ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កូរ៉េខាងត្បូង​រកឃើញ​ជា​លើកដំបូង​ករណី​ឆ្លង​វីរុស​ថ្មី​ចំពោះ​ភ្ញៀវ​ចិន​

​កូរ៉េខាងត្បូង ៖ មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​កូរ៉េ (KCDC)​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ប្រទេស​កូរ៉េខាងត្បូង បាន​រកឃើញ​ជា​លើកដំបូង​ករណី​ឆ្លង​វីរុស​ថ្មី​លើ​អ្នកដំណើរ​ជនជាតិ​ចិន​ម្នាក់ ដែល​មកដល់​កូរ៉េខាងត្បូង ត្រូវបាន​ពិនិត្យ រកឃើញថា​មាន ផ្ទុក​វីរុស​នេះ​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន CNA។

​អ្នកជំងឺ​នោះ​ជា​ស្ត្រី​វ័យ​៣៥​ឆ្នាំ ដែល​គាត់​បានធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ពី​ទីក្រុង Wuhan នៃ​ខេត្ត Hubei ភាគ​កណ្តាល​ប្រទេស​ចិន ហើយ​មកដល់​អាកាសយានដ្ឋាន អន្តរជាតិ Incheon របស់​កូរ៉េខាងត្បូង កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ KCDC បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ស្ដ្រី​ម្នាក់នេះ​ត្រូវបាន​ញែក​ដាច់​ពី​គេ​នៅពេល​ចូល​ប្រទេស​ដោយសារតែ​មានការ​សង្ស័យ ព្រោះ​គាត់​បានបង្ហាញ​អាការ​ក្តៅខ្លួន​ខ្លាំង​។

​អាជ្ញាធរ​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ការ​ផ្ទុះឡើង​នូវ​វីរុស​ថ្មី​មួយ​នៅក្នុង​ប្រទេស​ចិន​បាន​រីក​រាលដាល​ដល់ទី​ក្រុង​ជាច្រើន​ទៀត ខណៈ​វា​បាន​ផ្ទុះឡើង​ដំបូង​នៅ​ទីក្រុង Wuhan កាលពី​ខែធ្នូ ឆ្នាំ​២០១៩​។ ជាមួយគ្នានេះ ចំនួន​អ្នកស្លាប់​បាន​កើន​ដល់​៣​នាក់ ហើយ​អ្នក​ឆ្លង​វីរុស​បាន​កើន​ដល់​ជិត​១៤០​នាក់​។​

​យ៉ាងណាមិញ អ្នកជំនាញ​មិនទាន់​ដឹង​អ្វី​ច្រើន​អំពី​វា​នោះទេ រួមមាន​ដូចជា​ប្រភពដើម ពិតប្រាកដ​នៃ​ការចម្លង និង​ថា​តើ​វា​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ដែរ​ឬក៏​អត់ ខណៈ​មកទល់ពេលនេះ ដូចជា​ពុំទាន់​មាន​ករណី​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅឡើយ​។

​សូមជម្រាបថា ក្រៅពី​កូរ៉េខាងត្បូង ប្រទេស​ថៃ​និង​ជប៉ុន ក៏បាន​រកឃើញ​ករណី​អ្នក​ឆ្លង​វីរុស​នេះ​ផងដែរ ដោយនៅ​ថៃ​មាន​ពីរ​ករណី ជា​ជនជាតិ ចិន​ដែល​មកពី​ក្រុង Wuhan ហើយ​នៅ​ជប៉ុន​មាន​មួយ​ករណី ជា​បុរស​ជនជាតិ​ជប៉ុន​ផ្ទាល់ ដែល​បានធ្វើ​ដំណើរ​ត្រឡប់​មកពី​ក្រុង Wuhan៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130