ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ចាត់តាំង​អនុវត្ត​ផែនកា​សកម្មភាព​ស្តីពី​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០២០

​ស្វាយរៀង ៖ ព្រឹក​ថ្ងៃ​ពុធ ៤​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​កុ​ម្ភះ​ឆ្នាំ​២០២០​នេះ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​អនុគណៈកម្មការ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ចាត់តាំង​អនុវត្ត ផែនការ​សកម្មភាព ស្ដីពី​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍ ផ្លូវគោក​ឆ្នាំ​២០២០ នៅ​សាលប្រជុំ​អាគារ ”​ឃ​”​សាលាខេត្ត និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោកជំទាវ​អភិបាលរង​ខេត្ត លោក​ព្រះរាជអាជ្ញា​ខេត្ត លោក ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព លោក​អភិបាលក្រុង​-​ស្រុក លោក​អធិការនគរបាល​ក្រុង​-​ស្រុក លោក លោកស្រី​មេឃុំ ចៅសង្កាត់ នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ជាច្រើនរូប​ទៀត​សរុប​វត្តមាន​ប្រមាណ​ជាង ៤០០​នាក់​។​

​កិច្ចប្រជុំ​នេះ​លោក​អភិបាលខេត្ត​បាន​លើកឡើងថា មន្ត្រី​ជំនាញ​ត្រូវធ្វើ​ការណែនាំ អប់រំ ព្រមទាំង​អនុវត្ត​វិធានការ​ច្បាប់ និង​ធ្វើការ​ផាកពិន័យ​ឲ្យ​បាន​តឹងរ៉ឹង និង​ម៉ឺងម៉ាត់​បំផុត ដោយ​គ្មាន​ការលើកលែង ឬ​យោគយល់​ជាដាច់ខាត ចំពោះ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ជាពិសេស​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ រថយន្ត​ដឹកទំនិញ​ធុន​ធំ រថយន្ត​កុង​ទី​ន័​រ និង​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ (​រថយន្តក្រុង​ជាដើម​) ។​

​លោក​បន្តថា ក្នុងនាម​អភិបាលខេត្ត និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត សូម​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់លោក លោកស្រី សមាជិក សមាជិកា​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​គ្រប់​ថ្នាក់ ព្រមទាំង​កងកម្លាំង និង​អង្គភាព​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាមរយៈ​ការរួមចំណែក​ផ្សព្វផ្សាយ​ច្បាប់​ជូន​ដល់​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ខេត្ត បាន​យ៉ាង​ទូលំ​ទំលាយ នាពេល​កន្លងមក ។​

​លោក​អភិបាលខេត្ត​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់ លោក លោកស្រី​ដែលជា​សមាជិក​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​គ្រប់ ថ្នាក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​បន្ត​ពង្រឹង និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ផ្ដោតជាសំខាន់​ទៅលើ​ការបើកបរ​ហួស ល្បឿន​កំណត់​ការបើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ឬ​សារធាតុ​ញៀន​មិន​ប្រកាន់​ស្ដាំ​ការ​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ការមិន​គោរព​សិទ្ធិ​អាទិភាព ជាពិសេស​ធ្វើយ៉ាងណា​ឲ្យ​អ្នកបើកបរ​ទោចក្រយានយន្ត ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ច្រើន​ជា​អតិបរមា ។​

​ទន្ទឹមនេះ គ្រប់​មន្ទីរ​-​អង្គភាព គ្រឹះស្ថានសិក្សា គ្រឹះស្ថាន​រដ្ឋ គ្រឹះស្ថាន​ឯកជន រោងចក្រ និង​សហគ្រាស គួររៀបចំ​ឲ្យ​មាន​បទបញ្ជាផ្ទៃក្នុង ដោយ​មិន​អនុញ្ញាត​ឲ្យ​ចូលធ្វើការ ឬ​ចូលរៀន​ក្នុងករណី​ជិះ​ទោចក្រយានយន្ត (​ម៉ូតូ​) មិន​ពាក់មួក​សុវត្ថិភាព និង​បើកបរ​រថយន្ត​មិន​ពាក់​ខ្សែក្រវ៉ាត់​ជាដើម​។ ជាមួយនេះ ត្រូវ​បង្កើន​ការត្រួតពិនិត្យ អ្នកបើកបរ​មាន​ជាតិ​អាល់កុល និង​គ្រឿងញៀន ជាពិសេស​មុខសញ្ញា​អ្នកបើកប​រថយន្ត​កុង​ទឺ​ន័​រ រថយន្ត​ដឹកទំនិញ​ធុន​ធំ និង​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​ពេលយប់ ។​

​លោក​អភិបាលខេត្ត​បាន​ថ្លែង​ការលើកទឹកចិត្ត​ដល់​បណ្ដា​ក្រុង ស្រុក ឲ្យ​បង្កើត និង​ជំរុញ​ចលនា​ប្រឡងប្រណាំង​ភូមិ​ឃុំ​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ការបង្កើត «​តំបន់​ពិសេស នៃ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​» នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ហើយ​លេខាធិការដ្ឋាន នៃ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្រូវ​ជួយ​គាំទ្រ​ក្នុង​ការរៀបចំ​ផែនការ​ជំរុញ​ការងារ និង​បង្កើន​ការចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ជាពិសេស​រថយន្ត​ដឹក​កម្មករ ដែល​ភាគច្រើន​ជា​រថយន្ត​ចាស់ៗ ឱ្យមាន​ប្រសិទ្ធភាព​៕​គឹម​សេង​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130