ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កូរ៉េខាងជើង​៖ ខ្លួន​អាច​ស្វែងរក​ផ្លូវ​ថ្មី​និង​ព​ន្លឿ​ន​កម្មវិធី​ផលិត​អាវុធ​

​កូរ៉េខាងជើង ៖ ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​ថា ខ្លួន​អាច​ស្វែងរក​ផ្លូវ​ថ្មី​និង​ព​ន្លឿ​ន​កម្មវិធី​អាវុធ​របស់ខ្លួន​បន្ទាប់​ពី​ទីក្រុង​វ៉ាស៊ីនតោន​បានដាក់​ទណ្ឌកម្ម​ថ្មី​លើ​ក្រុមហ៊ុន​កូរ៉េខាងជើង​ចំពេល​កិច្ចចរចា​នុយក្លេអ៊ែរ​ត្រូវ​ជាប់គាំង​។​

​តំណាង​កូរ៉េខាងជើង​លោក Ju Yong Chol បាន​ប្រាប់​សន្និសីទ​ស្តីពី​ការដកហូត​អាវុធ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ប្រទេស​លោក​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ជួបប្រទះ​នឹង​អរិភាព​។​

​លោក​បាន​និយាយថា “​បើទោះបីជា​សហរដ្ឋអាមេរិក​កំពុងនិយាយ​អំពី​ការបន្ត​កិច្ចសន្ទនា​ឡើងវិញ​ក៏ដោយ​ក៏​សហរដ្ឋអាមេរិក​គ្មាន​ចេតនា​បោះបង់ចោល​គោលនយោបាយ​អរិភាពរ​បស់​ខ្លួន​ចំពោះ​កូរ៉េខាងជើង​ទាល់តែសោះ​ចាប់តាំងពី​ដំបូង​មកម្ល៉េះ​”​។ លោក​បន្តថា “​កូរ៉េខាងជើង​នឹង​អភិវឌ្ឍ​អាវុធ​យុទ្ធសាស្ត្រ​ជាប្រចាំ​ដែល​សំខាន់​និង​ចាំបាច់​សម្រាប់​សន្តិសុខ​ជាតិ​រហូតដល់​សហរដ្ឋ​អាមេរិក​បោះបង់ចោល​គោលនយោបាយ​អរិភាពរ​បស់​ខ្លួន​និង​ខិតខំ​បង្កើត​សន្តិភាព​យូរអង្វែង​នៅលើ​ឧបទ្វីប​កូរ៉េ​”​។ លោក​បន្ថែមថា វិសាលភាព​នៃ​ការស្ថាបនា​នឹង​អាស្រ័យ​លើ​ឥរិយាបថ​នាពេល​អនាគត​របស់​សហរដ្ឋអាមេរិក​។​

​យោងតាម​ការប៉ាន់ស្មាន​បាន​ឲ្យ​ដឹងថា នាពេល​កន្លងមក ទីក្រុង​ព្យុងយ៉ាង​បាន​បាញ់​មី​ស៊ី​ល​ដែលមាន​សមត្ថភាព​អាចឈាន​ទៅដល់​ដីគោក​អាមេរិក​ទាំងមូល​និង​បានធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​ចំនួន​៦​លើក​ដែល​លើកចុងក្រោយ​មាន​កម្លាំង​ខ្លាំង​ជាង​ការផ្ទុះ​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​១៦​ដង​ឯណោះ​។​

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​បានប្រកាស​កាលពី​ខែធ្នូ​ថា​នឹង​បញ្ឈប់​ការផ្អាក​ធ្វើតេស្ត​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប​ដែលជា​ចំណុច​សំខាន់​ផ្នែក​ការទូត​រយៈពេល​២​ឆ្នាំ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​។​

​លោក​ត្រាំ​និង​លោក​គីម​បានរៀបចំ​កិច្ចប្រជុំ​ចំនួន​បី​លើក​ចាប់តាំងពី​ជំនួប​កំពូល​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា​ឆ្នាំ​២០១៨​មក​ដែល​នៅ​ទីនោះ អ្នក​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​មិន​ច្បាស់​មួយ​ស្តីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​។ ប៉ុន្តែ​ការចរចា​ត្រូវបាន​ជាប់គាំង​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​លើក​ទី​២​ក្នុង​ទីក្រុង​ហាណូយ​បាន​ដួលរលំ​កាលពី​ឆ្នាំមុន​ជុំវិញ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​និង​អ្វីដែល​កូរ៉េខាងជើង​ចង់​បានជា​ថ្នូរ​នឹង​ការបោះបង់ចោល​នុយក្លេអ៊ែរ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130