ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្តេច ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវជាតិ​លេខ​៥៨

​ខេត្តបន្ទាយមានជ័យ ៖ ផ្លូវជាតិ​លេខ​៥៨ ដែលជា​ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា និង​ថៃ ប្រវែង​ជាង​១៧៤​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បិទ​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ និង​ដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០​នេះហើយ​។ ផ្លូវ​មួយ​ខ្សែលើ​ដែនដី​អតីត​សម​ប្រយុទ្ធ ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​របស់​កម្ពុជា​នេះ បាន​ចំណាយពេល​សាងសង់​ជិត​៤​ឆ្នាំ ជាមួយ​ថវិកា​ជិត​១២៣​លាន​ដុល្លារ​អាមេរិក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក វ៉ាង វិ​ន​ធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​រួមគ្នា សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ដ៏​មាន​សារៈសំខាន់​មួយ​ខ្សែ​នេះ​។ មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ប្រជាពលរដ្ឋ​រាប់ពាន់នាក់ ក៏បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ចំពោះ​សមិទ្ធផល ជា​ប្រវត្តិសាស្ត្រ​លើដី​ជាយដែន​នេះ​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា​៖​ផ្លូវជាតិ​លេខ​៥៨ មាន​ប្រវែង​សរុប ១៧៤.១៦​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងនោះ​ផ្លូវ​មេមាន​ប្រវែង ១៦៥.១៨​គីឡូម៉ែត្រ​។ ផ្លូវ​នេះ​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ ប្រវែង ៩២​គីឡូម៉ែត្រ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រវែង ៧៣.១៨​គីឡូម៉ែត្រ និង​ផ្លូវ​ខ្នែង​ចំនួន ០៤​ខ្សែ មាន​ប្រវែង​សរុប ៨.៩៨​គីឡូម៉ែត្រ បំបែក​ចេញពី​ផ្លូវជាតិ​លេខ​៥៨ ចូលទៅ​ច្រកទ្វារព្រំដែន​កម្ពុជា​-​ថៃ អូរ​បី​ជាន់ បឹង​ត្រកួន ជប់​គរ​គី និង​ថ្ម​ដូន​។​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖​ផ្លូវជាតិ​មួយ​ខ្សែ​នេះ ត្រូវបាន​សាងសង់​ស្របទៅតាម​ស្តង់ដារ​ផ្លូវថ្នល់​កម្រិត​៣ នៃ​បទដ្ឋាន បច្ចេកទេស​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទទឹង​តួ​ផ្លូវ​សរុប ១២​ម៉ែត្រ ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) ទទឹង ១០​ម៉ែត្រ​។ ផ្លូវ​មួយ​ខ្សែ​នេះ ត្រូវបាន​សាងសង់​ស្ពាន​ត​ភ្ជាប់​ចំនួន ៤៧​កន្លែង ប្រវែង​សរុប ១,៥៧៤​ម៉ែត្រ​។​

​លោក​រដ្ឋមន្ត្រី​បន្តថា ផ្លូវ​មួយ​ខ្សែ​នេះ​ចំណាយ​ថវិកា​សរុប ១២២.៩៨​លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ​។ ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រុប ខូ​អិ​ល​ធី​ឌី (Shanghai Construction Group Co., Ltd.) និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស ក្វាង​ចូ​វ វ៉ាន​អាន (Guangzhou Wanan Construction Supervision Co., Ltd) ដោយ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៤៣​ខែ គិត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៥ ដល់​ខែមករា ឆ្នាំ​២០១៩​។​

