ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរខេត្ត​ព្រះសីហនុ​ចុះ​បិទ​ប្រកាស​រុះរើ​សំណង់​អនាធិបតេយ្យ​ចេញពី​ដី​កម្មសិទ្ធិ​

​ខេត្ត​ព្រះសីហនុ ៖ ដោយ​អនុវត្ត​ទៅតាម​បទបញ្ជា​របស់​រដ្ឋាភិបាល​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែកក្កដា ឆ្នាំ​២០២០​នេះ គណៈបញ្ជាការ​ឯកភាព​ស្រុក​ស្ទឹងហាវ បាន​ដឹកនាំ​កម្លាំងចំរុះ ចុះ​បិត​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យ​រុះរើ​សំណង់​អនាធិបតេយ្យ ដែល​បាន​សង់​នៅលើ​ដី​កម្មសិទ្ធិឯកជន​របស់​ឈ្មោះ ឆៃ ជី​ង​ហ៊ាង ស្ថិតនៅ​ភូមិ​ប្ញ​ទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។ គណៈបញ្ជាការ​ឯកភាព​នេះ ដឹកនាំ​ដោយ លោក ស៊ុន ពិសី អភិបាលរង នៃ​គណៈ​អភិបាលស្រុក ស្ទឹងហាវ ដោយមាន​ការ ចូលរួម​ពី​ស្ថាប័ន​ជំនាញ​ផ្សេងៗ ហើយ​ជាការ​អនុវត្ត​ទៅតាម​បទបញ្ជា​របស់​អភិបាល ខេត្ត​ព្រះសីហនុ លោក គួច ចំរើន តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០​។​

​បើតាម​អាជ្ញាធរ​បានបញ្ជាក់​ថា ក្រោយពី​ទទួលបាន​បទបញ្ជា​ពី​អាជ្ញាធរខេត្ត រដ្ឋបាល​ស្រុក ស្ទឹងហាវ ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ជាច្រើន លើក​រួចមកហើយ ដើម្បី​ឲ្យ​ក្រុម​ជន​ទាំងនោះ​រុះរើ​ចេញ ប៉ុន្តែ​ទោះបីជា​អាជ្ញាធរ​បាន​ពន្យល់​យ៉ាងណា ក៏​ពួកគាត់​មិន​ព្រម​អនុវត្តតាម​ដែរ ហើយ​ថែមទាំង​អោយ​ប្រព័ន្ធ​ព័ត៌មាន​មួយចំនួន​ឲ្យ​ផ្សាយ​មួលបង្កាច់​ការពិត​ទៀតផង​។ បើតាម​អាជ្ញាធរ ក្រុម​នេះ​មាន​មេខ្យល់​នៅ​ពី​ក្រោយខ្នង ញុះញង់​ឲ្យ​ដើរ​ចាប់ដី​របស់​អ្នកដទៃ​ធ្វើ​កម្មសិទ្ធិ ដោយ​ប្រើ​យុទ្ធសាស្ត្រ “​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​” ហើយ​ពួកគេ​អាច​ប្រើ​យុទ្ធសាស្ត្រ “​ផ្ទះ​ហោះ​” ផងដែរ ដើម្បី​សម្រេច​បំណង​របស់ខ្លួន​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ខណៈ​ចុះ​បិត​សេចក្តី ជូនដំណឹង​នោះ លោក ស៊ុន ពិសី លើកឡើងថា ការចុះ​មកនេះ គឺ​ដើម្បី​បិត​ផ្សាយ​ជូនដំណឹង​ជា​លើក​ទី​ពីរ ដូច្នេះ​សូម​ឲ្យ​បងប្អូន ដែល​មក​ចាប់យក​ដី​សង់​ខ្ទម​តូចៗ​លើដី​កម្ម​សិ​ទ្ទិ​របស់គេ​នេះ ធ្វើការ​សហការ​អនុវត្ត​រុះរើ​សំណង់​ឬ​ខ្ទម​ចេញពី​ដី​កម្មសិទ្ធិ​អ្នក​ដ៏​ទៃ​តាម​សេចក្តីជូនដំណឹង​របស់​សាលាខេត្ត​និង​ស្រុក​។​

