ង់ (NIOC) ថា នាវា​ដឹក​ប្រេង​ដែល​គ្រប់គ្រង​ដោយ​អ៊ីរ៉ង់​មួយគ្រឿង​ត្រូវបាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​២​គ្រាប់​នៅ​ជិត​កំពង់ផែ Jeddah របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ថ្ងៃ​សុក្រ​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​បាន​ឲ្យ​ដឹងថា នាវា​ដឹក​ប្រេង​ត្រូវបាន​ឆាបឆេះ​និង​ទទួលរង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ហើយ​កំពុង​លេច​ធ្លាយ​ប្រេង​ឆៅ​នៅ​ចម្ងាយ​ប្រហែល​៩៦​គីឡូម៉ែត្រ​ពី​ទីក្រុង Jeddah ។​

​ការវាយប្រហារ​នេះ​គឺជា​ឧប្បត្តិហេតុ​ចុងក្រោយបង្អស់​ដែល​ពាក់ព័ន្ធ​នឹង​នាវា​ដឹក​ប្រេង​នៅក្នុង​សមុទ្រ​ក្រហម​និង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​ហើយ​ទំនងជា​បង្កើន​ភាព​តានតឹង​រវាង​អ៊ីរ៉ង់​និង​អារ៉ាប៊ីសាអ៊ូឌីត​។​

​កង​នាវាចរ​ទី​៥​របស់​កងទ័ពជើងទឹក​អាមេរិក​ដែល​ប្រតិបត្តិការ​នៅក្នុង​តំបន់​នេះ​បាន​និយាយថា ខ្លួន​បានដឹង​អំពី​របាយការណ៍​អំពី​នាវា​ដឹក​ប្រេង​នេះ​ប៉ុន្តែ​មិនមាន​ព័ត៌មាន​បន្ថែមទៀត​ទេ​នៅពេលនេះ​។​យ៉ាងណាក្តី មិនទាន់មាន​ការអត្ថាធិប្បាយ​ភ្លាមៗ​ណាមួយ​ពី​អារ៉ាប៊ីសាអ៊ូឌីត​នៅឡើយ​ទេ​។​

​ទីភ្នាក់ងារសារព័ត៌មាន ISNA របស់​អ៊ីរ៉ង់​បាន​ដកស្រង់​ប្រភព​មួយ​ដែល​និយាយថា នាវា​នេះ​ត្រូវបាន​វាយប្រហារ​ដោយ​ភេរវជន​។ ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​រាយការណ៍​ថា នាវា​ដឹក​ប្រេង​ចំនួន​២​គ្រឿង​របស់ខ្លួន​ត្រូវបាន​ខូចខាត​។​ភាព​តានតឹង​មាន​កម្រិត​ខ្ពស់​រួចទៅហើយ​នៅក្នុង​តំបន់​ដឹកជញ្ជូន​សមុទ្រ​ក្រហម​ដែល​ភ្ជាប់​មហាសមុទ្រ​ឥណ្ឌា​ជាមួយ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​តាមរយៈ​ព្រែកជីក​ស៊ុយ​អេ​។​

​រឿងនេះ​បានកើត​ឡើង​បន្ទាប់ពី​មានការ​វាយប្រហារ​លើ​រោងចក្រ​ប្រេង​សំខាន់​របស់​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ខែកញ្ញា​និង​ការវាយប្រហារ​ទៅលើ​នាវា​ដឹក​ប្រេង​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្សា​កាលពី​ខែឧសភា​និង​មិថុនា​ដែល​សហរដ្ឋអាមេរិក​បាន​ស្តីបន្ទោស​អ៊ីរ៉ង់​។​

​សេចក្តីថ្លែងការណ៍​រប​ស់ NIOC ដែល​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​បានកំណត់​អត្តសញ្ញាណ​នាវា​នោះ​ថា​មានឈ្មោះ Sabiti បន្ទាប់ពី​របាយការណ៍​ដំបូង​បាន​កំណត់ថា​វា​មានឈ្មោះ Sinopa៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130