ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង ធ្វើ​ទស្សនកិច្ច​នៅមី​យ៉ាន់​ម៉ា​

​មី​យ៉ាន់​ម៉ា ៖ ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង បាន​ទៅដល់​រដ្ឋធានី​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃ​សុក្រ​ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​ដល់​រដ្ឋាភិបាល​ដែល​កំពុង​ជាប់គាំង​របស់លោក​ស្រី អ៊ួ​ង សាន​ស៊ូ​ជី ខណៈ​ទីក្រុង​ប៉េកាំង​សង្ឃឹមថានឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កិច្ចព្រមព្រៀង​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​។​

​ផ្លូវ​ហាយវ៉េ​ដ៏​ធំ​ទូលាយ​និង​សួនច្បារ​របស់​ទីក្រុង​ណៃ​ពិដោ​ដែល​ស្ថាបនា​ក្រោម​របប​យោធា​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ត្រូវបាន​តុបតែង​ជាមួយ​បដា​ពណ៌​ក្រហម​ដែលមាន​រូប​មុខ​លោក ស៊ី និង​អក្សរ​ស្វាគមន៍​ជា​ភាសា​ភូមា​និង​ចិន​កុក​ងឺ​មុន​ដំណើរ​ទស្សនកិច្ច​នេះ​។​

​លោក ស៊ី ត្រូវបាន​គេ​រំពឹងថា​នឹង​ចុះហត្ថលេខា​លើ​គម្រោង​ពាណិជ្ជកម្ម​ជាច្រើន​ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​និង​ផ្លូវ​ជា​សកល​របស់​ចិន​ដែល​អាច​ផ្លាស់ប្តូរ​មុខមាត់​របស់​មី​យ៉ាន់​ម៉ា​ជាមួយ​កំពង់ផែ​សមុទ្រ​ជ្រៅ​និង​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ដែល​រត់​ពី​ខាងកើត​ទៅខាង​លិច​។​

​ប៉ុន្តែ​ក្រុមអ្នកវិភាគ​ក៏បាន​មើលឃើញ​ផងដែរ​ថា ដំណើរ​នេះ​គឺជា​បង្ហាញ​អំពី​ការគាំទ្រ​ដ៏​សំខាន់​ដល់​អតីត​និមិត្តរូប​សិទ្ធិមនុស្ស​លោកស្រី​ស៊ូ​ជី​នៅពេលដែល​ប្រទេស​មី​យ៉ាន់​ម៉ា​កំពុង​ទទួលរង​សម្ពាធ​ពី​អន្ដរជាតិ​ជុំវិញ​ការ​ប្រ​ព្រឹ​ត្ដរបស់​ខ្លួន​ទៅលើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។ បន្ទាប់ពី​ពិធី​ស្វាគមន៍​និង​ការទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ថ្ងៃ​សុក្រ លោក​ស៊ី​នឹង​ជួបពិភាក្សា​ជាមួយ​លោកស្រី​ស៊ូ​ជី​និង​មេបញ្ជាការ​កងទ័ព​លោក Min Aung Hlaing នៅ​ថ្ងៃ​សៅរ៍​។​

​ទីក្រុង​ប៉េកាំង​ចង់​កំណត់​ឲ្យ​ច្បាស់លាស់​អំពី​គម្រោង​កំពង់ផែ ការតភ្ជាប់​ផ្លូវដែក​និង​គម្រោង​សាងសង់​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​បើទោះបីជា​ប្រទេស​នេះ​មានការ​ប្រយ័ត្នប្រយែង​អំពី​ឥទ្ធិពល​របស់​ចិន​ក៏ដោយ​។​

​លោកស្រី​ស៊ូ​ជី​បានធ្វើ​ទស្សនកិច្ច​ដ៏​កម្រ​មួយ​ទៅកាន់​រដ្ឋកា​ឈិន​នៅជាប់​ព្រំដែន​ចិន​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី​។ កា​ឈិន​គឺជា​ទីតាំង​នៃ​ទំនប់​វា​រី​អគ្គិសនី​ទំហំ​៦,០០០​មេ​ហ្គា​វ៉ា​ត់​ដែល​គាំទ្រ​ដោយ​ចិន​ប៉ុន្តែ​ត្រូវបាន​ជាប់គាំង​ក្នុង​ឆ្នាំ​២០១១​ស្របពេល​មានការ​រិះគន់​យ៉ាង​ចាស់ដៃ​។​

​ក្រុម​សកម្មជន​ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​សៅរ៍​ប្រឆាំងនឹង​ការស្តារ​ឡើងវិញ​នៃ​គម្រោង​នេះ​នៅឯ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន​ដែលជា​ទីក្រុង​ធំ​បំផុត​របស់​មី​យ៉ាន់​ម៉ា​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130