ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រគល់​ផ្ទះ​២០០​ខ្នង​ជូន​គ្រួសារ​អតីតយុទ្ធជន​ជំ​ហ៊ាន​ទី​ពី​រនៅ​ឃុំ​អណ្ដូង​ត្របែក​

​ស្វាយរៀង ៖ នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង កាលពី​ព្រឹក​មិញ​មាន​រៀបចំ​ពិធី​ចាប់ឆ្នោត ទទួល​លេខ​រៀង​ផ្ទះ​ជូន​គ្រួសារ​អតីតយុទ្ធជន​ជំហាន​ទី​ពីរ ស្ថិតនៅ​ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង ក្រោម​អធិបតីភាព​លោក ហែម ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត និង​លោក បេង ហុង​សុជាតិ​ខេ​ម​រ៉ូ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។​

​អញ្ជើញ​ចូលរួម​ក្នុង​ក្នុង​កិច្ចប្រជុំ​នេះ​មាន លោកនាយ​ទីចាត់ការ​នានា​លា​ខេត្ត លោកស្រី​នាយករង​រដ្ឋបាល​សាលាខេត្ត តំណាង​កងកម្លាំង​ទាំង​៣​ប្រភេទ លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត លោក​អភិបាលក្រុង​ស្រុក​ទាំង​៨ មន្ត្រីរាជការ​ពាក់ព័ន្ធ និង​បង​ប្អួ​ន​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​។​

លោក ហែម ពិសិដ្ឋ មានប្រសាសន៍ថា តាមរយៈ​សុខសន្តិភាព ប្រទេសជាតិ​មានការ​អភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់ គួរ​ជាទី​មោទកភាព ។ ទន្ទឹម​នោះ​រាជរដ្ឋាភិបាល​តែងតែ​យកចិត្ត​ទុក ដាក់​ចំពោះ​សុខទុក្ខ​ប្រជាជន​ទូទៅ ជាពិសេស​គ្រួសារ​អតីតយុទ្ធជន និង​និវត្តន៍​ជន​ដែលមាន​ជីវភាព​ក្រីក្រ ។ ជាក់ស្តែង រាជរដ្ឋាភិបាល បានរៀបចំ​កម្មវិធី​ចែក​ដី និង​ផ្ទះ ជូន​គ្រួសារ​អតីតយុទ្ធជន និង​និវត្តន៍​ជនក្រីក្រ​ក្នុង​ជំហាន​ទី​១ ចំនួន​ចំនូ​ន ២០០ ខ្នង​ផ្ទះ បាន​ដោយ​ជោគជ័យ ។

​លោក​បន្តថា យើង​បានធ្វើ​រួចហើយ​កាល​ជំហាន​ទី​១ ដោយសារ​មកពី​ការខិតខំ ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ពី​ក្រុមការងារ និង​រដ្ឋបាល​ខេត្តស្វាយរៀង​។ ហើយ​ក្នុង​ជំហាន​ទី​២​នេះ រាជរដ្ឋាភិបាល​នឹង​ចែក​ដី និង​ផ្ទះ ចំនួន ២០០ ខ្នង​បន្ថែមទៀត​ស្ថិតនៅ​ក្នុងភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាសហែក ជូន​គ្រួសារ​អតីតយុទ្ធជន និង​និវត្តន៍​ជនក្រីក្រ​ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​របស់​ពួកគាត់ ។
​លោក គឹម ពិសិដ្ឋ ប្រធាន​មន្ទីរ​រ​ផ​ប​ចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បាន​បញ្ជាក់ថា ក្នុង​ជំហាន​ទី​២ ការសាងសង់​ផ្ទះ ២០០​ខ្នង លើ​ផ្ទៃដី​ទំហំ​ជាង ៩៨​ហិកតា ស្ថិតនៅ​ក្នុងភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង ដែល​បាន​ចាប់ដំណើរការ​សាង់សង់​ចាប់​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ​២០១៩ រហូតដល់​បច្ចុប្បន្ន លទ្ធផល​សម្រេចបាន​ចំនួន ១០៧​ខ្នង​ផ្ទះ ក្នុងនោះ ៖
– ផ្ទះ​ចំនួន ៨៩​ខ្នង បាន​សាងសង់​រួច ១០០%
– ផ្ទះ​ចំនួន ១០​ខ្នង បាន​ឡើង​គ្រោង​ដែក​
– ផ្ទះ​ចំនួន ០៨​ខ្នង បាន​ជីក​គ្រឹះ​ចាក់​សសរ​
​ការសាងសង់​ផ្ទះ​ក្នុង​ជំហាន​ទី​២​នេះ នឹង​បញ្ចប់​រួចរាល់​ជា​ស្ថាពរ ក្នុង​ខែធ្នូ ឆ្នាំ​២០១៩ នេះ ។​
​លោកស្រី គង់ គី​ណា ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា អាន​អនុក្រឹត្យ​លេខ ១៩ អន ប្រ​.​ក ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០០៣ ស្ដីពី​សម្បទាន​ដី​សង្គមកិច្ច​(​អាន​ជំពូក​ទី​៥) និង​គំរូ​កិច្ចសន្យា​ប្រគល់ និង​ទទួលយក​ដី និង​ផ្ទះ នៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង ។​

​លោក បេង ហុង​សុជាតិ​ខេ​ម​រ៉ូ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានប្រគល់​ដី​សម្បទាន​សង្គមកិច្ច ទំហំ ៤០​ម X ៥០​ម និង​ផ្ទះ​ប៊ិ​ត​រចនាបថ​ខ្មែរ​ទំហំ ៦.៥ ម x ៧.៣ ម ធ្វើ​ពីស​រសរ​បេតុង​អា​ម៉េ ផ្នែក​ខាងក្រោម និង​ផ្នែក​ខាងលើ​ក្រាល​ស្មា​បត ជញ្ជាំង​ស្មា​បត ប្រក់​ក្បឿង ជូន​គ្រួសារ​អតីតយុទ្ធជន និង​និវត្តន៍​ជនក្រីក្រ ។ ផ្ទះ​នេះ​កសាងឡើង​តាម​លក្ខណៈ​បច្ចេកទេស​ដែលមាន​ភាព​ជន នឹង​គ្រោះធម្មជាតិ​(​ខ្យល់​កន្ត្រាក់​) ។ ផ្អែក​តាម​លក្ខ​ខ័​ណ្ឌ ក្រោយពី​ទទួល​មាន​ដី និង​ផ្ទះ​រួចហើយ ម្ចាស់ផ្ទះ​ត្រូវ​ទៅ​ស្នាក់នៅ​ឲ្យ​មាន​ញឹកញាប់ ឬ​ជា​អចិន្ត្រៃយ៍ ព្រមទាំង​មុន​រយៈពេល​០៥​ឆ្នាំ មិនអាច​លក់ដូរ និង​ផ្ទេរកម្មសិទ្ធិ​ជូន​អ្នកផ្សេង​បាន​ឡើង ។ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ ដាំ​ដំណាំ​រួមផ្សំ ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​ផងដែរ​៕​គឹម​សេង​

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130