ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​ជាថ្មី​ករណី​ជម្លោះដីធ្លី​រាំ​រៃ​ជាមួយ​ឧកញ៉ា ឡាញ់ ភា​រ៉ា​

​ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​រាំ​រៃ​ជាមួយ​ឧកញ៉ា ឡាញ់ ភា​រ៉ា បាន​ផ្ទុះ​ការតវ៉ា​ជាថ្មីទៀត​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ខណ​ប្រជាពលរដ្ឋ​ចំនួន​៧៧​គ្រួ​សារបាន​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល សូម​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ដីធ្លី​ប្រមាណ​ជាង​៩០​ហិច​តា ស្ថិតនៅត្រង់​ចំណុច​អូរ​ប្រៃ ចុង​ពយ ពង់​ពត និង​ចំណុច​ព្រលាន ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​ពួកគាត់​គាត់​បាន​អះអាងថា ក្រុមហ៊ុន​របស់លោក​ឧក​ញ៉ា ឡាញ់ ភា​រ៉ា បាន​រំលោភបំពាន​យក​ដី​របស់​ពួកគាត់ ដែល​កំពុង​អាស្រ័យ​ផល​។​

​តំណាង​ប្រជាពលរដ្ឋ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ដី​របស់​ពួកគាត់​ជា​ប្រភេទ​ដីស្រែ ហើយ​ដី នេះ​ពួកគាត់​បាន​អាស្រ័យ​ផល​ដក​ស្ទូង​ភ្ជួរ​រាស់​ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក​ម្លេះ​។ លុះ​មកដល់​ឆ្នាំ​១៩៩៥ រឿងក្តី​ពាក់ព័ន្ធ​និង​វិវាទ​ដីធ្លី​នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង​នេះ​ក៏បាន​កើតឡើង​ដោយ​ការរំលោភ​យក​ដោយ​ចេតនា​ទុច្ចរិត​ទាំងស្រុង ដោយ​ឈ្មោះ ផូ ឆាំ ជា​អ្នក​គួ​ក​ជេ និង​រៀប​ដី​តំណាងអោយ​អ្នកវិនិយោគ​ចិន​ចំនួន​០៣​នាក់ ១.​ឈ្មោះ លី អ៊ី​ន​លុ ២.​ឈ្មោះ ហូ ស៊ីន​ធាន ៣.​ឈ្មោះ លី ស៊ីវ​ស៊ា​។ ពួកគាត់​បន្តថា​បុគ្គល ផូ ឆាំ បាន​ទិញ​ដី​មួយចំនួន​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ប្រជាពលរដ្ឋ​មិនបាន​លក់​ទាំងអស់​នោះទេ​។​

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០០៨ ដី​របស់​ប្រជាពលរដ្ឋ​ចំនួន​៧៧​គ្រួសារ​នេះ គឺ​ត្រូវបាន​ឈ្មោះ លី អ៊ី​ន​លុ ឃុបឃិត​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​គ្របពីលើ​ដី​របស់​ពួកគាត់​ទាំងអស់ ទាំង​ពួកគាត់​មិនបាន​ព្រមព្រៀង​លក់​អោយ​ផង​នោះ​។ ចំណែក​ប្លង់​ដែលមាន​ឈ្មោះ លី អ៊ី​ន​លុ គឺ​ពួកគាត់​មិនដឹងថា​ចេញមក​តាមរបៀប​ណា​នោះទេ ព្រោះ​ពួកគាត់ មិនដែល​បានដឹង ឬ​ឃើញ​សេចក្តីជូនដំណឹង​របស់​មន្ត្រី​ជំនាញ​ឬ​អាជ្ញាធរ​មូលដ្ឋាន​ព្រមទាំង​យក​ឯកសារ​ទិញ​-​លក់ ឬ ផ្ទេរសិទ្ធិ​របស់​ប្រជាជន​ម្ចាស់​ដី​ក្នុងភូមិ​ពូ​ធឿ​ង​មក​បង្ហាញ​នោះឡើយ​។​

