ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ធ្លាយ​ព័ត៌មាន​លក់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែកលៀប​តម្លៃ​ជិត​២​លាន​ដុល្លារ

​រាជធានី​ភ្នំពេញ ៖ តាម​ប្រភពពី​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ព្រែកលៀប​បាន​ប្រាប់​ឲ្យ​ដឹងថា ទីតាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​នោះ​ត្រូវបាន​លក់​ហើយ​ក្នុងតម្លៃ​ជិត​២​លាន​ដុល្លារ ។ ចំណែក​ក្រុមហ៊ុន​ដែល​ទទួល​ទិញ​ទីតាំង​នោះ​គឺ​ក្រុមហ៊ុន ឡុង ម៉ា អ៊ិន​វេស​អេ​ន រៀល អ៊ី​ស្ទេ​ច ។​

​មន្ត្រីនគរបាល​ដដែល​បាន​បញ្ជាក់ថា ទីតាំង​ឬ​ដី​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ព្រែកលៀប មាន​ក្បាលដី​ទំហំ​ប្រមាណ​២៨​ម៉ែត្រ គុណ​នឹង​៣០​ម៉ែត្រ ព្រមទាំង​ចំណី​ទន្លេមេគង្គ ជាច្រើន​ម៉ែត្រ​ទៀត ស្ថិតនៅ​ស្រម​តាម​មាត់ទន្លេ​មេ​ង្គ​ក្នុងភូមិ ព្រែកលៀប សង្កាត់​ព្រែកលៀប ។ ចំណែក​ការលក់​ទិញ​នេះ​ត្រូវបាន​គេ​ខ្សឹប​ឲ្យ​មន្ត្រីនគរបាល​និយាយថា ជាការ​ដោះដូរ​ដោយ ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល​រុះរើ​ទៅ​កន្លែង​ថ្មី ។​

​ប៉ុន្តែ​ព័ត៌មាន​នៃ​ការលក់​ទីតាំង​នេះ ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ដល់​មន្ត្រីនគរបាល​ប៉ុស្តិ៍ បន្ទាប់ពី​ក្រុមហ៊ុន​យក​ឯកសារ​ដោះដូរ​មក​បង្ហាញ​ព្រមទាំង​ចរចារ ជាមួយ​ប្រជា​ល​រដ្ឋ​មួយ​គ្រួសារ ដែល​បានរស់នៅ​ស្នាក់ការ​ប៉ុស្តិ៍ នេះ ទៅ​នៅ​ជា​មណ្ឌល​សុខភាព​ស្រុក​មុខកំពូល អោយ​ចាកចេញ​ជា​ថ្នូរ​នឹង​ប្រាក់​៤​ម៉ឺន​ដុល្លារ ។​

​ក្រុមហ៊ុន ដែលមាន​ភ័ព្វសំណាង នេះ គឺ ក្រុមហ៊ុន​ឡុង ម៉ា អ៊ិន​វេស​អេ​ន រៀល អ៊ី​ស្ទេ​ច ដែល​គេ​អះអាងថា ជា​ក្រុមហ៊ុន​មួយ​ដែលមាន​ខ្សែ​ធំ ឬ​មានអំណាច​មហិមា ។​

​តាម​ព័ត៌មាន​បញ្ចេញ​ឲ្យ​ដឹង​នៅថ្ងៃនេះ​បញ្ជាក់ថា នៅក្នុង​ការដូរ​ស្នាក់កា​រ​ប៉ុស្តិ៍ នេះ ត្រូវ​ក្រុមហ៊ុន នោះបាន​រត់ការ​រួចហើយ និង​បាន​ទិញ​ផ្ទះ មួយ​ល្វែង ដែលមាន​កម្ពស់​៣​ជាន់ តម្លៃ​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​ផងដែរ​។​

​យោងតាម​លិខិត​ស្នើសុំ​របស់​ក្រុមហ៊ុន​ឡុង ម៉ា អ៊ិន​វេស​អេ​ន រៀល អ៊ី​ស្ទេ​ច បាន​រៀបរាប់ថា ការស្នើសុំ​ឲ្យ​មានការ​ដោះដូរ​ទីតាំង​នេះ​ក៏​ព្រោះតែ​ទីតាំង​ស្នាក់ការ​ប៉ុស្តិ៍ ព្រែកលៀប​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ពុកផុយ តូចចង្អៀត ហើយ​មាន​ប្រជាពលរដ្ឋ មួយ​គ្រួសារ រស់នៅក្នុង​ទីតាំង​ប៉ុស្តិ៍ នេះ​ផងដែរ ។​

​ម្យ៉ាងទៀត ក្រុមហ៊ុន​មានបំណង​ចូលរួមចំណែក​អភិវឌ្ឍន៍ កែលំអរ សោភ័ណភាព​ទីក្រុង អោយ​ស្រស់​បំ​ព្រម​ស្រម​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ។​

​ទន្ទឹម​នោះ​លិខិត​ក្រុមហ៊ុន​ដដែល​នេះ​បាន​បន្ថែមថា នៅក្នុង​ការដោះដូរ ទីតាំង​ប៉ុស្តិ៍​ជា​ថ្នូរ​ផ្ទះ​ល្វែ​មួយ​ល្វែង ដែលមាន​ទំហំ ៤,១០​ម៉ែត្រ គុណ​១៦ ម៉ែត្រ​កំពស់​៣​ជាន់ (E0 E1 E2) ដែល​ស្ថិតនៅ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ និង​ដោះស្រាយ គោលនយោបាយ​ជូន​គ្រួសារ​ដែល​រស់នៅ​ប៉ុស្តិ៍​ព្រែកលៀប​ចំនួន​៤​ម៉ឺន​ដុល្លារ ព្រមទាំង​រៀបចំ​បណ្តាញទឹក​ភ្លើង និង​បំពាក់​សម្ភា​រះ​តុទូ កៅអី​សម្រាប់​ដាក់​ឯកសារ​ជូន​ជា​ថ្នូរ​វិញ ។​

​ពាក់ព័ន្ធ​ការលក់​ដី​ទីតាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែកលៀប​នេះ​ក៏បង្ក​ឲ្យ​មានការ​រិះគន់​ពី​មន្ត្រីនគរបាល​ប៉ុស្តិ៍ រួមទាំង​ប្រជាពលរដ្ឋ​ផងដែរ ព្រោះថា ល្បែង​ដោះដូរ​នេះ​មិនដែល​ផ្តល់​ផលចំណេញ​ដល់​រដ្ឋ ឬ​បុគ្គលិក​មន្ត្រី​សាធារណ​នោះឡើយ ។ ប៉ុន្តែ​អ្នក​ចាំ​ទទួលផល​នោះ​គឺជា​ថ្នាក់​ខាងលើៗ ដែល​សំបូរ​ទាំង​អំណាច​ទាំង​លុយ​រួចទៅហើយ ហើយ​មិនគួរ​មក​ក្រ​ឡូ​ក​ប្រឡាក់​រឿង កុំ​ប៉ិក​កុំ​ប៉ុក​នាំ​ឲ្យ​មានការ​រិះគន់​នោះទេ​៕

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130