ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្រុក​កូន​មុំ​ប្រើ​ស្នៀត​បន្លំ​ភ្នែក​ប្រមូល​លុយ ខណរថយន្ត​ចូល​ស្ថានីយ៍​ដែរ តែ​អត់​ថ្លឹង​!

​ខេត្តរតនគិរី ៖ គេ​ថា មន្ត្រី​ពុករលួយ​បាន​ប្រើ​គ្រប់​ល្បិច​ស្នៀត ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ ដោយ​មិន​ខ្វល់​នឹង​វិធានការ​របស់​ថ្នាក់លើ​នោះឡើយ ។ ករណី​ដូចជា​មន្ត្រី​នៃ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង រថយន្ត​នៅ​ស្រុក​កូន​មុំ​ខេត្ត​តន​គី​រី​ជាដើម ខណដែល​ពួកគេ​បាន​ប្រើ​ស្នៀត​ថ្មី​បន្លំ​ភ្នែក​សាធារណ ជន​គឺ​រថយន្ត​ដឹកទំនិញ​ចូលទៅក្នុង​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ធ្វើ​ដូចជា​ចូលទៅ​ថ្លឹង ប៉ុន្តែ​គេ​មិនបាន ថ្លឹង​នោះទេ គឺ​គេ​គ្រាន់តែ​យកលុយ​ដាក់​ហោប៉ៅ​មន្ត្រី​ជំនាញ​ទាំងអស់នោះ ហើយ​ជាការ​ស្រេច ហើយ​បើក​ចេញមក​វិញ​ធ្វើ​ព្រងើយ​តែម្តង ។​

​ជាក់ស្តែង​កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០ កន្លងទៅ មាន​រថយន្ត​ដឹក​ដំឡូង​មី​មួយ គ្រឿង​ដាក់​ពេញប្រៀប ខណ​:​ចេញពី​ក្រុង​បាន​លុង​នៃ​ខេត្តរតនគិរី​តាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​៧៨​ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ ពេលមកដល់​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្រុក​កូន​មុំ​នោះ រថយន្ត​នេះ​បាន​បើក​ចូលក្នុង​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត ប៉ុន្តែ​មិនបាន​ឈប់​ថ្លឹង​រថយន្ត​នោះ ឡើយ គ្រាន់តែ​បើក​ឆ្លងកាត់​តែប៉ុណ្ណោះ ហើយ​បាន​បើក ទៅ​ហួស​បន្តិច អ្នកបើកបរ​បាន​ចុះ ពីលើ​រថយន្ត​សំដៅ​ដើរមក​ចូលក្នុង​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត បន្ទាប់មក បាន​ដើរ​មករក រថយន្ត​វិញ ហើយ​បាន​បើករថយន្ត​បន្តទៅ​មុខ​បាត់​តែម្តង​។​

​គេ​មិនបាន​ដឹងថា អ្នកបើកបរ​រថយន្ត​ត្រូវ​ចំណាយ​ប៉ុន្មាន ដើម្បី​ឲ្យ​ទៅ​មន្ត្រី​ពុករលួយ​ទាំងអស់ នោះទេ​, ប៉ុន្តែ​អ្នកបើកបរ​ម្នាក់​បាន​បង្ហើប​ប្រាប់ថា ករណី​ដូចៗ​គ្នា​នេះ​កើតឡើង​រាល់ថ្ងៃ ហើយ រថយន្ត​តិច​ណាស់​ដែល​ចូល ហើយ​ថ្លឹង​ក្នុង​ស្ថានីយ៍​មួយ​នេះ ។ អាច​និយាយថា ភាគច្រើន​អត់ បាន​ថ្លឹង​ទេ គេ​គ្រាន់តែ​បើក​ចូល​ហើយ ហើយ​ចេញ​មកវិញ​ដោយ​គ្រាន់តែ​ហុច​លុយ​តាម​របប កំណត់​ឲ្យ​ទៅ​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​មួយ​នេះ​ជាការ​ស្រេច ។​

​តាម​ព័ត៌មាន​ទទួលបាន​ភាគច្រើន​នៃ​រថយន្ត​ដែល​បើក​ចូល ហើយ​មិន​ថ្លឹង​នោះ​គឺ​សុទ្ធសឹង​ជា រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់ ហើយ​តម្លៃ​នៃ​ការបង់​ក្បាល​ឡាន​មិនចាំបាច់​ថ្លឹង​មាន​ចាប់ពី​១០ ម៉ឺន​ទៅ​២០​ម៉ឺន​រៀល ខណដែល​រថយន្ត​រាប់សិប​គ្រឿង​បើក​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ស្រុក​កូន មុំ​នេះ ។​

​គេ​សង្កេតឃើញថា ផ្លូវជាតិ​នៅក្នុង​ខេត្តរតនគិរី បាន​រង​ការ​ខូច​ខ្ទេចខ្ទី​ស្ទើរ​អស់ទាំង​ស្រុង​ទៅ ហើយ បន្ទាប់ពី​រថយន្ត​យី​ឌុប​ភ្លៅ​៥ ដឹកជញ្ជូន​កសិផល​ដូចជា ដំឡូង​មី គ្រាប់ស្វាយចន្ទី ដឹក​លើស​ទម្ងន់ ដែល​រាជរដ្ឋាភិបាល​បាន​ហាមឃាត់​មិន​ឲ្យ​ដឹកជញ្ជូន​លើស​ទម្ងន់​នោះឡើយ ប៉ុន្តែ​ថ្នាក់ក្រោម​ពួកគាត់​មិន​ធ្វើតាម​ឡើយ ដោយសារ​ផលប្រយោជន៍​បុគ្គល​មួយចំនួន​។​

​ទាក់ទិន​ករណី​ខាងលើនេះ​លោក កែវ គឹម​ហាន អនុប្រធាន​មន្ទីរ​សាធារណការ​និង ដឹកជញ្ជូន​ខេត្ត​ផ្នែក​គ្រប់គ្រង​ជញ្ជីង​ថ្លឹង​រថយន្ត បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា រថយន្ត​ខាង លើ​នេះ​គេ​បាន​ថ្លឹង​រួចហើយ ម្តេច​ថា​គេ​មិន​ថ្លឹង​នោះ​? គ្រាន់តែ​បើក​ឆ្លងកាត់​គេ​ដឹងថា​ប៉ុន្មាន ហើយ មិនតែប៉ុណ្ណោះ​ក្រសួង​ក៏បាន​ឃើញ​ដែរ ពោល ថ្លឹង​នៅ​ខេត្តរតនគិរី បានឃើញ​នៅ ភ្នំពេញ​ដែរ ។​

​គេ​មិនដឹងថា ឧបករណ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្រុក​កូន​មុំ​វា​ទំនើប​យ៉ាងណា​នោះទេ ព្រោះ​បើតាម​លោក​អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​បានលើកឡើង​នោះ​គឺ​គេ​មិនអាច​ចោទថា មាន​អំ​អំពើពុករលួយ​បាន​នោះទេ ។ ប៉ុន្តែ​គេ​ឆ្ងល់​ថា តើ​អ្នកបើកបរ ឬ​ព្រូ​រថយន្ត​ចុះមក​ហុចដៃ​ឲ្យ​មន្ត្រី​ស្ថានីយ៍​នោះ​ជាការ​គោរ​គ្នា​ឬ​ជាការ​អរគុណ​ចំពោះ​មន្ត្រី​ទាំងនោះ​?៕

 

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130