ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម៉ាឡេស៊ី​បញ្ជូន​កាកសំណល់​ប្លា​ស្ទិ​ក​ចំនួន​១៥០​កុងតឺន័រ​ត្រឡប់​ទៅ​ប្រទេស​អ្នកមាន​វិញ​

​ម៉ាឡេស៊ី ៖ ប្រទេស​ម៉ាឡេស៊ី​បាន​បញ្ជូន​កុងតឺន័រ​ផ្ទុក​កាកសំណល់​ប្លា​ស្ទិ​ក​ចំនួន​១៥០​កុងតឺន័រ​ត្រឡប់​ទៅ​ប្រទេស​អ្នកមាន​វិញ​ខណៈដែល​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ប្រទេស​នេះ​មិនមែនជា “​គំនរ​សំរាម​” របស់​ពិភពលោក​ឡើយ​។​

​តំបន់​នេះ​បានទទួល​ប្លា​ស្ទិ​ក​មកពី​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​ខ្លាំង​ដូចជា​សហរដ្ឋអាមេរិក​និង​អង់គ្លេស​ចាប់តាំងពី​ឆ្នាំ​២០១៨​មក​បន្ទាប់ពី​ប្រទេស​ចិន​ដែល​ធ្លាប់​អួតអាង​ថា​ជា​ឧស្សាហកម្ម​កែឆ្នៃ​ដ៏​ធំ​មួយ​បាន​បញ្ជា​ឲ្យ​បញ្ឈប់​ការ​នាំចូល​ភាគច្រើន​។​

​អាជីវកម្ម​កែឆ្នៃ​ចិន​ជាច្រើន​បាន​ផ្លាស់​ទីតាំង​ទៅ​ប្រទេស​ម៉ាឡេស៊ី​បន្ទាប់ពី​បម្រាម​នេះ​ចូល​ជា​ធរមាន​ដែលជា​ហេតុ​នាំ​ឲ្យ​មាន​បរិមាណ​ប្លា​ស្ទិ​ក​ដ៏​ធំ​ត្រូវបាន​ដឹកជញ្ជូន​ចូល​ដោយ​គ្មាន​ការអនុញ្ញាត​និង​គ្របដណ្តប់​លើ​សហគមន៍​តូចៗ​។ ឥឡូវនេះ រដ្ឋាភិបាល​នៅ​ទូទាំង​តំបន់​នេះ​បាន​បញ្ជូន​ប្លា​ស្ទិ​ក​ដែល​នាំចូល​ដោយ​ខុសច្បាប់​ទៅវិញ​ហើយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោកស្រី Yeo Bee Yin បាន​និយាយថា ប្រទេស​ម៉ាឡេស៊ី​បាន​បញ្ជូន​កុងតឺន័រ​ចំនួន​១៥០​ដែល​ផ្ទុក​កាកសំណល់​៣,៧៣៧​តោន​ទៅ​កន្លែង​ជាច្រើន​រួមមាន​ប្រទេស​បារាំង អង់គ្លេស​និង​សហរដ្ឋអាមេរិក​ជាដើម​។​

​លោកស្រី Yeo បាន​និយាយថា ក្រុមមន្ត្រី​សង្ឃឹមថានឹង​បញ្ជូន​កុងតឺន័រ​ចំនួន​១១០​ទៀត​ត្រឡប់​ទៅវិញ​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​ដែល​ក្នុងនោះ​មាន​៦០​កុងតឺន័រ​មកពី​សហ​រដ្ឋ​អាមេរិក​។​លោកស្រី​បាន​បន្ថែមថា អាជ្ញាធរ​នឹង​ចាត់វិធានការ​ចាំបាច់​ដើម្បី​ធានាថា ប្រទេស​ម៉ាឡេស៊ី​មិន​ក្លាយជា​កន្លែង​ចាក់សំរាម​របស់​ពិភពលោក​ទៀតឡើយ​។ លោកស្រី​បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​ទីក្រុង Butterworth ភាគ​ខាងជើង​ដែលជា​ទីក្រុង​មាន​កំពង់​ផែ​ដ៏​ធំ​មួយ​ថា “​ក្រសួងបរិស្ថាន​នឹង​បន្តធ្វើ​សង្គ្រាម​ប្រឆាំងនឹង​ការបំពុល​បរិស្ថាន​រួមទាំង​កាកសំណល់​ប្លា​ស្ទិ​ក​ផងដែរ​”​។​

​គួរ​បញ្ជាក់ថា កុងតឺន័រ​ទាំងនោះ​ត្រូវបាន​បញ្ជូនទៅ​ប្រទេស​ចំនួន​១៣​ដោយ​ក្នុងនោះ​មាន​៤៣​កុងតឺន័រ​ត្រឡប់​ទៅ​ប្រទេស​បារាំង​, ៤២​ទៅ​អង់គ្លេស​, ១៧​ទៅ​សហរដ្ឋអាមេរិក​និង​១១​ទៅ​កាណាដា​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130