ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ការបំភ្លឺ​របស់​ឧកញ៉ា ស្រី ច​ន្ធូ មិន​ច្បាស់លាស់​ពាក់ព័ន្ធ​សកម្មភាព​ដាំ​បង្គោល​ហ៊ុមព័ទ្ធ​រំលោភ​យក​ដីចំការ​រដ្ឋ​នៅ​ខេត្តមណ្ឌលគិរី​

​សូមជម្រាបថា កាលពីពេល​ថ្មីៗ​នេះ តុលាការខេត្ត​មណ្ឌលគិរី បាន​ឃាត់ខ្លួន​កម្មករ​របស់ ឧកញ៉ា ស្រី ច​ន្ធូ ចំនួន​៨​នាក់ ដើម្បី​យកមក​សួរនាំ ដោយ​សង្ស័យថា ពាក់ព័ន្ធ​នឹង​សកម្មភាព​ដាំ​បង្គោល​ថ្ម​ព័ទ្ធ​យក​ដីចំការ​របស់​រដ្ឋ ស្ថិតនៅ​ភូមិ​ពូ​រ៉ាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា ក៏​អះអាងថា លោក បាន​សហការ​ជាមួយ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ឃាត់ខ្លួន​កម្មករ​របស់​ឧកញ៉ា ស្រី ច​ន្ធូ ចំនួន​៨​នាក់ ពាក់ព័ន្ធ​ការធ្វើសកម្មភាព​ដាំ​បង្គោល​ថ្ម និង​ដាំ​ដើមឈើ​ព័ទ្ធ​យក​ដីចំការ​ស្រល់​របស់​រដ្ឋបាល​ព្រៃឈើ ស្ថិតនៅ​ភូមិ​ពូ​រ៉ាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ដ​មណ្ឌលគិរី​ប្រាកដ​មែន ដើម្បី​យកមក​សួរនាំ ។​

​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំខេត្ត​មណ្ឌលគិរី បាន​ខ្សឹប​ប្រាប់ថា ក្នុងចំណោម​មនុស្ស​ដែល​ឃាត់ខ្លួន​ទាំង​៨​នាក់​នោះ​មាន​ម្នាក់​ឈ្មោះ ជួង សុភា​រុណ ជា​មនុស្ស​ជំនិត​របស់​ឧកញ៉ា ស្រី ច​ន្ធូ​។​

​ទន្ទឹម​នោះ​អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក អ៊ាង ម៉េង​លី ដែល​អះអាងថា តាមដាន​ករណីនេះ ក៏បាន​ជំរុញ​ទៅ​មន្ត្រី​តុលាការ​ធ្វើការ​ស៊ើបអង្កេត​លើ​កម្ម​ករទាំង​៨​នាក់ និង​ឧកញ៉ា​ស្រី ច​ន្ធូ រួមទាំង​មន្ត្រី​របស់​រដ្ឋ​មួយចំនួនទៀត ដែល​ចេញ​លិខិតផ្ទេរកម្មសិទ្ធិ​ដីធ្លី​ឲ្យ​ឧកញ៉ា​រូបនោះ​កាលពី​ឆ្នាំ​២០១៨​ផងដែរ ។

​ប៉ុន្តែ​នៅថ្ងៃនេះ​ឧកញ៉ា ស្រី ច​ន្ធូ បានចេញ​លិខិត​បំភ្លឺ​មួយ ដើម្បី​បកស្រាយ​ជុំវិញ​ការ​ចោទ ប្រកាន់​ថា កម្មករ​របស់ខ្លួន​៨​នាក់ ត្រូវបាន​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ឃាត់ខ្លួន​ព្រោះ​សង្ស័យ បោះបង្គោល​រំលោភ​យក​ដីស្រែ​របស់​ប្រជាពលរដ្ឋ​។ ទន្ទឹម​នោះ​លិខិត​របស់​ឧកញ៉ា ស្រី ច​ន្ធូ ក៏​ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​ល្បីៗ យកមក​ចុះផ្សាយ​ថែមទៀត ។​

