ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក វេ​ង សាខុន ចុះ​ពិនិត្យ​ផលិតកម្ម​បន្លែ​សុវត្ថិភាព​នៅ​ស្រុក​ព្រៃកប្បាស​និង​ស្រុក​ស្អាង​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​លោក វេ​ង សាខុន រួមទាំង​សហការី​បាន​ចុះ​ពិនិត្យ​ផលិតកម្ម​បន្លែ​សុវត្ថិភាព​របស់​បងប្អូន​ប្រជាកសិករ​នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ហើយ​បាន​បន្តដំណើរ​ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល​ទៀត ។​

​តាម​ព័ត៌មាន​ទទួលបាន​តាមរយៈ Facebook របស់លោក​រដ្ឋមន្ត្រី​ដំណើរ​ចុះ​ពិនិត្យ​នោះ​គឺ​ដើម្បី​មក​ពិនិត្យ​ផលិតកម្ម​បន្លែ​សុវត្ថិភាព (​ការដាំ ប្រមូល​ផល និង​ការប្រមូលទិញ​តាម​កិច្ចសន្យា​) របស់​លោកពូ ផៃ ប្រុស ម្ចាស់​ចំការ (​លេខ​ទំនាក់ទំនង ០៨៦ ៤៨១ ២៥៦) ។

​លោកពូ ផៃ ប្រុស បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ថា បច្ចុប្បន្ន​មាន​រោង​សំណាញ់ ៦ រោង​នីមួយៗ​មាន​ទំហំ ១០​ម x ៣៥​ម ក្នុង​១​ឆ្នាំ​ដាំ​បាន​ពី ៥-៦​សារ រោង​នីមួយៗ​ប្រមូល​ផល ១,៥​តោន ទូទាត់​ថ្លៃដើម​រួច​បាន​ចំណូល ៥​លាន​រៀល​។ បច្ចុប្បន្ន លោកពូ​បាន​ចុះកិច្ចសន្យា​ដាំ​បន្លែ​ផ្គត់ផ្គង់​ឲ្យ​ឈ្មួញ​យកទៅ​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​រោងបន្លែ​រួចមក លោក​រដ្ឋមន្ត្រី​មានការ​ជឿជាក់ ដោយ​ប្រាប់​ម្ចាស់​ចំការ​ថា​ទីផ្សារ និង​តម្លៃ​បន្លែ​សុវត្ថិភាព​នឹង​ល្អប្រសើរ​ឡើងជា​លំដាប់​ដោយសារ​ការពេញនិយម​របស់​អ្នក​បរិភោគ​ដែល​គិតគូ​ពី​សុខ​ភាពជា​ចំបង ហើយ​អ្នក​ដាំ​ក៏បាន​អនុវត្តតាម​លក្ខណ​: បច្ចេកទេស និង​ចុះកិច្ចសន្យា​ផ្គត់ផ្គង់ ដែល​កិច្ចសន្យា​អនុវត្ត​ផលិតកម្ម​កសិកម្ម​នេះ បានផ្តល់​បច្ចេកវិទ្យា​ក​សិ​កម្ម​ទំនើប ដូចជា​ដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ ប្រើ​ប្រព័ន្ធ​ដំណក់ និង​សាច ប្រើប្រាស់ ជី និង​ថ្នាំ​កសិកម្ម​ត្រឹមត្រូវ​តាម​បច្ចេកទេស ចេះ​សន្សំ និង​ផលិត​ជី និង​ថ្នាំ​សម្លាប់​សត្វល្អិត​តាមបែប​ធម្មជាតិ បាន​យក​គោលការណ៍​ស្តីពី “​ការអនុវត្ត​កសិកម្ម​ល្អ (GAP)” មក​អនុវត្ត បាន​ចងក្រង​បណ្តុំ​អាជីវកម្ម​លក់​ចែកចាយ​ធាតុ​ចូល​កសិកម្ម និង​បង្កើត​សហគមន៍​ផលិត​បន្លែ​។​ល​។

​លោក​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែមថា កត្តា​ទាំងអស់​នេះហើយ គឺជា​ដើមចម​នៃ​កំណើន​ផលិតកម្ម ប្រកបដោយ​សុវត្ថិភាព ប្រសិទ្ធភាព​សេដ្ឋកិច្ច ប្រាក់ចំណូល និង​និរន្តរភាព​នៃ​សេដ្ឋកិច្ច​គ្រួសារ​។ សុខភាព​អ្នក​ផលិត ក្រុមគ្រួសារ​ត្រូវបាន​កែលម្អ​បានល្អ​ប្រសើរ គ្រួសារ​រីករាយ សប្បាយចិត្ត​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ ជួបជុំ​គ្រួសារ មាន​សុភមង្គល ជាពិសេស​ពេញចិត្ត និង​គាំទ្រ​ចំពោះ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130