​ខេត្តបន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ជាពិសេស​តំបន់​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៨ គឺជា​អតីត​សមរភូមិ​សង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ ដ៏​ស្រួចស្រាវ​បំផុត​មុន​ឆ្នាំ​១៩៩៨​។ ផ្លូវជាតិ​លេខ​៥៨ គឺជា​សមិទ្ធផល​ដ៏​ថ្លៃថ្លា​មួយ​កើតចេញពី​ផ្លែផ្កា​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដែល​បានបញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​រវាង​ខ្មែរ និង​ខ្មែរ ហើយ​បាន​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ពាសពេញ​ផ្ទៃ​ប្រទេស​។​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកឡើងថា ផ្លូវជាតិ​លេខ​៥៨ គឺជា​ខ្សែ​ផ្លូវ​យុទ្ធសាស្ត្រ​សម្រាប់​ការពារជាតិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ទេសចរណ៍ ស្ថិតនៅ​ស្របតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​ត​ភ្ជាប់​ទំនាក់ទំនង​រូបវ័ន្ត ស្ថាប័ន និង​ប្រជាជន រវាង​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជាមួយ​រាជធានី​-​ខេត្ត​ផ្សេងៗ​ទៀត​។​

​នៅក្នុង​ឱកាស​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សុន្ទរកថា​សំណេះសំណាល​ជាមួយ​ខ្លឹមសារ​សំខាន់ៗ​ដូចខាងក្រោម​៖
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​គាំទ្រ​សម្តេច គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​សម្តេច​ពិតជា​រីករាយ បាន​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​កិច្ចដំណើរការ​របស់​ជាតិ​ទាំងឡាយ ជាពិសេស​ដំណើរ​ស្វែងរក​សុខសន្តិភាព និង​បិទ​បញ្ចប់​ភ្លើងសង្គ្រាម​នៅ​កម្ពុជា​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​មិន​បញ្ចប់​តំណែង​ត្រឹម​ឆ្នាំ​២០២៣​នោះទេ គឺ​នឹង​បន្ត​គ្រប់គ្រង​តំណែង​នាយករដ្ឋមន្ត្រី រហូតដល់​ឆ្នាំ​២០២៨ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​ប្រសិន​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​គាំទ្រ​សម្តេច​ឱ្យ​បន្ត​ដឹកនាំ​ប្រទេស​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ផ្លូវជាតិ​លេខ​៥៨ បានធ្វើឱ្យ​សម្តេច​សម្រេច​គោលដៅ​សំខាន់​ពីរ​ក្នុងពេល​តែមួយ​។ គោលដៅ​ទាំងពីរ​នោះ គឺ​ការ​ប្រែក្លាយ​តំបន់​អតីត​សម​ភូមិ​ទៅជា​តំបន់​អភិវឌ្ឍន៍ និង​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ទៅជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការដោះដូរ​ទំនិញ​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​ពិតជា​មាន​មោទនភាព ដែល​រួមចំណែក​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុង​ការបិទ​បញ្ចប់សង្គ្រាម និង​ការ​រួបរួមគ្នា​ឡើងវិញ បន្ទាប់ពី​បែកបាក់​នៅក្នុង​អតីតកាល​។​ខេត្តបន្ទាយមានជ័យ​កាលពី​អតីតកាល ត្រូវបាន​គ្រប់គ្រង​ដោយ​ខ្មែរ​៤​ភាគី តែដោយសារ​បារមី​នយោបាយ​ឈ្នះ​-​ឈ្នះ ធ្វើឱ្យ​ទឹកដី​នេះ​ក្លាយជា​តំបន់​គ្រប់គ្រង​ដោយ​ខ្មែរ​តែមួយ ក្រោម​រាជរដ្ឋាភិបាល និង​កងកម្លាំងប្រដាប់អាវុធ​តែមួយ​។​ការបង្រួបបង្រួម​ខ្មែរ​ពី​ច្រើន​ភាគី​មក​ភាគី​តែមួយ​ជា​រឿង​មិនធម្មតា​នោះឡើយ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា មេរៀន​បង្រួបបង្រួម​ជាតិ​មួយ​នេះ មិនអាច​បង្រៀន​ដល់​ជាតិ​សាសន៍​ដទៃ​ទេ តែ​ជា​មោទនភាព​សម្រាប់​ជាតិខ្មែរ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការសាងសង់​ផ្លូវជាតិ​លេខ​៥៨ បាន​បញ្ចេញ​ថវិកា​ជាង ៤​លាន​ដុល្លារ សម្រាប់​បោសសំអាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។​វត្តមាន​ផ្លូវជាតិ​លេខ​៥៨​នេះ បង្ហាញ​ពី​ចំណង​ទំនាក់ទំនង​ដ៏​ស្អិតល្មួត​រវាង​កម្ពុជា និង​ចិន​។​បើ​គ្មាន​ការផ្តល់​ជំនួយ​ពី​ចិន តើ​កម្ពុ​ជាមាន​វត្ត​ផ្លូវជាតិ​លេខ​៥៨ និង​ផ្លូវ​ដទៃទៀត​ដែរ​ទេ​?
