ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តំណាង​ពលរដ្ឋ​មិន​សុខចិត្ត​ខណ​អាជ្ញាធរ​បោះបង្គោល​កំណត់​ព្រំដី​ភ្នំ​ដោះ​ក្រមុំ​ខេត្តមណ្ឌលគិរី​មាន​ភាពមិនប្រក្រតី​

​មណ្ឌល​គី​រី ៖ តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​អះអាងថា​ការបោះបង្គោល​កំណត់​ព្រំដី ជុំវិញ​ភ្នំ​ដោះ​ក្រមុំ​នៅ​ខេត្តមណ្ឌលគិរី​មាន​ភាពមិនប្រក្រតី ពោលគឺ​ការបោះបង្គោល​ថ្ម​ចំនួន​៥៣ បង្គោល​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​នោះ​មិនបាន​អនុវត្ត​ទៅតាម​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ដែល​ធ្លាប់បាន​ប្រកាស​ឱ្យ​ដកហូតយក​ដី​របស់​ភ្នំ​ដោះ​ក្រមុំ​ទាំងអស់​ដែល​ត្រូវគេ​រំលោភ​ទុក​ធ្វើជា​របស់​រដ្ឋ​វិញ​នោះឡើយ​។​

​គួ​រម្លឹកថា អាជ្ញាធរខេត្ត​រួមសហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី​ត្រូវបាន​គេ​រាយ ការណ៍​ថា បាន​ចំណាយពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​៥​និង​ទី​៦ ខែធ្នូ ឆ្នាំ​២០១៩ ដើម្បី​ចុះ​បោះបង្គោល​ថ្ម​ចំនួន​៥៣​បង្គោល​នៅ​ជុំវិញ​ភ្នំ​ដោះ ក្រមុំ ដើម្បី​ការពារ​តំបន់​នោះ​មិន​ឲ្យ​មានការ​រំលោភ​បន្តទៀត ។​

​ប៉ុន្តែ​តំណាង​សហគមន៍​ចំនួន ២០ នាក់ និង​តំណាង​ពី​ក្រសួង​វប្បធម៌​ដែល​ចុះទៅ​ចូលរួម​ធ្វើជា​សាក្សី​ក្នុងការ​បោះបង្គោល​នោះ​គឺ​បាន​ជំទាស់ និង​ដើរ​ចេញពី​កន្លែង​បោះបង្គោល បន្ទាប់ពី​ពិនិត្យឃើញថា ការបោះបង្គោល​របស់រ​ដ្ឋ​បាល​ខេត្ត និង​មន្ទីរ​ដែនដី​នាពេលនោះ​គឺ​នៅតែ​ធ្វើឱ្យ​បាត់បង់​ដី​របស់​ភ្នំ​ដោះ​ក្រមុំ​ដដែល និង​មិនបាន​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​អនុសាសន៍​របស់​សម្តេច ហ៊ុន សែន នោះទេ​។​

​តាម​ព័ត៌មាន​ទទួលបាន​មន្ត្រី​ជំនាញ​បាន​ចុច (GPS) បោះបង្គោល​ព្រំដី​គឺមាន​តែ​ចំនួន​ជាង ៨៥ ហិកតា​ប៉ុណ្ណោះ ប៉ុន្តែ​បើតាម​លិខិត ស​.​ជ​.​ណ របស់​រដ្ឋាភិបាល​កាលពី​ឆ្នាំ ២០០២ គឺ​ភ្នំ​ដោះ​ក្រមុំ​មាន​ទំហំ ១០២ ហិកតា​ឯណោះ ។

