ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកធ្វើទស្សនកិច្ចស្វែងយល់អំពីដំណើរការអាជីវកម្មផ្នែកដឹកជញ្ជូន ឃ្លាំងស្តុក ទូត្រជាក់របស់ក្រុមហ៊ុន Nippon Express Cambodia Co., Ltd ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលក្រុមហ៊ុននេះជាដៃគូជាមួយក្រុមហ៊ុន Yamato Green Co., Ltd បានចូលរួមសហការវិនិយោគ ដើម្បីអភិវឌ្ឍវិស័យផលិតកម្មបន្លែសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញនាពេលអនាគត។ យោងតាមគេហទំព័រក្រសួងកសិកម្មបានឲ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចនោះ ដើម្បីជំរុញការអភិវឌ្ឍបន្លែសុវត្ថិភាពកម្ពុជា ឲ្យទាន់សភាពការបច្ចុប្បន្ន និងតម្រូវការទីផ្សារ និងយោងតាមខ្លឹមសារនៃឯកសារ MOU ស្តីពី “ការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ” ដែលបានចុះហត្ថលេខារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន Yamato Green Co., Ltd កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅនេះ។
ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រី លោក TORU TAKEI (President) បានសង្ខេបជូនជ្រាបពីព័ត៌មានសំខាន់ៗមួយចំនួន អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា កម្មវត្ថុវិនិយោគ ទុនវិនិយោគ មធ្យោបាយដឹកជញ្ជូន ឃ្លាំងស្តុកទំនិញ ទូត្រជាក់ រថយន្ត ដឹកបន្លែបំពាក់ដោយម៉ាស៊ីនត្រជាក់ ផែនការសកម្មភាពដែលនឹងត្រូវសហការជាមួយក្រុមហ៊ុន Yamato Green Co., Ltd ក្នុងការធ្វើឲ្យប្រសើរឡើងនៃសេវាដឹកជញ្ជូនបន្លែ (ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស) ឃ្លាំងស្តុកបន្លែ និងទូត្រជាក់បម្រើឲ្យទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ។
លោកបានបញ្ជាក់បន្ថែមថាក្រុមហ៊ុន Nippon Express Cambodia បានត្រៀមលក្ខណ:សម្បត្តិគ្រប់គ្រាន់ រួចរាល់ហើយក្នុងការចូលរួមអភិវឌ្ឍវិស័យផលិតកម្មបន្លែ ជាពិសេសវិស័យដឹកជញ្ជូន ឃ្លាំងស្តុក និងទូត្រជាក់។ទទួលបានចំណេះដឹងសំខាន់ៗខាងលើ លោករដ្ឋមន្ត្រីបានសម្តែងនូវមោទនភាពចំពោះសមិទ្ធផលដែលក្រុមហ៊ុន Nippon Express Cambodia សម្រេចបាន និងគាំទ្រលើផែនការសកម្មភាព នាពេលអនាគតក្នុងការចូលរួមអភិវឌ្ឍវិស័យផលិតកម្មបន្លែនៅកម្ពុជា។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ជូននាយកក្រុមហ៊ុនថា វិស័យផលិតកម្មបន្លែកម្ពុជាកំពុងប្រឈមនឹង បញ្ហាមានជាអាទិ៍៖ មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ទាំងខ្នាតតូច ខ្នាតធំ ឃ្លាំងស្តុក ទូត្រជាក់ រថយន្តដឹកបន្លែបំពាក់ដោយម៉ាស៊ីនត្រជាក់។ល។ ពិតណាស់ បញ្ហាទាំងអស់នេះ លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា Nippon Express Cambodia សហការជាមួយក្រុមហ៊ុន Yamato Green Co., Ltd នឹងជួយដោះស្រាយបានយ៉ាងល្អប្រសើរ ទាន់ពេលវេលា និងមាន ប្រសិទ្ធភាព ក្នុងទិសដៅធ្វើទំនើបភាវូបនីយកម្មបន្លែគ្រប់ខ្សែច្រវាក់ផលិតកម្ម ប្រែក្លាយផលិតកម្មបែបលក្ខណ:គ្រួសារ ទៅជាផលិតកម្មបែបកសិ-ឧស្សាហកម្ម ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពតាមតម្រូវការក្នុងស្រុក និងនាំចេញ។លោករដ្ឋមន្ត្រីបានសន្យាថា នឹងរង់ចាំផ្តល់កិច្ចសហការយ៉ាងពេញលេញជាមួយក្រុមហ៊ុន ក្នុងបំណងជួយជំរុញការអភិវឌ្ឍវិស័យផលិតកម្មបន្លែកម្ពុជា ឲ្យមានការរីកចម្រើនក្នុងពេលឆាប់នេះ ៕