ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​ស្រុក​លើកដែក​ចាត់វិធានកា​រ​ទប់ស្កាត់​និង​បង្ក្រាប​ការកាប់​រាន ដុត ឈូសឆាយ និង​ហ៊ុមព័ទ្ធ​ដីព្រៃ​លិច​ទឹក

​ខេត្តកណ្តាល ៖ ក្រោយ​ពិនិត្យឃើញថា តំបន់​ព្រៃ​លិច​ទឹក និង​ជា​តំបន់ការពារធម្មជាតិ​មួយចំនួន ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​លើកដែក ខេត្តកណ្តាល គឺមាន​បុគ្គល​មួយចំនួន​បានធ្វើការ​បំផុសបំផុល​ចលនា​ឱ្យធ្វើ​ការកាប់​រាន ដុត ឈូសឆាយ រុករាន ហ៊ុមព័ទ្ធ បែងចែក​កាន់កាប់​ដីព្រៃ​លិច​ទឹក ដី​តំបន់ការពារធម្មជាតិ និង​ដី​តំបន់​អភិរក្ស ការទិញ​-​លក់ ដី​រដ្ឋ និង​ការបញ្ជាក់ ទិញ​-​លក់ លើដី​រដ្ឋ​ដោយ​ខុសច្បាប់ ដើម្បី​វាត​យក​ជា​កម្ម​សិទ្ធ​នៅ​បន្ត​កើតមាន​ក្រោមលេស​ខ្វះ​ដី​អាស្រ័យ​ផល​ឬ​បង្កបង្កើនផល ។​

​ដូច្នេះ​ដើម្បី​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​តំបន់​ព្រៃ​លិច​ទឹក​និង​តំបន់​ដី​អភិរក្ស ។ អាជ្ញាធរ​ស្រុក​លើកដែក​បានដាក់​ចេញ​នូវ​វិធានការ និង​ណែនាំ​អោយ​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការ​បំផុសបំផុល​ចលនា​ទោះ​នីតិបុគ្គល ឬ​រូបវន្តបុគ្គល​ណាក៏ដោយ​ក៏​ពុំមាន​សិទ្ធិ​រុករាន​ដីព្រៃ​កាន់កាប់ និង​បែងចែក​ដី​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹកដី​តំបន់​អភិរក្ស​នោះទេ​។

​អាជ្ញាធរ​បន្ថែមថា ត្រូវ​បញ្ឈប់​ជាបន្ទាន់ នូវ​រាល់​សកម្មភាព​ល្មើសច្បាប់​ដូចជា ការ​ឈូសឆាយ កាប់ឆ្ការ រុករាន​ទន្ទ្រាន ហ៊ុមព័ទ្ធ បែងចែក​ដីព្រៃ​លិច​ទឹក និង​ដី​តំបន់​អភិរក្ស ដើម្បី​ធ្វើ​ការដាំដុះ​នោះឡើយ​។ ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ការទិញ​-​លក់ ដី​រដ្ឋ និង​ការបញ្ជាក់​ការទិញ​-​លក់ លើដី​រដ្ឋ​ដោយ​ខុសច្បាប់​នៅ ក្នុង​តំបន់​ព្រៃ​លិច​ទឹក និង​តំបន់​ដី​អភិរក្ស​។​

​ទន្ទឹម​នោះអាជ្ញាធរ​មូលដ្ឋាន ជាពិសេស មេភូមិ មេឃុំ និង​ការិយាល័យ អង្គភាព​ពាក់ព័ន្ធ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ រាល់​ការបញ្ជា​ក់លើ​លិខិត​ទិញ​-​លក់​ដី​របស់​រដ្ឋ ការផ្ទេរសិទ្ធិ ឬ​បញ្ជា​ក់លើ​គំនូស​បង្ហាញ​ទីតាំង​ដី​នៅក្នុង តំបន់​ដីព្រៃ​លិច​ទឹក និង​តំបន់​ដី​អភិរក្ស​របស់​រដ្ឋ នឹងត្រូវ​និរាករណ៍​រាល់​លិខិតបញ្ជាក់​លើ​លិខិត​ទិញ លក់​ដី​របស់​រដ្ឋ ការផ្ទេរសិទ្ធិ ឬ​បញ្ជា​ក់លើ​គំនូស​បង្ហាញ​ទីតាំង​ដី​។

​ចំណែក​អ្នក​ដែល​បាន​ទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​កន្លងមក​ត្រូវ​រុះរើ ខ្ទម តង់ និង​សំណង់​បណ្តោះអាសន្ន ហើយ​ប្រគល់​ដី​មក​ជូន​រដ្ឋ​វិញ​ដោយ​ឥត​លក្ខខណ្ឌ​។

​គណៈកម្មការ​អធិការកិច្ច​ដី​រដ្ឋ​ថ្នាក់ស្រុក​ត្រូវ​ដឹកនាំ​មន្ត្រី ដោយ​សហការ​ជាមួយ​ការិយាល័យ​ជំនាញ ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​លិខិតបទដ្ឋាន​គតិយុត្ត​នានា ពាក់ព័ន្ធ​និង​តំបន់​ព្រៃ​លិច​ទឹក​និង​តំបន់​អភិរក្ស ក្នុងស្រុក​លើកដែក ដល់​មហាជន ជាពិសេស ប្រជាជន​តាម​មូលដ្ឋាន​។​

