ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កងទ័ព​អាមេរិក​​១១នាក់រងរបួស ពេល​អ៊ីរ៉ង​បាញ់​មី​ស៊ី​ល​លើ​មូលដ្ឋាន​នៅ​អ៊ីរ៉ាក់​

​អាមេរិក ៖ បញ្ជាការ​កណ្តាល​អាមេរិក​បាន​និយាយថា ទាហាន​អាមេរិក​យ៉ាងតិច​១១​នាក់​បាន​រងរបួស​នៅក្នុង​ការវាយប្រហារ​រ​បស់​អ៊ីរ៉ង់​លើ​មូលដ្ឋាន​អ៊ីរ៉ាក់​មួយកន្លែង​បើទោះបីជា​យោធា​អាមេរិក​បាន​​​អះអាង​កាលពី​ដំបូង​ថា​មិនមាន​អ្នកស្លាប់​និង​របួស​ក៏ដោយ​។​

​អ្នកនាំពាក្យ​បញ្ជាការ​កណ្តាល​អាមេរិក​លោក Bill Urban បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា “​ថ្វីបើ​គ្មាន​សមាជិក​យោធា​អាមេរិក​ណា​ម្នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​រ​បស់​អ៊ីរ៉ង់​កាលពី​ថ្ងៃទី​៨​ខែមករា​លើ​មូលដ្ឋាន​អាកាស al-Asad ក៏ដោយ​ប៉ុន្តែ​មាន​យោធា​ជាច្រើន​នាក់​ដែល​ត្រូវបាន​ព្យាបាល​របួស​ពី​ការផ្ទុះ​ហើយ​នៅតែ​កំពុង​ត្រូវបាន​គេ​វាយតម្លៃ​”​។ នៅពេល​នៃ​ការវាយប្រហារ​នោះ ភាគច្រើន​នៃ​ទាហាន​អាមេរិក​ចំនួន​១,៥០០​នាក់​នៅឯ​មូលដ្ឋាន​នោះបាន​ចូល​លេណដ្ឋាន​បន្ទាប់ពី​មានការ​ព្រមាន​ជាមុន​ពី​ថ្នាក់លើ​។​

​យោងតាម​របាយការណ៍​មុនៗ​របស់​យោធា​អាមេរិក​បាន​ឲ្យ​ដឹងថា ការវាយប្រហារ​នេះ​បាន​បណ្តាល​ឲ្យ​ខូចខាត​សម្ភារៈ​យ៉ាងច្រើន​ប៉ុន្តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​នោះទេ​។ ប្រធានាធិបតី​អាមេរិក​លោក Donald Trump ក៏បាន​និយាយ​នៅ​ព្រឹក​បន្ទាប់ពី​ការវាយប្រហារ​នោះ​ផងដែរ​ថា “​គ្មាន​ជនជាតិ​អាមេរិក​ណា​ម្នាក់​រងគ្រោះថ្នាក់​នៅក្នុង​កា​រ​វាយប្រហារ​កាលពី​យ​ប់​មិញ​ឡើយ​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក Urban បាន​និយាយថា “​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការវាយប្រហារ សមាជិក​យោធា​មួយចំនួន​ត្រូវបាន​ដឹក​ចេញពី​មូលដ្ឋាន​អាកាស al-Asad”​។ លោក​និយាយថា “​នៅពេលនេះ មនុស្ស​ចំនួន​៨​នាក់​ត្រូវបាន​គេ​ដឹក​ទៅកាន់​មន្ទីរពេទ្យ Landstuhl ក្នុងប្រទេស​អាល្លឺម៉ង់​និង​៣​នាក់​ទៀត​ត្រូវបាន​ដឹក​ទៅកាន់​ជំរំ Arifjan ក្នុងប្រទេស​គុយ​វ៉ែត​”​។​

​គួរ​បញ្ជាក់ថា ក្រៅពី​មូលដ្ឋាន​ទ័ពអាកាស Ain al-Asad នៅ​ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ាក់ មី​ស៊ី​ល​របស់​អ៊ីរ៉ង់​ក៏បាន​តម្រង់​គោលដៅ​មូលដ្ឋាន​ក្នុង​ទីក្រុង Arbil ផងដែរ​ដែលជា​កន្លែង​ផ្ទុក​កងទ័ព​អាមេរិក​និង​កងទ័ព​បរទេស​ដទៃទៀត​ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ជី​ហាដ​រដ្ឋ​ឥស្លាម​ដែល​នៅ​សេសសល់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130