ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ប្រឈម​ការដក​ចេញពី​តំណែង​

​បាត់ដំបង ៖ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​លោក មាស សុវណ្ណ និង​មន្ត្រីក្រោមឱវាទ​របស់គាត់ ៤ នាក់​ទៀត ត្រូវបាន​លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សម្រេច​ដាក់ទណ្ឌកម្ម​ផ្នែក​វិន័យ​ដោយ​ស្ដីបន្ទោស​ជា​លាយលក្ខណ៍អក្សរ​ពាក់​ព័ន្ធ​បាតុភាព​មិន​ប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់ខ្លួន​នៅក្នុង​អង្គភាព​។​

​តាម​ប្រភពព័ត៌មាន​ក្រៅផ្លូវការ​មួយ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក មាស សុវណ្ណ នឹងត្រូវ​ប្រឈម​ការដក​មុខតំណែង​បន្ថែមទៀត ខណដែល​មន្ត្រីក្រោមឱវាទ​មិនទាន់​ពេញចិត្ត ចំពោះ​ទណ្ឌកម្ម​ផ្នែក​វិន័យ​ដោយ​ស្តីបន្ទោស​នោះទេ ព្រោះថា លោក​មាន​បញ្ហា​មិន​ប្រក្រតី​ជា ច្រើន​ទៀត ។​

​សូមជម្រាបថា លោក មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង និង​មន្ត្រីក្រោមឱវាទ​របស់គាត់ ៤ នាក់​ទៀត​ត្រូវបាន​ដាក់ទណ្ឌកម្ម​វិន័យ​ដោយ​ស្តីបន្ទោស​តាមរយៈ សេចក្តីសម្រេច​របស់លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៩ ។ ក្រៅពី​លោក មាស សុវណ្ណ ក៏​នៅមាន​មន្ត្រី​ប៉េអឹម ៤​រូប ទៀត​ក៏​រង​វិន័យ​ដូចគ្នា​ដោយ​រួមមាន លោក សាម ប៊ុនធឿន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​,​លោក ជួប ណូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​សំឡូត​, លោក ឈឿន សុផាត មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំឡូត និង​លោក ណុប សំអឿន ជំនួយការ​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​បាន​ប្រព្រឹត្ត​នូវ​កំហុសឆ្គង​មួយចំនួន​ដូចជា ខ្វះ​ការជំរុញ​លើកទឹកចិត្ត​ដល់​មន្ត្រី​ដែល​សកម្ម​ការងារ និង​ការអនុវត្ត​រំលោភ​លើ​នីតិវិធី​ការងារ​ក្នុងនាម​ជា​មន្ត្រី​ប្រតិបត្តិ​ច្បាប់​។​

​សេចក្ដីសម្រេច​នោះបាន​តម្រូវ​ឲ្យ​មន្ត្រី​ទាំងនោះ​ធ្វើ​កិច្ចសន្យា​កែប្រែ​កំហុស​ទាំងអស់​ជាបន្ទាន់ ហើយ​ត្រូវ​ពង្រឹង​ការគោរព​ច្បាប់ របៀបរបប​ការងារ​ឲ្យ​ស័ក្ដិ​សមជា​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជាម​ន្ត្រី​ប្រតិបត្តិ​ច្បាប់​នៃ​កងរាជអាវុធហត្ថ ព្រមទាំង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នៃ​ច្បាប់​ស្ដីពី​លក្ខន្តិក​:​ទូទៅ​ចំពោះ​យោធិន​នៃ​កង​ខេមរភូមិន្ទ និង​វិន័យ​ទូទៅ​សម្រាប់​កងយោធពល​ខេមរភូមិន្ទ​។​

​ប៉ុន្តែ​សាធារណមតិ​មួយចំនួន​បានលើកឡើង​ថា ការសម្រេច​ដាក់ទណ្ឌកម្ម​នេះ​គឺ​ផ្ដើមចេញពី​ជម្លោះ​ផលប្រយោជន៍​មួយ​ក្រោយ​ការបង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ​នៅក្នុង​ស្រុក​សំឡូត​កាលពី​ខែឧសភា​ដែល​កាលនោះ​គឺ​តម្រូវ​ឲ្យ​មានការ​ដុតបំផ្លាញ​វត្ថុតាង​នៃ​បទល្មើស​នៅនឹងកន្លែង​។​

​ប៉ុន្តែ​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ច្រានចោល​ការលើកឡើង ខាងលើ​ដោយ​លោក​ថា វា​ជា​ករណី​មួលបង្កាច់ បង្ខូចកេរ្ដិ៍​ឈ្មោះ​លាប​ពណ៌​ញុះញង់​ក្នុងន័យ​បំបែកបំបាក់​ផ្ទៃក្នុង​របស់​កងរាជអាវុធហត្ថ​។​

​យោងតាម​ការផ្តល់​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ថា លោក មាស សុវណ្ណ កន្លងមក​បាន​ប្រព្រឹត្ត​កំហុសឆ្គង​ជាច្រើន​ដែល​ធ្វើ​ឲ្យ​មន្ត្រីក្រោមឱវាទ​មិន​ពេញចិត្ត ប៉ុន្ដែ​ម្នាក់ៗ​ខំអត់​ធ្មត់ ព្រោះ​ខ្លាច​គាត់​ដក​បញ្ឈរជើង ឬ​ផ្លាស់ប្ដូរ​ចេញពី​តំណែង​។​

​ប្រភព​ដដែល​បញ្ជាក់ថា ទណ្ឌកម្ម​របស់​ថ្នាក់លើ​ហាក់​មានការ​ធូ​ស្រាល​ដែល​មិន​សម​ទៅនឹង​អ្វី ដែល​លោក មាស សុវណ្ណ បាន​ប្រព្រឹត្តិ​នោះឡើយ ។ ប៉ុន្តែ​វា​ក៏បាន​ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ដែល ធ្លាប់​រងគ្រោះ​ដោយ​ការគៀបសង្កត់​ពី​លោក មាស សុវណ្ណ បាន​ធូរស្រាល​ចិត្ត​ខ្លះៗ​ដែរ ។​

​តាម​ប្រភព​ចុងក្រោយ​បាន​ឲ្យ​ដឹងថា ទណ្ឌកម្ម​ដែល​បានដាក់​ទៅលើ​លោក មាស សុវណ្ណ គ្រាន់តែ​ជា​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ តែ​មិនអាច​បញ្ចប់​ត្រឹម​នេះឡើយ ព្រោះ​មន្ត្រី​ថ្នាក់ក្រោម នៅតែ​មិន​ពេញចិត្ត​ចំពោះ​ទណ្ឌកម្ម​នោះ ហើយ​ទាមទារ​ឲ្យ​មានការ​ដកតំណែង​លោក មាស សុវណ្ណ ថែមទៀត​នៅពេល​ខាងមុខ ។​

​យ៉ាងណាក៏ដោយ​លោក មាស សុវណ្ណ បាន​ប្រាប់​បណ្តាញសារព័ត៌មាន​បន្តបន្ទាប់​ថា លោក​នឹង​ប្តេជ្ញា​កែប្រែ​អ្វី​ជា​កំហុស​របស់​លោកតា​មកា​រ​ណែនាំ​របស់​ថ្នាក់លើ ៕

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130