ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក វេ​ង សាខុន ចូលរួម​អបអរសាទរ​ពិធី​រុក្ខទិវា​៩​កក្កដា​( ១៩៥២-២០២០ )

​លោក វេ​ង​សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​បង្ហោះ​នៅលើ Facebook របស់លោក​នៅថ្ងៃនេះ​ដោយ​លោក​បាន​បញ្ជាក់ថា ក្នុងនាម​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខ្ញុំ​សូម​ចូលរួម​អបអរសាទរ ពិធី​រុក្ខទិវា ០៩ កក្កដា ១៩៥២-២០២០ ។​

​លោក​សរសេរថា ថ្ងៃទី​០៩ ខែកក្កដា ជា​ទិវា​ដ៏​មហា​នក្ខត្ត​ឬ​ក្ស​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តែងតែ​ប្រារព្ធ​ពិធី “​រុក្ខទិវា​” ជា​រៀងរាល់ឆ្នាំ ក្រោម​ព្រះរាជ​វត្តមាន​ដ៏​ថ្លៃថ្លា​របស់ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដែល​ព្រះអង្គ​ទ្រង់​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ឆ្លៀត​ព្រះ​វរោកាស​ដ៏​មានតម្លៃ​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ពិធី “​រុក្ខទិវា​”​នេះ​។

​ប៉ុន្តែ​ក្នុងឆ្នាំនេះ ដោយសារ​ហានិភ័យ​នៃ​ការ​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​សម្រេច​ឱ្យ​ផ្អាក​ការរៀបចំ​ព្រះរាជ​ពិធី​ដ៏​ឧត្តុង្គឧត្តម និង​មាន​អត្ថន័យ​នេះ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​សូម​រំឭក​ជូន​អំពី​ទស្សនវិស័យ និង​ព្រះរាជ​បញ្ញាញាណ​ដ៏​ភ្លឺស្វាង​បំផុត​របស់ ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​បាន​បំផុស​ចលនា​ដាំ​ដើមឈើ ហៅថា “​រុក្ខទិវា​” នេះ​ឡើង​តាមរយៈ​ព្រះរាជក្រឹត្យ​លេខ​៧៣៨ នស​.​រកត ចុះ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៥២​។ ព្រះអង្គ​បាន​បណ្តុះ​នូវ​ស្មារតី​ដល់​កូនចៅ​គ្រប់ៗ​រូប​ឱ្យ​យល់ដឹង​អំពី​បរិស្ថាន អត្ថប្រយោជន៍​នៃ​ព្រៃឈើ ហើយ​ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ថា ”​ការចូលរួមចំណែក​ការពារ និង​ថែរក្សា​ព្រៃឈើ ជា​កាតព្វកិច្ច​ចាំបាច់​របស់​ពលរដ្ឋ​គ្រប់ៗ​រូប ហើយ​ករណីយកិច្ច​នេះ គឺ​ត​កូន ត​ចៅ និង​បាន​បង្ក​ឱ្យ​អាកាសធាតុ​មាន​ប្រក្រតី​ភាពជា​វិជ្ជមាន ចំពោះ​វិស័យ​កសិកម្ម និង​មនុស្សជាតិ​”​។

​លោក វេ​ង សាខុន បាន​សង្កត់ធ្ងន់ថា ផ្អែកលើ​ចក្ខុវិស័យ​ដ៏​ត្រចះត្រចង់​នេះ និង​ដើម្បី​បន្ត​ស្នា​ព្រះ​ហត្ថ​ដ៏​ថ្លៃថ្លា​របស់ ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​បង្កើតឡើង​វិញ នូវ “​រុក្ខទិវា​” តាម​សេចក្តីសម្រេច​លេខ ០៨ ស​.​ស​.​រ ចុះ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​១៩៩០ របស់​ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែល​ត្រូវ​ប្រារព្ធ​ឡើង នៅ​ថ្ងៃទី​៩ ខែកក្កដា ជា​រៀងរាល់ឆ្នាំ​រហូតមក ។​

​លោក​ថា ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ទិវា “​រុក្ខទិវា​” ថ្ងៃទី​០៩ កក្កដា ក្នុង​ស្មារតី​ចូលរួម​ផ្សព្វផ្សាយ​និង​គ្រប់គ្រង ការពារ អភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​ព្រៃឈើ​ឱ្យបាន​ស្ថិតស្ថេរ និង​និរន្តរភាព សម្រាប់​កូនចៅ​របស់​យើងទាំងអស់គ្នា​។

​ទន្ទឹមនឹងនេះ ខ្ញុំ​សង្ឃឹមថា បងប្អូន​ជនរួមជាតិ​ទាំងអស់​នឹង​ចងចាំ​ជានិច្ច​នូវ​ព្រះរាជា​នុ​សាសន៍​ដ៏​ថ្លៃ​របស់ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​ទ្រង់​បាន​លើកឡើងថា “​រុក្ខទិវា​” ជា​ពិធី​មួយ បានបង្ហាញ​ឱ្យឃើញ​នូវ​ទម្លាប់​ដ៏​ល្អ​ប្រពៃ​របស់​ប្រជាជន​យើង​សហការ​សាមគ្គី​គ្នា ការពារ ថែរក្សា ព្រៃឈើ និង​ដាំ​ដើមឈើ ដើម្បី​បរិស្ថាន​ធម្មជាតិ​ល្អ សម្រាប់​ជា​ឧ​ត្ត​ម​ប្រយោជន៍​របស់​យើងទាំងអស់គ្នា​ផង និង​ជាការ​សន្សំ​បុណ្យ​កុសល​ដ៏​ធំធេង​សម្រាប់​មនុស្សជាតិ​គ្រប់រូប​ផង​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ បណ្តា​ប្រទេស​ជា​មិត្ត អង្គការ​ជាតិ​-​អន្តរជាតិ និង​ដៃគូ​អ​ភ​វិ​ឌ្ឍ​ន៍​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម នៅ​កម្ពុជា ពិសេស​ដើម្បី​ប្រែក្លាយជា “​កសិកម្ម​ទំនើប មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព ដែល​នាំ​ដល់​ការកើនឡើង​ប្រាក់ចំណូល​គ្រួសារ​កសិករ ប្រកបដោយ​វិបុលភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​” ៕

 

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130