ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សកម្មជន​និង​ប្រជាពលរដ្ឋ​ត្រូវបាន​រារាំង​មិន​ឲ្យ​ចូល​តំបន់​ព្រៃ​ឡង់​ខណ​បទល្មើស​ព្រៃឈើ​កើនឡើង​នា​សម័យ COVID-19

​ព្រៃ​ឡង់ ៖ តាម​ប្រភពព័ត៌មាន​ជាច្រើន​បាន​រាយការណ៍​ថា ខណ​នេះ​សកម្មជន​ព្រៃឈើ រួមទាំង ប្រជាពលរដ្ឋ​ត្រូវបាន​រារាំង​ដោយ​មន្ត្រី​បរិស្ថាន​មិន​ឲ្យ​ចូលទៅក្នុង​តំបន់​ព្រៃ​ឡង់​នោះទេ ក្នុងពេលដែល​ពួកគេ​បានដឹងថា សកម្មភាព​នៃ​បទល្មើស​ព្រៃឈើ​បានកើត​ឡើងវិញ​ក្នុងអំឡុង ពេល​នៃ​ការផ្ទុះ​ជំងឺ COVID-19 ។​

​សកម្មជន​ព្រៃឈើ​អះអាងថា ពួកគេ​សង្កេតឃើញ​ក្រុមហ៊ុន​ចំនួន ៣ បាន​ប្រើ​កម្មករ​ចូល​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​បាន​យ៉ាង​រលូន ដោយ​គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ឡើយ នៅក្នុងពេល​ដែលមាន​កា​រ​ផ្ទុះ​ជំងឺ​រាតត្បាត COVID-19 នេះ ។​

​តាម​សកម្មជន​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ចំនួន​៣​ខាងលើនេះ​រួមមាន ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក (Think BIOTECH CAMBODA) ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ (Angkor Plywood) និង​ក្រុមហ៊ុន ធី​ង៉ា កំពុង​ប្រើ​ក្រុមកម្មករ​ចូល​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់​ដោយ​កាប់​ផ្ដួលរំលំ​ដើមឈើ ហើយ​ដឹកឈើ​ទាំងនោះ​ទៅ​ចូល​រោងចក្រ​ដែល​ស្ថិត​នៅក្បែរ​តំបន់​ព្រៃ​ឡង់​រួចហើយ​ដឹកជញ្ជូន​ឈើ​ដែល​អារច្រៀក​រួច​ចូលទៅក្នុង​ក្រុមហ៊ុន​ធំ​បន្តទៀត ។​

​សកម្មជន​ព្រៃឈើ​បាន​បញ្ជាក់ថា ព័ត៌មាន​អំពី​ការកាប់បំផ្លាញ​ព្រៃឈើ​ដែល​កក្រើក​ឡើងវិញ នៅ​តំបន់​ព្រៃ​ឡង់​គឺ​ទទួលបាន​ពី​បណ្ដាញ​នៅក្នុង​តំបន់​ព្រៃ​ឡង់​និង​តាមរយៈ​ក្រុមកម្មករ​របស់​ក្រុមហ៊ុន​ដែល​កម្មករ​ទាំងនោះ​ត្រូវបាន​ក្រុមហ៊ុន​ប្រើ​ឲ្យ​ចូលទៅ​កាប់​ឈើ​ក្នុង​តំបន់ហាមឃាត់ នោះ​។​

​សូមជម្រាបថា តាម​ការអះអាង​ពី​សកម្មជន​ព្រៃឈើ​គឺ​ទីតាំង​ដែល​កំពុង​រង​ការកាប់បំផ្លាញ​ខ្លាំងជាងគេ​គឺ​នៅក្នុង​តំបន់​ព្រៃ​ឡង់​ស្ថិតក្នុង​ស្រុក​សំបូរ​ខេត្តក្រចេះ​ចំណុច​អូរ​ឡង់​នៅក្នុង​ខេត្តស្ទឹងត្រែង និង​ស្ថិតក្នុង​ខេត្តព្រះវិហារ​ជាដើម ហើយ​បើ​រាប់​ក្បាល​រថយន្ត​ចូល​ដឹកឈើ​នៅ តំបន់​នោះ​វិញ​គឺ​មិន​ក្រោម​២០​គ្រឿង​ទេ​ក្នុង​មួយថ្ងៃៗ ។​

​ទន្ទឹម​នោះ​ក៏មាន​ព័ត៌មាន​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា តំបន់​ដែល​កំពុងមាន​ការកាប់​ឈើ​ខ្លាំងជាងគេ គឺ​ស្ថិតនៅក្នុង​ឃុំ​រៀបរយ​ដែល​ស្ថិត​នៅក្បែរ​តំបន់​វិនិយោគ​ដោយ​ក្រុមហ៊ុន​ធី​ង៉ា​ដែល​ល្បី​ខាង​រកស៊ី​ជំនួញ​ឈើ​ដុស​ស្លែ​នៅ​តំបន់​នោះ​។

​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ត្រូវបាន​កាសែត​ក្នុងស្រុក​ដកស្រង់​សំដី យកមក​ចុះផ្សាយ​ថា លោក​មិន​ឆ្លើយតប​ជាមួយ​ការលើកឡើង​ដោយ​សកម្មជន​ព្រៃឈើ​ទេ ហើយក៏​បាន​ហៅ​សកម្មជន​ទាំងនោះ​ថា ជា​ក្រុម​សកម្មជន​នយោបាយ​ដែល​ជ្រក​ក្រោម​ស្លាក​អ្នក​ស្រឡាញ់​បរិស្ថាន និង​ធនធានធម្មជាតិ ហើយ​ព្យាយាម​ដាក់ខ្លួន​នៅក្រៅ​ច្បាប់​ថែមទៀត​។​

​ប៉ុន្តែ​ប្រភព​ជាច្រើន​នៅតែ​អះអាង​ដូចៗ​គ្នា​ថា សកម្មភាព​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ ទើបតែ​កក្រើក​ឡើងវិញ​នៅ​អំឡុង​សម័យ COVID-19 នេះ ខណដែល​ដើមឈើ​ធំៗ ត្រូវបាន គេ​កាប់​ផ្តួលរំលំ ហើយ​លួច​ដឹកចេញទៅ​លាក់ទុក​ក្នុង​ក្រុមហ៊ុន ។ ចំណែក​មន្ត្រី​បរិស្ថាន​ក៏បាន រង​នូវ​ការ​ចោទថា មាន​ស៊ុំគ្រលំ​ជាមួយ​ក្រុម​ប្រព្រឹត្តិ​បទល្មើស​ខាងលើនេះ ។​

​យ៉ាងណាក៏ដោយ ភ្នំពេញ​ថ្មី កំពុង​ព្យាយាម​ស្វែងរក​ការបំភ្លឺ​ពី​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ឡង់ ដើម្បី​បញ្ជាក់​អំពី​ព័ត៌មាន​ខាងលើ តើ​ពិត​ប្រា​ដក ឬ​យ៉ាងណា​? ៕

 

 

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130