ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​និង​សមត្ថកិច្ច​ខ័​ណ្ឌ​មានជ័យ​រង​ការ​ចោទ​បានទទួល​លាភសក្ការៈ​ពី​ទីតាំង​ជល់​មាន់​ភ្នាល់​ដាក់​លុយ​រាប់ម៉ឺន​ដុល្លារ​នៅ​សង្កាត់​ស្ទឹងមានជ័យ​

​រាជធានី​ភ្នំពេញ ៖ តាមពិត​ទីតាំង​ល្បែង​ជល់​មាន់​ភ្នាល់​ដាក់​លុយរាប់​ពាន់​ម៉ឺន​ដុល្លារ​ស្ថិតក្នុង សង្កាត់​ស្ទឹងមានជ័យ​៣ ខ័​ណ្ឌ​មានជ័យ​នោះ​គឺជា​បន​ល្បែង​ដុះ​ស្លែ ហើយ​ល្បី​សុះសាយ​រហូត​សារព័ត៌មាន​ចុះផ្សាយ​ព្រោង ព្រាត ប៉ុន្តែ​ទីតាំង​ល្បែង​ជល់​មាន់​ដ៏​ធំ​មួយ​នេះ​មិន​ត្រូវបាន​បង្ក្រាប​នោះទេ ហើយ​ផ្ទុយទៅវិញ​គេ នៅតែ​បន្ត​បើក​យ៉ាង​គគ្រឹគគគ្រេង​ផ្គើន​នឹង​សារព័ត៌មាន​ផ្គើន​នឹង​សេចក្តីរាយការណ៍​របស់ ប្រជាពលរដ្ឋ​ថែមទៀត ។​

​ផ្តើម​ពី​នោះ​ហើយ​ទើប​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​ក្រុម​អាជ្ញាធរ​រួមទាំង​សមត្ថកិច្ច​ក្នុង​ខ័​ណ្ឌ មានជ័យ​និង​សង្កាត់​ស្ទឹងមានជ័យ​៣​ថា ប្រាកដជា​បានទទួល​លាភសក្ការៈ​ពី​ទីតាំង​ល្បែង​ជល់ មាន់​ដ៏​ធំ​មួយ​នោះ​ហើយ​បាន​បិទ​ភ្នែក​ធ្វើ​មិនឃើញ​ដូច្នេះ ។​

​សូមជម្រាបថា ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​ដ៏​ធំ​មួយកន្លែង​ឋិត​នៅលើ​កំណាត់​ផ្លូវ ឌួង ងៀប ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី 3 ដែល​គេ​ឃុបឃិត​បង្កើតឡើង​យូរ​ឆ្នាំ​មកហើយ​នោះ មកដល់ពេលនេះ នៅតែ​បន្ត​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ដដែល ប៉ុន្តែ​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី មិន​អើពើ​ក្នុងការ​លុបបំបាត់​ទីតាំង​ល្បែងស៊ីសង និង​ជល់​មាន់​ភ្នាល់​ដាក់​លុយ​រាប់លាន ឬ​រាប់ពាន់​ដុល្លារ​នេះឡើយ​។​

​តាម​ប្រជាពលរដ្ឋ​រាយការណ៍​ថា ទីតាំង​បញ្ជល់មាន់​ដ៏​ធំ​នេះ ស្ថិតនៅលើ​កំណាត់​ផ្លូវ ឌួង ងៀប ហៅ​ផ្លូវ​សេះស ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី 3 ខណ្ឌមានជ័យ មាន​មនុស្ស​បីនាក់ ជា​អ្នក​នៅ​គ្រប់គ្រង​ឬ​ហៅថា ជើងកាង​គឺ​ឈ្មោះ ឈឿន សុខលី ឈ្មោះ ខេ សាន់ និង​ម្នាក់ទៀត​ឈ្មោះ ម៉ាប់ ។ ទន្ទឹម​នោះ​មនុស្ស​ទាំង​៣​នាក់​នេះ​ហាក់ដូចជា​បាន​យកឈ្មោះ​អាជ្ញាធរ​និង​សមត្ថកិច្ច​មួយចំនួន​មក​កាង​តែម្តង​ពេល​អ្នកសារព័ត៌មាន​ឬ​ប្រជាពលរដ្ឋ​ប្រតិកម្ម​ចំពោះ​បន​ល្បែង​ជល់​មាន់​មួយ​នេះ ។​

​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​បន​ល្បែង​ខាងលើនេះ​បានបញ្ជាក់​ថា ស្ថិតនៅលើ​ទឹកដី​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ទីតាំង​សង្ស័យ​ជល់​មាន់​មួយ​នេះ ស្ថិតក្រោម​ការគ្រប់គ្រង​របស់លោក​វរសេនីយ៍ត្រី ឯម ភា​រី មេ​ប៉ុស្តិ៍​ស្ទឹងមានជ័យ 3 តែ​លោក​មិន​ចាត់ការ​ទេ​យូរ​ខែ ឆ្នាំ​មកហើយ ទើប​គេ​ដាក់​ការសង្ស័យថា លោក​មេ​ប៉ុស្តិ៍ ទំនង​ជាមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបើក​ល្បែងស៊ីសង​នៅ​ទីនោះ ។​ព្រោះ​កម្រិត​នៃ​ការ​ភ្នាល់ ល្បែងស៊ីសង​មួយ​សិចៗ រាប់លាន​រៀល ឬ​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ​ឯណោះ ។ ដូច្នេះ​បើ​មិន​សើម មាត់​ខ្លះ​ទេ ក៏​មិនអាច​បើក​បាន​ដោយ​ងាយ​ទល់​ថ្ងៃ​នេះដែរ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ ភ្នំពេញ​ថ្មី បាន​ព្យាយាម​ទាំង​ទង​សួរ​ព័ត៌មាន​និង​ការបំភ្លឺ​ពី​ក្រុម​អាជ្ញាធរ​និង​សមត្ថកិច្ច​តែ​មិនអាច​ទំនាក់ទំនង​បាន​នៅឡើយ ។ ប៉ុន្តែ​នឹង​ព្យាយាម​ទាក់​ទ​អ ដើម្បី​ឲ្យ​អត្ថបទ​ខាងលើនេះ​មាន​តម្លាភាព ៕

 

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130