​ពាក់ព័ន្ធ​ជម្លោះដីធ្លី​ខាងលើនេះ​កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩ មាន​មេធាវី​ឈ្មោះ បាន សី​យុទ្ធ រួមជាមួយ​លោក ផូ ឆាំ និង​បក្សពួក​ជាច្រើន​នាក់ បាន​មកដល់​សាលាឃុំ​បិត​ត្រាំ​ង ដើម្បី​ផ្ទៀងផ្ទាត់​ឯកសារ​រវាង​ប្រជាជន​ទាំង​៧៧​គ្រួសារ​ដែល​ទទួលស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ ដោយ​យក​ប័ណ្ណកម្មសិទ្ធិ នៅ​ចំពោះមុខ​មេឃុំ​បិត​ត្រាំ​ង​លោក មា​ច ចាន់ បន្ទាប់មក​មេឃុំ​បាន​ហៅ​ឈ្មោះ​ប្រជាជន​ម្តងម្នាក់ៗ ដើម្បី​ផ្ទៀងផ្ទាត់​លុះ​ផ្ទៀងផ្ទាត់​ប័ណ្ណ មិនបាន​ប៉ុន្មាន​ផង​ក៏​ផ្ទុះ​ការតវ៉ា​ពី​ប្រជាពលរដ្ឋ​ដោយ​ឯកសារ​ខាង​ប្រជាពលរដ្ឋ និង​ឯកសារ​មេធាវី​មាន​លក្ខណៈ​ខុសគ្នា​ដាច់ស្រឡះ​បើ​ប្រៀបធៀប​ទំហំ​ដី​និង​ទីតាំង​ដី​ជាក់ស្តែង​។

​ក្រោយពី​ជំនួប​រវាង​ប្រជាពលរដ្ឋ​ទាំង​៧៧​គ្រួសារ និង​មេធាវី​តំណាង​អ្នកឧកញ៉ា ឡាញ់ ភា​រ៉ា នៅ​សាលាឃុំ​បិត​ត្រាំ​ង ស្រាប់តែ​ខាង​លោក​ឧកញ៉ា ឡាញ់ ភា​រ៉ា និង​លោក ផូ ឆាំ ព្រមទាំង​បក្សពួក បាន​យក​កម្លាំង​ពាក់អាវ​កងរាជអាវុធហត្ថ​និង​កម្លាំង​ស៊ីវិល រួមជាមួយ​រថយន្ត​ដាក់ឡូ​ហ្គូ អ​/​ហ ព្រៃនប់ ខេមរភូមិន្ទ ពាក់​ស្លាក​លេខ 2-9353 មកឈរ​ជើង​ប្រចាំការ​ទាំងយប់​ថ្ងៃ ដើម្បី​យាមកាម​អោយ​ខាង​ក្រុមហ៊ុន​អ្នកឧកញ៉ា ឡាញ់ ភា​រ៉ា និង ផូ ឆាំ បោះបង្គោល​ធ្វើ​របង​ហ៊ុ​ព័ទ្ធ​យក​ដីស្រែ​ប្រជាជន ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ចាប់តាំងពី​ឆ្នាំ​១៩៧៩ រហូតមកដល់​ប​ច្ចប្ប​ន្ន​នេះ​។​

​ប៉ុន្តែ​លោក អ៊ឹង សា​រុំ អតីត​មេឃុំ​បិត​ត្រាំ​ង បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​មិនដែល​បាន​ចុះហត្ថលេខា ឬ​វាយ​ត្រា​អ្វី​ឲ្យ​លោក ផូ ឆាំ និង​ប្រពន្ធ​ឈ្មោះ ដា សុផាត នោះទេ ហេតុអ្វី​បានជា​បុគ្គល​រូបនេះ​សម្អាង​លើ​ឯកសារ​អ្វី​បាន​ជាមាន​សិទ្ធិ​គ្រប់គ្រង​ដី​បន្ត​ពី​ជនជាតិ ចិន​ឈ្មោះ លី អ៊ី​ន​លុ ទៅវិញ ទាំង​ដែល​គាត់​មិន​បានឃើញ​ការព្រមព្រៀង​ផ្តិត​ស្នាម​មេដៃ និង​ផ្ទេរសិទ្ធិ​លក់​ទៅអោយ​នរណាម្នាក់​ផង​នោះ ។ លោក​សង្កត់ធ្ងន់ថា ចុះ​ហេតុអ្វី​បាន ជា​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ទៅវិញ​។​

​យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អភិបាល​ខេ​ត្ព​ព្រះសីហនុ លោក គួច ចំរើន រួមទាំង​លោក សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ សូម​មេត្តាជួយ​ពួកគាត់​ដែល​កំពុង​ត្រូវបាន​បុគ្គល​មាន​លុយ និង​អំណាច​រំលោភ​យក​ដីធ្លី​ជា​កម្ម​សិទ្ធ​យ៉ាង​គឃ្លើន​នេះ​ផង ។ ទន្ទឹម​នោះ​ពួកគាត់​សំណូមពរ​ផងដែរ ទៅ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​មេត្តាជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​ផង ព្រោះថា ពួកគាត់​ពុំ​ចង់បាន​អ្វី​លើសពី​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​នោះឡើយ ៕

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130