​ប្រភព​បាន​បញ្ជាក់ថា​ការបោះបង្គោល​នេះ​គឺ​មិនបាន​រាប់បញ្ចូល​ដី​ដែល​ត្រូវបាន​គេ​រំលោភ​យក​ដោយ​ប្រជាពលរដ្ឋ​ចំនួន ៨៦ គ្រួសារ​នៅលើ​ភ្នំ​ដោះ​ក្រមុំ ហើយក៏​មិនបាន​បូក​បញ្ចូល​ដី​ដែល​រដ្ឋបាលខេត្ត​សម្រេច​ដក​មកវិញ​នោះដែរ ។ ដូច្នេះ​មានន័យថា ដី​ដែល​ត្រូវគេ​រំលោភ​យក​គឺ​នៅ តែ​ជា​កម្មសិទ្ធិ​របស់​អ្នករំលោភ​ដដែល​គ្មានអ្វី​ប្រែប្រួល​នោះឡើយ ហើយ​អ្វី​ដែលជា​អនុសាសន៍ របស់​សម្តេច ហ៊ុន សែន គឺ​មិន​ត្រូវបាន​អាជ្ញាធរ​យកមកអនុវត្ត​ន៍​នោះឡើយ ។​

​ប៉ុន្តែ​លោក ម៉ៅ ចំរើន ប្រធាន​មន្ទីរ​ដែនដី​ខេត្តមណ្ឌលគិរី​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ដី​ដែល​បម្រុង​ឱ្យ​ក្រសួង​ចំនួន ៣ សម្រាប់​បង្កើត​ការិយាល័យ​នោះ​គឺ​ត្រូវ​ដកហូត​មកវិញ​អស់ហើយ ហើយ​ការបោះបង្គោល​ដើម្បី​រៀបចំ​ចុះបញ្ជី​នៅពេលនេះ​គឺ​ដើម្បី​កុំឱ្យ​មានការ​រំលោភ​ទន្ទ្រាន​យក​ដី​លើ​ភ្នំ​ដោះ​ក្រមុំ​បន្ថែមទៀត ប៉ុន្តែ​មិនមែន​មានន័យថា ឈប់​ដោះស្រាយ​ដើម្បី​ដកហូតយក​ដី​ដែល​ត្រូវបាន​គេ​រំលោភ​យក​នាពេល​កន្លងមក​ឡើយ​។​

​សូមជម្រាបថា តាម ស​.​ជ​.​ណ ឆ្នាំ ២០០២ ដី​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិដើម​ភាគតិច​ភ្នំ​ដោះ​ក្រមុំ​គឺមាន​ចំនួន ១០២ ហិកតា ប៉ុន្តែ​ក្រោយមក​ដីភ្នំ​ដោះ​ក្រមុំ​នេះ​ត្រូវបាន​គេ​ទន្ទ្រាន​យក​អស់​មួយចំនួន​នៅសល់តែ ៩១ ហិកតា​ដោយសារតែ​ចៅហ្វាយខេត្ត​ជំនាន់​មុន​ខ្វះ​ការយកចិត្តទុកដាក់ ហើយ​បណ្តោយ​ឬ​សម្រេច​ប្រគល់​ដី​ទៅ​ឲ្យ​បុគ្គល​មួយចំនួន ។ ប៉ុន្តែ​ខណ​នេះ​ដីភ្នំ​ដោះ​ក្រមុំ​គឺ​នៅសល់តែ​ជាង ៨៥ ហិកតា​ប៉ុណ្ណោះ ។​

​យ៉ាងណាក៏ដោយ​ប្រជា​សហគមន៍​ជនជាតិដើម​អះអាងថា ពួកគាត់​នឹងធ្វើ​លិខិត​ផ្ញើរ​ជូន នាយករដ្ឋមន្ត្រី​ជាថ្មីទៀត​អំពី​ស្ថានភាព​ឬ​ភាពមិនប្រក្រតី​នៃ​ការបោះបង្គោល​ព្រំដី​របស់​អាជ្ញាធរ​បានធ្វើ​ឲ្យ​បាត់​ផ្ទៃ ដី​រដ្ឋ​ជាច្រើន​ហិកតា​ដដែល​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130