ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្ថាប័ន​ជំនាញ​នឹង​កំណត់​ដី​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តកោះកុង​ខណ​កំពុង​ប្រឈម​ការកាប់ទន្ទ្រាន​ខុសច្បាប់

ខេត្តកោះកុង ៖ ខណដែល​ដី​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តកោះកុង​កំពុង​ប្រឈម​ការទន្ទ្រាន កាន់កាប់​ខុសច្បាប់​កាន់តែ​ច្រើនឡើង​នោះ បណ្តា​ស្ថាប័ន​ជំនាញ​ក៏​កំពុងតែ​ពិនិត្យ និង​ចងក្រង​ឯកសារ ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​ទីតាំង​ដី​ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​ដែល​ពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង​ក្នុងភូមិ​សាស្ត្រ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ ។ ប៉ុន្តែ​ទន្ទឹម​នោះគេ​កំពុងតែ​ដឹងថា អាជ្ញាធរ​ខេត្តកោះកុង​កំពុងមាន ការស្នើសុំ​កាត់​ឆ្វៀល​ដី​ក្នុង​ខេត្ត រហូតដល់​ជាង​៨​ម៉ឺន​ហិកតា​ឯណោះ ក្រោម​ហេតុផល​ផ្តល់​កម្ម សិទ្ធិ​ជូន​ពលរដ្ឋ ។ ការស្នើសុំ​ដី​ដ៏​សន្ធឹកសន្ធាប់​នោះ​នាំ​ឲ្យ​មានការ​សង្ស័យ​ផងដែរ ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កាលពីដើម​សប្តាហ៍​នេះ​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​មួយ​តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​ដែល​ជំរុញ​ឲ្យ​មានការ​ទប់ស្កាត់ ការកាប់​រានទន្ទ្រាន​យក​ដី ដោយ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​។

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​គោរព​តាម​អនុសាសន៍ ណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្នុងការ​ជំរុញ​ការទប់ស្កាត់ ការកាប់​រានទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​នៅតាម​បណ្តា​ខេត្ត​នានា ហើយក៏​ដើម្បី​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​ក្នុងការ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ក្នុង​តំបន់​អភិរក្ស​តំបន់​សត្វព្រៃ និង​តំបន់ ការពារ​ផ្សេងៗ​របស់​រដ្ឋ​ផងដែរ​។​

​លោក សាយ សំ​អាល់ បាន​បញ្ជាក់ថា ចំពោះ​ខេត្តកោះកុង​គឺ​យើង​មាន​ក្រុមការងារ​អន្តរក្រសួង និង​អនុ​ក្រុមការងារ​ចុះ​ទីក្រុង​ស្រុក​ទាំង ៧ នៃ​ខេត្ត​នេះ និងសេចក្តីសម្រេច​ស្តីពី​ការបង្កើត​ក្រុមការងារ​ពិនិត្យ​សិក្សា និង​ចងក្រង​ឯកសារ​ទីតាំង​ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង​ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​ជីវចម្រុះ​ផងដែរ ។​

​ទាក់ទិន​ករណី​ខាងលើនេះ មន្ត្រី​ក្រសួងបរិស្ថាន​បានធ្វើការ​ក​កត់សម្គាល់​ថា ក្រោយ​មានការ​ប្រកាស​របស់​ស​ម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​បញ្ជា​ឲ្យ​ក្រសួង​ចំនួន​៣​ពិនិត្យ លទ្ធភាព​ក្នុងការ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​កំពុងរ​ស់​នៅ​អាស្រ័យ​ផល​ក្នុង​តំបន់​អភិរក្ស​តំបន់​សត្វ ព្រៃ​និង​តំបន់​ការពារ​ផ្សេងៗ នោះ​សម្រាប់​ខេត្តកោះកុង​គេ​កត់សម្គាល់ថា មាន​អាជ្ញាធរ​ខិលខូច​មួយចំនួន បាន​ឆ្លៀតឱកាស​កេង​យក​ផលប្រយោជន៍​ពី​នយោបាយ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ក្រោម​ពាក្យ​ថា ត្រីងៀត​ឆ្លៀត​ពង ឬ​កន្ទេល​ធំ​បន្លំ​ដេក​ដែល​នាំ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ។​

​លោក ថោង ច័ន្ទដារ៉ា អ្នកសម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម អាដហុក ប្រចាំ​ខេត្តកោះកុង​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ទំហំ​ដី​ជាង ៨ ម៉ឺន​ហិកតា​ដែល​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​បានស្នើ​កាត់​ឆ្វៀល​នេះ​មិន​ប្រាកដ ថា​ជា​ដី​កាន់កាប់​ដោយ​ពលរដ្ឋ​ដែល​បានរស់នៅ​លើដី​ជា​យូរ​ឆ្នាំ​នោះទេ​។ លោក​ថា រដ្ឋាភិបាល​ត្រូវតែ​ពិនិត្យ​ស្រាវជ្រាវ​ករណីនេះ​ឲ្យ​បាន​ហ្មត់ចត់ ចៀសវាង​មាន​ជន​ឆ្លៀតឱកាស និង​បក្ខពួក​មន្ត្រី​មួយចំនួន​ដែលមាន​ចេតនា​អាក្រក់​ចង់បាន​ដី​របស់​រដ្ឋ​៕

 

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130