ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ភាគី​ថៃ​សុំ​ទទួល​ពលរដ្ឋ​ខ្លួន​ត្រឡប់​ទៅវិញ ក្រោយ​ដឹងថា កម្ពុជា​បិទ​កាស៊ីណូ​

​ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ដឹងថា កម្ពុជា​នឹង​បិទ​កាស៊ីណូ​នៅ​ថ្ងៃទី​១ មេសា ២០២០​នេះ​តាម​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​ថ្មី​កូ​វីត​-១៩ នៅ​ព្រឹក​ថ្ងៃទី​៣១ មីនា នេះ គេ​ឃើញ​អាជ្ញាធរ​និង​សមត្ថកិច្ច​ថៃ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ម្នាក់ បាន​ចូលមក​ដី​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជួប​ជាមួយ​អាជ្ញាធរ​និង​សមត្ថកិច្ច​កម្ពុជា នៅក្បែរ​ច្រកទ្វារ​អន្តរជាតិ ដើម្បី​ទំនាក់ទំនង​មក​ទទួលយក​ពលរដ្ឋ​របស់គេ​ត្រឡប់​ទៅ​ប្រទេស​វិញ ។​

​នា​ព្រឹក​ថ្ងៃ​ដដែល គេ​ឃើញ​មាន​វត្តមាន​អាជ្ញាធរខេត្ត ប្រធាន​មន្ទីរ​សុខាភិបាល លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីអ៊ី ចំរើន នាយប៉ុស្តិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត អមដោយ​មន្ត្រី​និង​សមត្ថកិច្ច​ប្រចាំ​ច្រកទ្វារ​ខាងលើ​ជាច្រើន​នាក់​ផងដែរ ។ ចំពោះ​ជនជាតិ​ថៃ​ទាំងអស់ ត្រូវ​មន្ត្រី​ច​ត្តា​ឡី​ស័ក​ចែក​ប័ណ្ណ​តាមដាន​សុខភាព​គ្រប់គ្នាៗ ។ សមត្ថកិច្ច​ប្រាប់ថា ៖​ជនជាតិ​ថៃ​ទាំងនេះ​និង​ចាក​ចេញពី​កម្ពុជា ក្រោយ​បំពេញបែបបទ​លិខិតឆ្លងដែន និង​ពិនិត្យ​សុខភាព​ពី​មន្ត្រី​ច​ត្តា​ឡី​ស័ក​រួចរាល់​ពោល​ក្នុងថ្ងៃនេះ​តែម្តង ។​

​ប្រភព​ដាច់ដោយឡែក​មួយទៀត​ថា​៖​មាន​ពលរដ្ឋ​ថៃ​ចំនួន​១២​នាក់​ដែល​ធ្វើដំណើ​មកពី​ភ្នំពេញ ក៏ត្រូវ​បាន​ភាគី​ថៃ​ទទួលយក​ទៅវិញ​ហើយ​ដែរ នា​ព្រឹក​ថ្ងៃ​ដដែល​នេះ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ខ្លង​លឹក​ក្រោយ​ពួកគេ​មាន​លិខិត​ពិនិត្យ​សុខភាព និង​មាន​លិខិតបញ្ជាក់​ពី​ស្ថានទូត​ថៃ​ប្រចាំ​ក្រុងភ្នំពេញ នោះ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130