ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ត្រីរាជការ​និង​ពលរដ្ឋ​ទាមទារ​ឲ្យ​មានការ​ផ្តន្ទាទោស​មន្ត្រី​យោធា​ផ្កាយ​២​ឈ្មោះ ទុន ដៀ​ត ដែល​ចាក់ដី​លុប​សមុទ្រ នៅ​កោះកុង​

​កោះកុង ៖ តាម​ភ្នាក់ងារ​ប្រចាំខេត្ត​រាយការណ៍​មក​ថា អាជ្ញាធរខេត្ត​កោះកុង​បាន​អះអាងថា ដី​ដែល​ចាក់​ចូល​សមុទ្រ​នៅ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ពី​សំណាក់​មន្ត្រី​យោធា​ផ្កាយ២ ឈ្មោះ ទុន ដៀ​ត ត្រូវបាន​កាយ​ចេញ​ឲ្យ​មាន​សភាព​ដូចដើម​វិញ​ហើយ​ខណៈដែល​តុលាការ​កំពុង​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់ ចំពោះ​បុគ្គល​ល្មើស​រូបនេះ ។ ប៉ុន្តែ​គេ​កំពុងតែ​លេចឮ​ព័ត៌មាន​ថា មាន​មន្ត្រី​ដ៏​មានអំណាច​ខ្ពស់​កំពុងតែ​ស្វះស្វែង​ការពារ​លោក ទុន ដៀ​ត មន្ត្រី​យោធា​ផ្កាយ​២ ដែល​ថ្លើមធំ​ហ៊ាន​ចាក់ដី​រំលោភ​សមុទ្រ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។​

​មន្ត្រីរាជការ​រួមទាំង​ប្រជាពលរដ្ឋ​ខេត្តកោះកុង​បាននិងកំពុង​រិះគន់​យ៉ាងខ្លាំង​ចំពោះ​មន្ត្រី​មានអំណាច​ដែល កំពុង​ចេញមុខ​ការពារ​លោក​ផ្កាយ​២ ទុន ដៀ​ត ដែល​ត្រូវ​ប្រឈមមុខ​ផ្លូវច្បាប់ ។ ទន្ទឹម​នោះ​ទាំង​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​ប្រព័ន្ធតុលាការ​ដំណើរការ​និតិ​វិធី​របស់ ខ្លួន ដោយ​យុត្តិធម៌​មិន​លម្អៀង​បក្សពួក ពុករលួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធតុលាការ ហើយនឹង​មុខមាត់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​គឺ​សម្តេច ហ៊ុន សែន ។​

​សូមជម្រាបថា ដី​ដែល​មន្ត្រី​យោធា​ផ្កាយ​២​ចាក់​លុប​សមុទ្រ​មាន​ទទឹង ៣ ម៉ែត្រ និង​បណ្តា​យ ៤៣ ម៉ែត្រ​ចូល​មាត់​ព្រែ​កកោះ​ប៉ោ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ត្រូវបាន​កាយ​ចេញ​អស់​តាំងពី​ចុងខែ​ធ្នូ បន្ទាប់ពី​បាន​ចុះ​ប្រតិបត្តិការ​កាលពី​ថ្ងៃទី ២៣ ខែធ្នូ​កន្លងទៅ ។​

​លោក អ៊ុន សុវណ្ណ​ធានី អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា សំណុំរឿង​ចាក់ដី​ចូល​សមុទ្រ​គឺ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នីតិវិធី​របស់​តុលាការ​នៅឡើយ ប៉ុន្តែ​លោក​មិនបាន​ប្រាប់​ទេ​ថា តើ​នឹងមាន​ការកោះហៅ​បុគ្គល ឈ្មោះ ទុន ដៀ​ត​នោះ​ទៅ​សាកសួរ​ឬ​យ៉ាងណា​នោះទេ​។​

​គួ​រម្លឹកថា លោក ទុន ដៀ​ត ត្រូវបាន​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ប្តឹងទៅ​ថា្នក់​ដឹកនាំ​ដើម្បី​ឲ្យ​ចាត់វិធានការ ករណី​ដែល​លោក​បាន​ចាក់​លុប​សមុទ្រ​ក្នុង​បំណង​ទន្ទ្រាន​យក​ដី​។ ប៉ុន្តែ​មិនមាន​ប្រភព​ទាក់ទង​លោក ទុន ដៀ​ត ដើម្បី​សុំ​ការបញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បានឡើយ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ លោក ប៊ី វ៉ាន់​នី មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស (Adhoc) ប្រចាំខេត្ត​កោះកុង​បាន​សាទរ​ចំពោះ​ចំណាត់កា​របស់​អាជ្ញាធរ​ក្នុងការ​រំដោះ​យក​តំបន់ឆ្នេរ​នេះ​មកវិញ ប៉ុន្តែ​លោក​ថា​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​សកម្មភាព​ល្មើសច្បាប់​នេះ​មិនទាន់​ត្រូវបាន​ទទួលទោស​តាមច្បាប់​នោះទេ ក្រៅតែពី​ការអះអាង​ថា​នឹង​ចាត់វិធានការ​។​

​លោក វ៉ាន់​នី ចង់ឃើញ​រាល់​ការបំពាន​រំលោភ​យក​តំបន់ឆ្នេរ និង​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​ទាំងអស់​ត្រូវបាន​ចាត់វិធានការ និង​យក​ជនល្មើស​មក​ទទួល​ទោស​តាមច្បាប់​ជាពិសេស​ចំពោះ​បទល្មើស ដែល​ធ្វើឡើង​ដោយ​មន្ត្រី​សាធារណៈ​របស់​រដ្ឋ​។​

​យោងតាម​ច្បាប់​ភូមិបាល​ឆ្នាំ ២០០១ ចាប់ពី​មាត្រា ១៧ ដល់​មាត្រា ១៩ បានចែង​បទ​ប្បញ្ញត្តិ​ពី​នីតិវិធី និង​ការការពារ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ខណៈដែល​មាត្រា ២៥៩ នៃ​ច្បាប់​នេះ​បានចែង​ពី​ការដាក់ទោសទណ្ឌ ដោយ​ធ្វើការ​ផាកពិន័យ​ជា​ប្រាក់​ចាប់ពី ៥ លាន ដល់ ៥០ លាន​រៀល និង​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ ឆ្នាំ​ដល់ ៥ ឆ្នាំ​រាល់​បុគ្គល​ទាំងឡាយណា​ដែល​រំលោភបំពាន​ដី​សាធារណៈ​របស់​រដ្ឋ​៕

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130