​បើតាម​លោក ស៊ុន ពិសី ការចុះ​បិទ​សេចក្តីជូនដំណឹង​នេះ ក៏មាន​ការចូលរួម​ពី​តំណាង​ម្ចាស់​ដី​ចូលរួម​ផងដែរ ។ លោក​អភិបាលរង​ស្រុក​បញ្ជាក់ថា កន្លងមក​អាជ្ញាធរ​ក៏​ធ្លាប់បាន​ចុះ​ធ្វើ​សេចក្តី​ជូន ដំណឹង​នេះ​ជាច្រើនលើក​រួចមកហើយ​ផងដែរ ពីព្រោះ​ពីមុន​មិនមាន​ការ​សាង សង់​ច្រើន​បែបនេះ​ទេ តែ​ពួកគាត់​មិន​ព្រម​អនុវត្ត​។​

​យោងតាម​លិខិត​របស់​រដ្ឋបាល​ស្រុក​ស្ទឹងហាវ ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ ២០២០ ដែល​ជម្រាប​ជូនទៅ​ប្រជាពលរដ្ឋ ដែល​បាន​សាងសង់​ខ្ទម​អនាធិបតេយ្យ​នៅលើ​ដី​ដែលមាន​ប័ណ្ណកម្មសិទ្ធិ​លេខ BII 0112 ដល់ BII 0131 ចំនួន​២០​ក្បាលដី ទំហំ​១០០​ហិកតា ស្ថិតនៅ​ភូមិ​ប្ញ​ទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឆៃ ជី​ង​ហ៊ាង បាន​បញ្ជាក់ថា កន្លងមក​រដ្ឋបាល​ស្រុក​បាន​ចុះ​ធ្វើ​ការណែនាំ​ដល់​បងប្អូន​ដែល​បាន​រំលោភ​កាន់កាប់ និង​សាងសង់​ខ្ទម​នៅលើ​ដី ដែលជា​កម្មសិទ្ធិឯកជន តែ​បងប្អូន​ប្រជាពលរដ្ឋ​នៅតែ​បន្តកាន់កាប់​ទន្ទ្រាន​មិន​ខ្លាចញញើត​ច្បាប់​សោះឡើយ​។ ដូច្នេះ​ចំពោះ​បងប្អូន ដែល​បាន​សាងសង់​ខ្ទម​អនាធិបតេយ្យ​នៅលើ​ដី​ដែលមាន​ក្នុង ប័ណ្ណកម្មសិទ្ធិ​ខាងលើ ត្រូវធ្វើ​ការរុះរើ​ចេញ​ដោយ ខ្លួនឯង ក្នុង​រយៈពេល​៧ ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ជា​កំហិត​។ ប្រសិនបើ​ដល់ពេល​កំណត់​ថ្ងៃ នៃ​សេចក្តីជូនដំណឹង​នេះហើយ បងប្អូន​នៅតែ​មិន​រុះរើ​ដោយ​ខ្លួនឯង​នោះទេ រដ្ឋបាល​ស្រុក​ស្ទឹងហាវ នឹង​ដឹកនាំ​គណៈបញ្ជាការ​ឯកភាព​ស្រុក ចុះ​រុះរើ​ខ្ទម​ទាំងនោះ​ចេញ ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​សម្ភារៈ​របស់​បងប្អូន​នោះឡើយ​។ ចំពោះ​បងប្អូន​ដែល​រឹងទទឹង មិន​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ រដ្ឋបាល​ស្រុក​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​។​