​គណៈកម្មការ​អធិការកិច្ច​ដី​រដ្ឋ​ថ្នាក់ស្រុក ការិយាល័យ អង្គភាព​ជំនាញ ត្រូវ​ចាត់វិធានការ​ការទប់ស្កាត់ និង​បង្ក្រាប​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក និង​តំបន់​ដី​អភិរក្ស ដើម្បី​វាត​យក​ដី​ធ្វើជា​កម្មសិទ្ធិ និង​បញ្ឈប់​ការបញ្ជា​ក់លើ​ឯកសារ​កាន់កាប់​ដី​របស់​រដ្ឋ ដើម្បី​ស្នើសុំ​ធ្វើជា​កម្មសិទ្ធិ​។​

​រដ្ឋបាល​ស្រុក សូម​ស្នើ​ដល់​ការិយាល័យ អង្គភាព អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​ល្មើស​ដូច បាន​រៀបរាប់​ខាងលើ ដោយ​ផ្អែកលើ​ច្បាប់​ជា​ធរមាន​។​ក្នុងពេល​អនុវត្ត​ច្បាប់ អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​ទទួល ខុសត្រូវ ចំពោះ​ការ​ខូ​ត​ខាត ឬ​ការបាត់បង់ និង​ករណី​ការប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​នោះឡើយ​។​

​អាជ្ញាធរ​ស្រុក​ថែមទាំង​បាន​ចាត់​អោយ​គណៈកម្មការ​អធិការកិច្ច​ដី​រដ្ឋ​ថ្នាក់ស្រុក ការិយាល័យ​-​អង្គភាព អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ធ្វើការ​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​នេះ​ឱ្យ ទូលំទូលាយ​ដល់​មហាជន និង​ប្រជាពលរដ្ឋ​មូលដ្ឋាន ដើម្បី​បង្កើន​ការយល់ដឹង និង​ចូលរួម​អនុវត្ត​ច្បាប់​ទាំងអស់គ្នា ដោយ​មិន​ប្រព្រឹត្ត​សកម្មភាព​ល្មើស​គ្រប់​រូបភាព​នៅក្នុង​តំបន់​ដីព្រៃ​លិច​ទឹក និង​តំបន់​ដី​អភិរក្ស ព្រមទាំង​ផ្តល់ កិច្ចសហការ​ក្នុងការ​អនុវត្ត​វិធានការ ច្បាប់​ចាំបាច់​នានា ដោយ​ស្មារតី​ទទួលខុសត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ។​

​ជាមួយគ្នានេះ​កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ លោក ងី សារី មេឃុំ​ព្រែក​ទន្លាប់​ក៏បាន​កោះអញ្ជើញ​មេ​៥០​ខ្នង មេភូមិ កម្លាំង​ប្រជា​ការពារ មន្ត្រីនគរបាល​ប៉ុស្តិ៍ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​ចំនួន​៩​រូប​មក​បើក​កិច្ចប្រជុំ​នៅ​សាលាឃុំ ដើម្បី​ផ្សព្វផ្សាយ​ពី​ការដាក់​វិធានការ​ទប់ស្កាត់​បន្ត​នៅតាម​ផ្ទះ តាម​ហាង​កាហ្វេ តាម​តំបន់​ទីប្រជុំជន និង​តាម​តូប​នានា ព្រោះ​បច្ចុប្បន្ននេះ មាន​មេខ្យល់​ឈ្មួញ​ដី​ចំនួន​៩​នាក់ បាន​ប្រើប្រាស់​គ្រប់​រូបភាព​បំផុសបំផុល​អោយ​ប្រជា​ពលរ​ដ្ធ​មួយចំនួន​តូច​ដែល​មិនបាន​គិតពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ចាញ់ល្បិច​កល់​របស់​ឈ្មួញ ដោយ​ឈ្មួញ​ឃោសនា​ថា ឲ្យ​ចុះទៅ​កាន់កាប់​វាត​យក​ដីព្រៃ​លិច​ទឹក និង​ដី​តំបន់​អភិរក្ស ក្នុង​១​ហិកតា ពួកគេ​(​ក្រុម​ឈ្មួញ​)​និង​អោយ​លុយ​ចំនួន​១០០០​ពាន់​ដុល្លារ​។​ដែល​នេះ​គឺជា​ពាក្យ​ច​ចាម​រាម ហើយ​ពាក្យ​ច​ចាម​រាម​ទាំងអស់នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​តូច​មានការ​ជឿជាក់​។​

​សូមជម្រាបថា កន្លង​មកក្រោម​ការណែនាំ​ពី​លោក​អភិបាលស្រុក លោក​បាន​ចាត់វិធានការ ទាំង​ការផ្សព្វផ្សាយ​អប់រំ និង​វិធានការ​អនុវត្ត​ទៅដល់​ទីតាំង​កើតហេតុ​ជាក់ស្តែង ។ បើសិនជា​ពួកគាត់​នៅតែ​បន្ត​ប្រព្រឹត្ត​ទៀត​នោះ​រដ្ឋបាល​ឃុំ នឹង​សុំ​គោលការណ៍​ទៅ​រដ្ឋបាល​ស្រុក សុំ​កិច្ចសហការ​ពី​សមត្ថកិច្ច​នានា​ដែល​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130