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ជាថ្មី​ថា ការអញ្ជើញ​ទៅកាន់​ប្រទេស​ចិន​របស់​សម្តេច​កាលពីដើម​ខែកុម្ភៈ ចំពេល​ចិន​វាយលុក​ដោយ​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​មេរោគ «COVID19» គឺជា​ការសម្រេចចិត្ត​ដ៏​មហា​ត្រឹមត្រូវ​សម្រាប់​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​។ បាន​អំពាវនាវ​ឱ្យ​រង់ចាំ​មើលថា នឹងមាន​សមិទ្ធផល​អ្វីខ្លះ​កើតចេញពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន​?
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល​ចិន បើទោះបី​ជួប​បញ្ហា​តែ​មិន​លុប​គម្រោង​សាងសង់​ផ្លូវ​នៅ​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រាប់​ឯកអគ្គរដ្ឋទូត​ចិន​ចង់ឱ្យមាន​ការដឹកជញ្ជូន​ក្រណាត់​ដែលជា​វត្ថុធាតុដើម​សម្រាប់​ផលិត​សម្លៀកបំពាក់​ពី​ចិន មក​កម្ពុជា តាមរយៈ​យន្តហោះ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា គ្រាន់តែ​ចិន​ជួប​បញ្ហា Covid-19 មិនអាច​ដំណើរ​ច្រវាក់​ផលិតកម្ម នាំឱ្យ​រង្គើ​ដល់​ពិភពលោក​។​កុំ​ចង់ឱ្យ​ចិន​ជួប​ការលំបាក ព្រោះ​បើ​ចិន​ជួប​ការលំបាក ប្រទេស​ដទៃ​នឹង​ជួប​ការលំបាក​ដូចគ្នា​។​សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹមថា ភ្ញៀវទេសចរ​ចិន​នៅ​កម្ពុជា​នឹង​កើន​ឡើងវិញ ក្រោយ​បញ្ចប់​វិបត្តិ​បណ្តាលមកពី​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​មេរោគ «COVID19»​។​ប្រទេស​ដទៃ​រើសអើង​ចំពោះ​ប្រជាជន​ចិន តែ​កម្ពុជា​មិនមាន​រើសអើង​នោះឡើយ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា កម្ពុជា ជា​ប្រទេស​មិន​រើសអើង​ចំពោះ​ចិន បែរជា​មិនមាន​ឆ្លង​ជំងឺ​បង្កដោយ​មេរោគ «COVID19» តែ​ប្រទេស​មាន​ចរិត​រើសអើង​ចំពោះ​ចិន បែរ​រង​ការឆ្លង​ជំងឺ​បង្កដោយ​មេរោគ «COVID19»​។​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា វា​ជា​រឿង​អយុត្តិធម៌​ណាស់ នៅពេល​មាន​បញ្ហារ​ត់រក​ចិន តែ​ពេល​ចិន​មាន​បញ្ហា បែរ​នាំគ្នា​រត់ចោល​ចិន​ទៅវិញ​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​បាន​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី បើក​ច្រក​អូ​នាង ដើម្បី​ត​ភ្ជាប់​តំបន់​សេដ្ឋកិច្ច​នៅ​កម្ពុជា​ជាមួយ​ថៃ​។​លើ​ដែនដី​អតីត​សមរភូមិ​ក្នុង​ខេត្តបន្ទាយមានជ័យ​ថា សន្តិភាព​មានតម្លៃ​ខ្លាំង