​លោក​ឧកញ៉ា ស្រី ច​ន្ធូ បានបញ្ជាក់​នៅក្នុង​លិខិត​នោះ​ថា «​ដី​ដែល​ខ្ញុំបាទ ស្រី ច​ន្ធូ បាន​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​អូ​រាំង ខេត្តមណ្ឌលគិរី ដែលមាន​ទំហំ សរុប​ប្រមាណ​ជា​៥២​ហិច​តា ដែល​ខ្ញុំបាទ​បាន​ទិញ​ជា​លក្ខណៈ​បុគ្គល​សម្រាប់ធ្វើ​ចំការ និង​កសិដ្ឋាន​ចិញ្ចឹម​គោ ចាប់តាំងពី​ឆ្នាំ​២០១៨​កន្លងមក ដោយបាន​ទិញ​ដី ប្រជាពលរដ្ឋ និង​មានការ​ទទួលស្គាល់​ដឹងលឺ ពី​អាជ្ញាធរ​ភូមិ​ឃុំ ស្រុក ដោយមាន​បង់ពន្ធ​ប្រថាប់ត្រា ស្របច្បាប់​ត្រឹមត្រូវ​»​។​

​លោក ស្រី ច​ន្ធូ ក៏បាន​បដិសេធ​ទាំងស្រុង​ចំពោះ​បុគ្គល​ដែល​បាន​ចោទថា លោក​បាន​រំលោភ ព័ទ្ធ​យក​ដី​ស្រល់​របស់​រដ្ឋ គឺជា​ករណី​បង្អួច​បង្កាច់​ក្នុង​ចេតនា​ញុះញង់ ទុច្ចរិត​តែប៉ុណ្ណោះ​។ ព្រោះ​ដោយហេតុថា​ជា​ដី​កាន់កាប់ និង​គ្រប់គ្រង​កម្ម​សិទ្ធ​ស្របច្បាប់ ទើប​លោក​បង្កើត​កសិដ្ឋាន ធ្វើ​របង​និង​ដាំ​ដុះ​ដំណាំ​ផ្សេងៗ​ជាដើម​។​

​ចំពោះ​មន្ត្រី​ជំនាញ​រួមទាំង​អ្នកសារព័ត៌មាន​បាន​ហៅ​ការបំភ្លឺ​របស់​ឧកញ៉ា ស្រី ច​ន្ធូ នោះ​មិនទាន់ ច្បាស់លាស់​នោះទេ ហើយ​អាច​ថា គ្រាន់តែ​ជា​ល្បិច​បិទបាំង​ការពិត​ឬក៏​បំភ័ន្ត​ភ្នែក​សាធារណជន ប៉ុណ្ណោះ ព្រោះថា បើ​ឧកញ៉ា ស្រី ច​ន្ធូ បាន​ទិញ​ដី​ទាំងអស់នោះ​ពី​ប្រជាពលរដ្ឋ​ពិតប្រាកដ ហើយ​ថែមទាំង មាន​អាជ្ញាធរ​ទទួលស្គាល់​មែន ចុះ​ហេតុ​អី​បានជា​មន្ត្រី​តុលាការ​មន្ត្រី​ជំនាញ​គ្រប់ផ្នែក រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត បដិសេធ ហើយ​អះអាងថា ឧកញ៉ា ស្រី ច​ន្ធូ បាន​រំលោភ​យក​ដីចំការ​រដ្ឋ​ប្រាកដ​ទៅវិញ ។​

​ឧកញ៉ា ស្រី ច​ន្ធូ ជា​អ្នកចាត់ការ​ទូទៅ​ក្រុមហ៊ុន 7NG​។ កាលពី​ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩ អ្នកជំនួញ​ដីធ្លី​រូបនេះ ក៏​ត្រូវបាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា ចោទប្រកាន់​ពីបទ «​ឆបោក​» ពាក់ព័ន្ធ​សំណុំរឿង​លក់​ដី​ខ្យល់​ទំហំ ១​ម៉ឺន​ម៉ែត្រការ៉េ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែ​កចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ផងដែរ ៕

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130