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​ស្រុក​ស្ទឹងហាវ ធ្វើឡើង​តាម​បទបញ្ជា​របស់​អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​១៧ ខែ មិថុនា ឆ្នាំ​២០២០​។ លោក គួច ចំរើន បានបញ្ជាក់​នៅលើ​លិខិត ដែល​ផ្ញើជូន​លោក​អភិបាល នៃ​គណៈ​អភិបាលស្រុក​ស្ទឹងហាវ​ថា រដ្ឋបាលខេត្ត​ព្រះសីហនុ​បានទទួល​រួចហើយ​នូវ​របាយការណ៍ ស្ដីពី​ការចុះ​អន្តរាគមន៍ និង​ណែនាំ​ក្រុម​អ​នា​ធិ​ប តេ​យ្យ ដែល​រស់នៅ​លើដី​កម្មសិទ្ធិឯកជន​របស់​ឈ្មោះ ឆៃ ជី​ង​ហ៊ាង សរុប​ចំនួន​២០ ប័ណ្ណ ដែលមាន​ទំហំ​១០០​ហិកតា ស្ថិតនៅ​ភូមិ​ប្ញ​ទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដែល​បាន​ទិញ​តាមរយៈ​ការដេញថ្លៃ​លក់ឡៃ​ឡុង នៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ។ ដូច្នេះ​ករណីនេះ រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រគល់ជូន​សាលាស្រុក​ស្ទឹងហាវ ដើម្បី​ដឹកនាំ​រៀបចំ​នីតិវិធី ហើយ​អភិបាល​នៃ​គណៈ​អភិបាល ស្រុក​ស្ទឹងហាវ​ត្រូវ​ចាត់ចែង​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​លោក ឆៃ ជី​ង​ហ៊ាង ជា​ម្ចាស់​ដី​បាន​ឪ្យ​ដឹងថា ដី​នេះ​លោក​បាន​ទិញ​ពី​ការដាក់​ដេញថ្លៃ​របស់​តុលាការ ដោយសារ ម្ចាស់​ដី​ដើម បាន​ជំពាក់​លុយ​ធនាគា ហើយ​ត្រូវបាន​តុលាការ​ប្រកាស​ដាក់ ដេញថ្លៃ​លក់ ពេលនោះ​មាន​ក្រុមហ៊ុន​ជាច្រើន​ចូលរួម​ដេញថ្លៃ​ដល់​ទៅ​4-5​លើក​ឯណោះ​។ ក្រោយមក​លោក (​ឈ្មោះ ឆៃ ជី​ង​ហ៊ាង​) គឺជា​អ្នកដេញថ្លៃ​បាន​។ មានន័យថា ដី​នេះ គឺជា​ដី​មាន​ម្ចាស់​ច្បាស់លាស់​មាន​ប្លង់​កម្ម​សិ​ទ្ទិ​រួចហើយ​ទើប​អាច​យកទៅ​បញ្ចាំ​ធនាគារ​បាន ហើយ​នៅពេល​ដេញថ្លៃ​បាន​អាជ្ញាធរ​ជំនាញ​គ្រប់​ស្ថាប័ន​បាន​កាត់ឈ្មោះ​ពី​ម្ចាស់​ដើម​ទៅឱ្យ​ឈ្មោះ ឆៃ ជី​ង​ហ៊ាង ដែល​ទិញ​បាន​ពី​តុលា​ការដាក់​ដេញថ្លៃ​តាម​នីតិវិធី​ច្បាប់​។​

​ដោយឡែក ការចុះ​អនុវត្តន៍​រប​ស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​នៅពេលនេះ​គឺមាន​ពាក់ព័ន្ធ​ទៅនឹង​បុគ្គល​ខិលខូច​មួយចំនួន ដែលមាន​មេ ខ្យល់​បំផុសបំផុល​នៅ​ពី​ក្រោយខ្នង​ទៅ​សង់​ខ្ទម​អនាធិបតេយ្យ​នៅលើ​ដី​នោះ​។ ដូច្នេះ​តាម​ទិដ្ឋភាព​ច្បាប់​បុគ្គល​ទាំងឡាយណា​ទៅ​រំលោភបំពាន​សាងសង់​លំនៅដ្ឋាន​នៅ​លើដី​តែមាន​ម្ចាស់​កម្មសិទ្ធិ​ស្រប ច្បាប់ គឺជា​អំពើ​ខុសច្បាប់​ហើយ​ជា​បទ ល្មើស​ព្រហ្មទណ្ឌ​ទៀតផង​។​ប៉ុន្តែ​ខណៈ​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​កិច្ច បាន​ព្យាយាម ប្រាប់​ឲ្យ​ពួកគាត់​រុះរើ​សំណង់​អ​នា​ធិ​ប តេ​យ្យ​នោះ​ចេញពី​លើដី​កម្មសិទ្ធិ​ស្របច្បាប់​របស់គេ​តែប៉ុណ្ណោះ ៕

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130