ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

UN-កម្ពុជា​ប្រកាស​ដំណើរការ​គម្រោង​រួមគ្នា​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​៧​រោច ខែ​ស្រាពណ៍​ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​១១ ខែសីហា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប មាន​ធ្វើ​ពិធី​ប្រកាស​ដំណើរការ​គម្រោង​រួមគ្នា រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ និង​ការដោះស្រាយ​ផលប៉ះពាល់​សេដ្ឋកិច្ច​-​សង្គម ដោយ​វិបត្តិ​កូ​វីដ​-១៩ ។​

​ពិធី​ខាងលើនេះ​ស្ថិតក្រោម​វត្តមាន​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស និង​លោកស្រី Kristin Parco ប្រធាន​អង្គការ​ទេសន្តរប្រវេសន៍ អន្តរជាតិ ជា​តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គលេខាធិការ តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​៦ រដ្ឋបាលខេត្ត មន្ទីរ អង្គភាព​ពាក់ព័ន្ធ​មកពី​ខេត្តសៀមរាប បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ព្រមទាំង​អង្គការ IOM អង្គការ​UN និង​ក្រោម​ការសម្របសម្រួល​រប​ស់ គ​.​ជ​.​ប​.​ជ​។​

​លោកជំទាវ យូ សុភាព អភិបាលរង​ខេត្ត និង​ជា​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ការអនុវត្ត​គម្រោង​រួមគ្នា​នេះ ពិត​ជាមាន​ប្រយោជន៍ និង​មាន​ភាពចាំបាច់​ណាស់ សម្រាប់​នាំយកមក​ជាមួយ​នូវ​ព័​ត៌ មាន​ថ្មីៗ ពី​ការរៀបចំ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ឆ្លើយតប​នឹង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ និង​ការដោះស្រាយ​ផលប៉ះពាល់​សេដ្ឋកិច្ច​-​សង្គម ដោយ​វិបត្តិ​កូ​វីដ​-១៩ ដែល​អាចជា​វិភាគទាន​ដល់​ការដោះស្រាយ​បញ្ហា​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។

​លោកជំទាវ​បន្តថា អ្វីដែល​សំខាន់​នោះ គឺជា​ការចែករំលែក ជួយ​សម្រាល​ការលំបាក និង​ការជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​អន់ក្រ ហើយក៏​ជា​ប្រពៃណី​ដែល​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ តែងតែ​ប្រតិបត្តិ​ជាប់​ជាប្រចាំ​គ្រប់​កាលៈទេសៈ មិន​ប្រកាន់​ពណ៌​សម្បុរ ជាតិ​សាសន៍ និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។​

​លោកជំទាវ យូ សុភាព បានឱ្យដឹង​ទៀតថា ចាប់តាំងពី​កើតមាន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដោយ​គិត​ត្រឹម​ថ្ងៃទី​១០ ខែមីនា ដល់​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​ត្រឡប់​ពី​ក្រៅប្រទេស​សរុប​ចំនួន ១៦.៣៦៨​នាក់ ស្រី ៧.១៦១​នាក់ ហើយ​ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​មណ្ឌល​តាម​បណ្តា​ក្រុង ស្រុក ឃុំ សង្កាត់ និង​ធ្វើការ​ទប់ស្កាត់​ការ​ចំណាកស្រុក​ខុសច្បាប់​តាម រយៈ​មេខ្យល់ បាន​ចំនួន ២១០​នាក់ ស្រី​៨០​នាក់ កុមារ​៧​នាក់ ក្នុងនោះ​កុមារី ៥​នាក់​។​

​លោកជំទាវ ជូ ប៊ុន​អេង បានធ្វើការ​វាយតម្លៃ និង​កោតសរសើរ​ចំពោះ កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​អនុវត្ត​នូវ​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក៏ដូចជា​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​បង្ការ​ទប់ស្កាត់​ពី​ការរីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ រួមទាំង​ការទប់ស្កាត់​ចំពោះ​ការធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់ តាមរយៈ​មេខ្យល់ ទទួលបាន​ជោគជ័យ​ទៀតផង​។

​លោកជំទាវ ក៏បាន​លើកឡើង​ផងដែរ​ថា ពលករ​ដែល​ងាយ​រងគ្រោះ​បំផុត​គឺ​ស្ត្រី​មាន​ផ្ទៃពោះ ជនរងគ្រោះ​ដោយ​អំពើហិង្សា​ផ្នែក​យេនឌ័រ និង​កុមារ ត្រូវ​ចាត់ជា​អាទិភាព​សម្រាប់​ការកំណត់​អត្តសញ្ញាណ ដំណើរការ​បញ្ជូន​ករ​ណី​និង​គាំទ្រ​សម្រាប់​តាមដាន​បន្ត​កាន់តែ​ប្រសើរឡើង​នៅតាម​សហគមន៍​គោលដៅ​។​

​លោកជំទាវ ជូ ប៊ុន​អេង បានឱ្យដឹង​ទៀតថា ការកំណត់​ជ្រើស​រើសយក​ខេត្តសៀមរាប បន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ក្នុងការ​អនុវត្ត​គម្រោង​រួមគ្នា ការពង្រឹង​យន្តការ​របស់​រាជ រដ្ឋាភិបាល​នៅ​ថ្នាក់ក្រោម​ជាតិ ក្នុង​ការផ្តល់សេវា​សង្គម​កិច្ច ព្រមទាំង​បន្ស៊ាំ​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩ រយៈពេល​មធ្យម ឬ​វែង​ដល់​ពលករ​ដែល​ងាយ​រងគ្រោះ​បំផុត សំខាន់​ស្ត្រី​ជា​មេ​គ្រួសារ​។ គម្រោង​រួមគ្នា​នេះ នឹងមាន​បំណង​សម្រេច​ការធ្វើ​ទេសន្តរប្រវេសន៍ ប្រកបដោយ​និរន្តរភាព និង​ការគ្រប់គ្រង​នៅតាម​ព្រំដែន​កាន់តែ​ប្រសើរឡើង​ទៀតផង​៕
( ដកស្រង់​ពី AKP )

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130