ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្ត្រី​ម្នាក់​អាងខ្នង​ប្តី​ជាម​ន្ត្រី​ប៉ូលីស​ចាក់ដី​រំលោភ​យក​ដី​ប្រឡាយ​សាធារណៈ​នៅក្រុងដូនកែវ

​ខេត្តតាកែវ ៖ ស្ត្រី​ជា​ម្ចាស់​ដី​ម្នាក់​ប្រហែលជា​អាងខ្នង​ប្តី​ជា​ប្រធាន​ពន្ធនាគារ​ខេត្តតាកែវ បាន​រំលោភបំពាន​នឹង​សេចក្តីណែនាំ​របស់​អាជ្ញាធ​រ​ក្រុង​និង​មន្ត្រី​ជំនាញ​ដោយបាន​ចាក់ដី​យក​ប្រឡាយ​សាធារណៈ​ធ្វើជា​កម្ម​សិទ្ធ​ខ្លួន ពិសេស​បាន​ចាក់ដី​មាន​កំពស់​ខ្ពស់ជាង​ផ្លូវ​កៅស៊ូ​រដ្ឋ​ដែល​នឹង​អាចធ្វើ​ឲ្យ​ជន់​លិច​ខូច​ផ្លូវ​ពេល​មាន​ភ្លៀង​ព្រោះតែ​គ្មាន​ចរន្ត​រំដោះ​ទឹក​។​

​បើទោះបីជា​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ក្រុង​ដូន​កែវ​ចុះ​ធ្វើការ​ណែនាំ​និង​ហាមឃាត់ ការធ្វើសកម្មភាព​ចាក់ដី​បំពាន​យក​ប្រឡាយ​សាធារណៈ​របស់​រដ្ឋ​ធ្វើជា​កម្ម​សិទ្ធ​ខ្លួន​យ៉ាងណាក៏ដោយ​ក៏​ម្ចាស់​ដី​ម្នាក់​ដែល​គេ​ស្គាល់​ថា​មាន​ប្តី​ធ្វើជា​ប្រធាន​ពន្ធនាគារ​ខេត្តតាកែវ​នោះ មិនបាន​ស្តាប់​ការណែនាំ​អាជ្ញាធរ​នោះទេ ថែមទាំង​ប្រើ​ពាក្យអសុរស​ដាក់​អាជ្ញាធរ រហូតដល់​ថ្នាក់​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​រួញ​ខ្លួន​លែង​ហ៊ាន​ចង់ទៅ​ក្បែរ​ទៀតផង​។

​ជុំវិញ​ករណីនេះ អភិបាលរងក្រុង​មួយរូប​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ក្រុង​ដូន​កែវ​និង​មន្ត្រី​ជំនាញ​បាន​ចុះទៅពិនិត្យ​និង​ហាមឃាត់​ម្ចាស់​ដី​ដែរ​តែ​គាត់​មិន​ស្តាប់​តាម​ការណែនាំ​នោះទេ​។ លោក​បញ្ជាក់ថា​នឹង​អញ្ជើញ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​ដែលមាន​ការចាក់ដី​បំពាន​នេះ​ទៅ​សាលាក្រុង​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​នៅ​ថ្ងៃក្រោយ​។​

​ចំណែក​លោក គង់ ស៊ីថា ប្រធាន​ពន្ធនាគារ​ខេត្តតាកែវ ដែល​ត្រូវជា​ប្តី បាន​ឲ្យ​ដឹង​តាម​ខ្សែ​រទូរ​សព្ទ​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២០​នេះ​ថា រឿង​ប្រពន្ធ​លោក​ប្រើ​ពាក្យសម្តី​អសុរ​ស​យ៉ាងណា​យ៉ាង​ណី​ដាក់​អាជ្ញាធរ​នោះ​លោក​មិនបាន​ដឹង​ទេ​។ លោក​បញ្ជាក់ថា ដី​របស់លោក​គឺ​បាន​កាយ​ដាក់​ប្រពន្ធ​លូ​សម្រាប់​រំដោះ​ទឹក​ហើយ​ដែរ​ចំណែក​រឿង​ប្រពន្ធ​គាត់​ដែល​ឡូឡា​ដាក់​គេឯង​នោះ​ជា​រឿង​របស់គាត់​រឿង​អី​យកឈ្មោះ​លោក​ទៅ​អាង​កើត​ទៅ ។​

​យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ​ស្នើសុំ​អាជ្ញាធរ​មេត្តា​ចាត់វិធានការ​តាមច្បាប់​ផង ដើម្បី​កុំ​ឲ្យ​អ្នក​ដែលមាន​លុយ​មានអំណាច​ចេះតែ​ដើរ​រំលោភ​យក​ដី​សាធារណៈ​មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នាំ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​ប៉ះពាល់​ដល់​ក្រុម​អាជ្ញាធរ ។​

​សូមជម្រាបថា ទីតាំង​ដែល​ម្ចាស់​ដី​បំពាន មិន​ស្តាប់​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​នេះ ស្ថិតនៅ​សងខាង​ផ្លូវ​កៅស៊ូ​ចុះទៅ​ត្បូង​មុខ​សាលា​វិទ្យាល័យ​ជាស៊ីម​តាកែវ ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​៕

 

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130