ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម្សិលមិញ​មាន​យានយន្ត ៥០៦​គ្រឿង​ទៀត ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ​

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​ម្សិលមិញ នគរបាល​ចរាចរណ៍​ទូទាំងប្រទេស​កម្ពុជា បាន​ត្រួតពិនិត្យ​និង​ផាកពិន័យ​លើ​យានយន្ត​សរុប​ចំនួន ៥០៦​គ្រឿង​ទៀត ក្នុងនោះ​មាន​ម៉ូតូ ៣៣៥​គ្រឿង និង​រថយន្ត ១៧១​គ្រឿង​។ នេះ​បើតាម​ការបញ្ជាក់​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​ឯកឧត្តម​បញ្ជាក់ថា រយៈពេល​១៣៧​ថ្ងៃ នៃ​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បង្កើន​ប្រាក់​ពិន័យ តាម​អនុក្រឹត្យ​លេខ​៤៩ ពោលគឺ​ថ្ងៃទី​០១ ខែឧសភា ដល់​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ នគរបាល​ចរាចរណ៍​ទូទាំងប្រទេស បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​សរុប​ចំនួន ១៧០,១២៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១២៦,០៨៣​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ ៤៤,០៤៤​គ្រឿង​។​

​បទល្មើស​ដែល​ត្រូវបាន​កត់សម្គាល់​សម្រាប់​ម៉ូតូ គឺ​ភាគច្រើន​អត់​មួក ល្មើស​សញ្ញា អត់​ស្លាក​លេខ លើស​ចំណុះ ប្រើប្រាស់​ទូរស័ព្ទដៃ និង​ស្រវឹង​។ ដោយឡែក​បទល្មើស​សម្រាប់​រថយន្ត គឺ​ភាគច្រើន​លើស​ល្បឿន លើស​ចំណុះ អត់​ខ្សែក្រវាត់ ល្មើស​សញ្ញា អត់​ស្លាក​លេខ ដឹក​លើស​ទម្ងន់ អត់​បណ្ណ​បើកបរ ប្រើប្រាស់​ទូរស័ព្ទ​ជាដើម​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តថា រយៈពេល ១៣៧​ថ្ងៃ​មកនេះ ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ​។ ទន្ទឹម​នោះ ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ជនរួមជាតិ ជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ដែល​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អប្រសើរ រយៈពេល​កន្លងមកនេះ ជាពិសេស​កោតសរសើរ និង​អរគុណ ដល់​នគរបាល​ចរាច​រណ៍ ដែល​បាន​លះបង់ និង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​រឹតបន្តឹង​ចរាចរណ៍ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត​។​

​សូមបញ្ជាក់ថា សម្រាប់​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កម្ពុជា ក៏បាន​កើតឡើង​ចំនួន ១៤​លើក ក្នុងនោះ​ស្លាប់ ៨​នាក់ របួស ២០​នាក់ (​របួសធ្ងន់ ១៦​នាក់​)៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130