ត្រូវ​រួមគ្នា​ថែរក្សា​ឱ្យបាន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ដឹកនាំ​រាជរដ្ឋាភិបាល គឺ​មិន​យកពន្ធ​លើដី​ស្រែ​នោះឡើយ​។​សម្តេច​តេ​ជោ ហ៊ុន សែន អរគុណ​ចិន ដែល​បាន​ជួយ​សាងសង់​ផ្លូវ និង​ស្ពាន​ឆ្លងកាត់​ទន្លេ​។ បច្ចុប្បន្ន​ផ្លូវ​ធ្វើ​រួច និង​កំពុង​ធ្វើ​មាន​ប្រវែង​ជាង ៣​ពាន់​គីឡូម៉ែត្រ និង​សង់ស្ពាន​ឆ្លងកាត់​ទន្លេ​ជាច្រើន​ខ្សែ​ទៀត​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា​ត្រូវ​ការជួយ​ពី​គ្រប់​ប្រទេស​ជា​មិត្ត​ទាំងអស់ ហើយ​បើ​មាន​ប្រទេស​ច្រើន​ជួយ​កម្ពុជា ចិន​ក៏​អរ​ផងដែរ​។ គុណសម្បត្តិ​របស់​ចិន​ជួយ​កម្ពុជា ហើយ​វិភាគ​វាយប្រហារ​តែ​រឿង​កម្ពុជា​ធ្វើ​ទំនាក់ទំនង​ជាមួយ​ចិន​។​កម្ពុជា​ធ្វើ​នយោបាយ​អន្តរជាតិ​ជាមួយ​គ្រប់​ប្រទេស​ទាំងអស់ មិនមាន​ចាប់យក​ប្រទេសមួយ ហើយ​បោះបង់​ប្រទេស​ដទៃ​ដូច​ក្រុមអ្នកវិភាគ​បែប​អវិជ្ជមាន​មួយចំនួន​នោះឡើយ​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ក្នុងពេល​ធ្វើដំណើរ​តាម​ខេត្ត​កាលពី​ឆ្នាំ​២០១៦ សម្តេច​បាន​ជួយ​សាង​សង់សាលា​នៅក្នុង​ខេត្តបន្ទាយមានជ័យ​មានតម្លៃ​ជិត ៣០​លាន​ដុល្លារ​អាមេរិក​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ខុន​ដូ​តម្លៃ​ក្រោម​៧​ម៉ឺន​ដុល្លារ ក៏​មិន​តម្រូវឱ្យ​បង់ពន្ធ​ប្រថាប់ត្រា ដូច​ទិញ​ផ្ទះល្វែង​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា នឹង​ដំឡើង​តួនាទី​លោក សុខ ភាព ពី​អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ទៅជា​រដ្ឋលេខាធិការ​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា លោក សុខ ភាព និង​លោក អ៉ី ឈាន បាន​ដើរតួនាទី​សំខាន់​ណាស់​ក្នុង​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាម​។​ខ្មែរ​ជាច្រើន​ភាគី ដែល​បែកបាក់​ពី​អតីតកាល​បាននិងកំពុង​ធ្វើការ​ជាមួយគ្នា​។​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា សម្តេច​មិន​លើកលែង​ដល់​ជន​ដែល​ធ្វើ​សកម្មភាព​បំបែកបំបាក់​ជាតិ​នោះឡើយ ហើយក៏​មិន​ផ្តល់ឱកាស​ឱ្យ​បរទេស​ជ្រាតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​សេដ្ឋកិច្ច ក្រសួង​សាធារណការ អ្នកពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ដែល​បាន​រួមគ្នា​សម្រេចបាន​នូវ​សមិទ្ធផល​ផ្លូវជាតិ​លេខ​៥៨​។​សម្តេច​តេ​ជោ សូមឱ្យ​ចំណង​ទំនាក់ទំនង​កម្ពុជា​-​ចិន ស្ថិតនៅ​ជា​អមតៈ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130