ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

តៃវ៉ាន់​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ចំពេល​មាន​ភាព​តានតឹង​ជាមួយ​ចិន​

តៃវ៉ាន់ ៖ កងទ័ពអាកាស ជើង​ទឹក​និង​ដីគោក​របស់​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ដោយ​លោកស្រី​ប្រធានាធិបតី Tsai Ing-wen បាន​និយាយថា វា​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ក្នុងការ​ការពារ​កោះ​ប្រជាធិបតេយ្យ​ដែល​ទាមទារ​ដោយ​ប្រទេស​ចិន​មួយ​នេះ​។​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​យន្តហោះ F-16 និង​យន្តហោះ​ចម្បាំង Ching-kuo ផលិត​ក្នុងស្រុក​បាន​បើក​ការបាញ់ប្រហារ​ហើយ​រថ​ក្រោះ​ជាច្រើន​គ្រឿង​បាន​ចល័ត​ពាសពេញ​ទីតាំង​ធ្វើ​សមយុទ្ធ​ដោយ​បាញ់​គ្រាប់ផ្លោង​ដើម្បី​បំផ្លាញ​គោលដៅ​នៅលើ​ឆ្នេរសមុទ្រ​។​កងទ័ព​ប្រហែល​៨,០០០​នាក់​បាន​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​ដែល​បានធ្វើ​ឡើងលើ​ឆ្នេរសមុទ្រ​មួយ​ក្បែរ​ទីក្រុង Taichung កណ្តាល​កោះ​តៃវ៉ាន់​។​

​សមយុទ្ធ​ដែលមាន​ឈ្មោះថា “Han Kuang” មួយ​នេះ​គឺជា​សមយុទ្ធ​ប្រចាំឆ្នាំ​ដ៏​សំខាន់​របស់​កោះ​តៃវ៉ាន់​។​សមយុទ្ធ​ឆ្នាំនេះ​បាន​កើតឡើង​ចំពេល​ដែល​ប្រទេស​ចិន​បាន​បង្កើន​សកម្មភាព​យោធា​របស់ខ្លួន​នៅ​ជុំវិញ​កោះ​នេះ​រួមទាំង​ការហោះហើរ​យន្តហោះ​ចម្បាំង​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​នៅ​ជិត​អ្វីដែល​ទីក្រុង​ប៉េកាំង​ហៅថា “​ទឹកដី​ដ៏​ពិសិដ្ឋ​” របស់ខ្លួន​ផងដែរ​។​

​លោកស្រី Tsai បាន​ប្រាប់​កងទ័ព​ថា “​សមយុទ្ធ Han Kuang គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​សម្រាប់​កងកម្លាំងប្រដាប់អាវុធ​ដើម្បី​វាយតម្លៃ​អំពី​ការអភិវឌ្ឍន៍​សមត្ថភាព​ប្រយុទ្ធ​។ លើសពីនេះទៅទៀត វា​អាចធ្វើ​ឲ្យ​ពិភពលោក​មើលឃើញ​ការប្តេជ្ញាចិត្ត​និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ក្នុងការ​ការពារ​ទឹកដី​របស់​ប្រទេស​”​។ លោកស្រី Tsai ដែល​បានឈ្នះ​ការបោះឆ្នោត​ជាថ្មី​យ៉ាង​ភ្លូកទឹកភ្លូកដី​កាលពី​ខែមករា​ជាមួយ​ការសន្យា​ក្រោកឈរ​តតាំង​ជាមួយ​ប្រទេស​ចិន​បាន​យក​ការធ្វើ​ទំនើបកម្ម​យោធា​ជា​អាទិភាព​។​

​សូមជម្រាបថា សមយុទ្ធ​យោធា Han Kuang របស់​កោះ​តៃវ៉ាន់ នៅក្នុង​ឆ្នាំ​២០២០​នេះ កើតមានឡើង​ចំពេល​ទីក្រុង​ប៉េកាំង បាននិងកំពុង​បង្កើន​សកម្មភាព​យោធា កាន់តែ​ច្រើនឡើង នៅ​ជុំវិញ​ដែន​កោះ​មួយ​នេះ ដែល​ចិន​ចាត់ទុកថា​ជា​ខេត្ត​មួយ​របស់ខ្លួន ហើយ​ថែមទាំង​ព្រមាន​ជាច្រើនលើក​ផងដែរ​ថា ចិន​នឹង​ប្រើប្រាស់​កម្លាំងយោធា​ភ្លាមៗ ប្រសិនបើ​កោះ​តៃវ៉ាន់​ប្រកាស​ឯករាជ្យ ឬ​មាន​កម្លាំង​ខាងក្រៅ​ណាមួយ ព្យាយាម​បំបែក​តៃវ៉ាន់​ចេញពី​ចិន​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130