ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្តេច ហ៊ុន សែន បន្ត​រំ​ឮ​ក​ដាស់តឿន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច​ចំពោះ​ជំងឺឆ្លង​កូ​វីដ​១៩

​រាជធានី​ភ្នំពេញ ៖ តាមរយៈ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​៦ មិថុនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេ​ថា ខ្ញុំ​សូម​រំ​ឮ​ក​ដាស់តឿន​ដល់​បងប្អូន​ជនរួមជាតិ​ទូទាំងប្រទេស សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច​ចំពោះ​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​វីដ​១៩ ដែល​កំពុង​រាតត្បាត​នៅក្នុង​២១៦​ប្រទេស​នៅ​ទូទាំង​ពិភពលោក​។ កូ​វីដ​១៩ ជា​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​បំផុត ដែល​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។ កូ​វីដ​១៩ បាន​បន្ត​ឆ្លង និង​សម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ​។ ទោះ​អត្រា​ឆ្លង​រោគ​កូ​វីដ​១៩ នៅ​កម្ពុជា​យើង​មាន​កម្រិត​ទាប ហើយ​ចំនួន​អ្នក​ព្យាបាល​បានជា​សះស្បើយ​ច្រើន​មែន ក៏ប៉ុន្តែ​យើង​មិនត្រូវ​បណ្តោយ​ខ្លួន​ធ្វេសប្រហែស​មើលស្រាល​លើ​ជំងឺឆ្លង​រាតត្បាត​មួយ​នេះ​ដាច់ខាត​។ សូម​ដាក់​តាម​ខ្លួន​ជាប់​ជាប្រចាំ​នូវ​ម៉ាស នឹង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល និង​ចឹ​ល​។​

​សូម​អាជ្ញាធរ និង​សមត្ថកិច្ច​ទទួលខុសត្រូវ​បន្ត​ពិនិត្យ​ទៅតាម​ភោជនីយដ្ឋាន ផ្សារ​តូចធំ ទីកន្លែង​ប្រជុំជន និង​កន្លែង​បណ្តុំ​ក្រុមមនុស្ស​ច្រើន អំពី​ការអនុវត្តន៍​អនាម័យ​ប្រចាំថ្ងៃ ដែល​ត្រូវតែ​មានទឹក​អាល់កុល នឹង​ចឹ​ល​លាងដៃ​សម្រាប់​អតិថិជន ជាពិសេស​គឺ​នៅតាម​ក្លីនិក​ព្យាបាល​ជំងឺ និង​មន្ទីរពេទ្យ​គឺ​ត្រូវតែមាន​ចឹ​ល ឬ​ទឹក​អាល់កុល និង​ម៉ាស​សម្រាប់​មនុស្ស​ចេញចូល​ក្នុង​មន្ទីរពេទ្យ​ប្រើប្រាស់ ដើម្បី​ការពារ​ការឆ្លង​រាលដាល​មេរោគ​ពី​ម្នាក់​ទៅ​ម្នា​ក់បាន​ដោយសារតែ​ការធ្វេសប្រហែស​គ្មាន​ការប្រុងប្រយ័ត្ន​។​

​សូម​បងប្អូន​ជនរួមជាតិ​បន្ត​សហការ​ជាមួយ​ក្រសួងសុខាភិបាល មន្ទីរពេទ្យ នឹង​រាយការណ៍​ជាបន្ទាន់​មក​លេខ ១១៥ ប្រសិនបើ​មានការ​សង្ស័យ​ណាមួយ​អំពី​ជំងឺឆ្លង​កូ​វីដ​១៩​។ ហើយ​សូម​តាមដាន​និង​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ជាប្រចាំ​អំពី​វិធី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​

​សូម​អរគុណ​ដល់​អ្នក​សា​ព័ត៌មាន វិទ្យុ ទូរទស្សន៍ និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​អន​ឡាញ ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​កូ​វីដ​១៩​ទាន់​ហេតុការណ៍ និង​អំពី​វិធី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130