ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រុមហ៊ុន​ហាន់​ស៊ី​ង​(HanShin) រង​ការរិះគន់​ខណដែល​ធ្វើ​ផ្លូវជាតិ​លេខ​៥​ពី​កំពង់ឆ្នាំង​-​ខេត្តពោធិ៍សាត់​ជិត​៣​ឆ្នាំ​ហើយ​ដូចជា​មិនសូវ​ដំណើរការ​សោះ​

​ភ្នំពេញ ៖ គេ​នៅ​ចាំបាន​ថា ក្រុមហ៊ុន ហាន់​ស៊ី​ង​(HanShin) ដេញថ្លៃ​លើ​គម្រោង​ស្ថាបនា​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ​៥ ពី​ខេត្តកំពង់ឆ្នាំង ដល់​ធ្លា​ម្អម​ខេត្តពោធិ៍សាត់ លើទឹក​ប្រា​ក់ជាង​៨០​លាន​ដុល្លារ​អាមេរិក ។ មកទល់ពេលនេះ ជិត​៣​ឆ្នាំ​ទៅហើយ ការ​ដំណើរការ​សាងសង់​ស្ថាបនា ហាក់​មិន​ទៅមុខ ទុកអោយ​នៅ​មេម៉ាយ បង្ក​ផល​លំបាក​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវជាតិ ខណៈ​ក្រុមហ៊ុន​បាន​ប្រើ​គ្រឿងចក្រ​កាយ​ដី រួច​ទុកចោល​រាប់​ខែ បណ្តាលអោយ​បង្ក​ជា​រណ្តៅ​ជ្រៅៗ ពំនូក ធ្វើអោយ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ខ្លាំង​ក្នុង​ការបើក​ម៉ូតូ កង់ ឡាន ប​រទេះគោ​-​ក្របី ចូល​ផ្ទះ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។

​អ្នកធ្វើដំណើរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ រអ៊ូរទាំ ពី​ការស្ថាបនា​នេះ ធ្វើ​អូស​បន្លាយពេល សំបូរ​ដោយ​គំហុក ហុយ បើក​កាត់​ម្តងៗ​ស្ទើរ​គ្រុន បើ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ ត្រូវ​ប្រុងប្រយ័ត្ន​ពី​សុខភាព ខណៈ​មាន​កន្លែង​រលាក់​ច្រើន ខុសពី​ការស្ថាបនា​ពី​ក្រុមហ៊ុន​ផ្សេងៗ​។​

​ទាក់ទិន​ករណីនេះ​ក្រុមកម្មករ​ក៏ដូចជា​ក្រុមការងារ​បាន​បង្ហើប​ថា ក្រុមហ៊ុន ហាន់​ស៊ី​ង (HanShin) ខ្វះ​លក្ខ​ណះ​សម្បត្តិ​គ្រប់គ្រាន់ សំខាន់​គ្រឿងចក្រ សំភារៈ ជា​មធ្យោបាយ​ដំណើរ​ការឱ្យ​ការស្ថាបនា​ផ្លូវ ដែល​ខ្លួន​ដេញថ្លៃ​បាន ។ ជា​ទម្លាប់​ក្រុមហ៊ុន​នេះ បាន​(​សាប់​បន្ត​) ម៉ៅការ​បន្ត​ឱ្យ​ក្រុមហ៊ុន​តូចៗ​ជាច្រើន ហើយ​ក្រុមហ៊ុន​ខ្លះ​ធ្វើ​មិន​ទៅមុខ ខ្លះទៀត​រត់ចោល ខណៈ​ម៉ៅ​ការមិន​ចំណេញ បង្កើតជា​ការរាំងស្ទះ​ការងារ​ជា​ហូរហែ​។​

​កម្មករ​និយាយថា ក្រុមហ៊ុន ហាន់​ស៊ី​ង (HanShin) ធ្វើ​ផ្លូវជាតិ​លេខ​៥ ពី​កំពង់ឆ្នាំង​-​ខេត្តពោធិ៍សាត់ នេះ​មាន​ក្រុមហ៊ុន​ប្លែកៗ​មក​ម៉ៅការ តែ​មិន​ចាំ​ថា​ក្រុមហ៊ុន​ណា​ធ្វើ​ពិតប្រាកដ ចេញ​មួយ​ចូល​មួយ និង​គ្រឿងចក្រ រថយន្ត ជាដើម ដាក់ឱ្យ​ដំណើរ​ជា​ចន្លោះៗ គ្រាន់តែ​ឱ្យ​ល្អមើល ថា​ក្រុមហ៊ុន​ធ្វើការ​ស្ថាបនា​ជាប់​ជាប្រចាំ​តែប៉ុណ្ណោះ​។​

​សូម​រំលឹកថា ក្រុមហ៊ុន ហាន់​សុ​ី​ង​(HanShin) ស្ថិតក្នុង​បញ្ជីខ្មៅ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្ទាប់ពី​ស្ថាបនា​ផ្លូវជាតិ​លេខ ២១ ពី​តាខ្មៅ​ទៅ ស្រុក​កោះធំ កន្លែង​ខ្លះ​គ្មាន​គុណភាព មិន​តាម​ស្តង់ដារ ប៉ុន្តែ​ក្រុមហ៊ុន ហាន់​ស៊ី​ង​(HanShin) នៅតែមាន​លក្ខ​ណះ​ពិសេស​ដេញថ្លៃ​បានគ្រោង​ស្ថាបនា​នូវ​ផ្លូវជាតិ​ឡើងវិញ​ជា​បន្តបន្ទាប់​ទៅវិញ ។​

​ពាក់ព័ន្ធ​ករណីនេះ លោក គង់ វិមាន អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនបាន​បកស្រាយ​ប្រាប់​សារព័ត៌មាន​ឱ្យ​លម្អិត​ទេ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​លោក​បញ្ជាក់ថា កំពុង​មានធុរៈ​ការងា​រ​ច្រើន ហើយ​បង្វែ​ឱ្យទៅ​សួរ លោក ឈឹម ផល្លា ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់ ព្រោះ​គាត់​ជា​អ្នកកាន់ការ​ងារ​នេះ​ផ្ទាល់​។

​ដោយឡែក​លោក ឈឹម ផល្លា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការស្ថាបនា​ផ្លូវ​ខាងលើ គេ​បាន​ដំណើរការ​ធម្មតា ចំពោះ​ការយឺតយ៉ាវ ដោយសារ​ស្ថានភាព​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ចំពេល​រដូវភ្លៀង​ធ្លាក់​ផង​។

​លោក​ថ្លែងថា ទោះជា​ពេលនេះ​យឺត​បន្តិច​មែន តែ​មិនឱ្យ​ហួស​តាម​ការកំណត់​រយៈពេល​នៃ​ដំណើរការ​ស្ថាបនា​ឡើយ​។

​ពាក់ព័ន្ធ​និង​បញ្ហា​ខ្លះ​មានការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ក​ង្វៈ​ខាត​ផ្លាកសញ្ញា​ចរាចរណ៍ លោក​បកស្រាយ​ថា បញ្ហា​នេះ​ខ្ញុំ​គិតថា គេ​បានរៀបចំ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ខ្ញុំ​ទទួលស្គាល់ថា មាន​កន្លែង​ខ្លះ​ចន្លោះប្រហោង​លើ​ចំណុច​នេះ ដូច្នេះ​ខាង​ខ្ញុំ​បន្ត​យកចិត្ត​ទុក​ពិនិត្យ​អោយបាន​ដិតដល់ ហើយ​ការធ្វើដំណើរ​បើកបរ​យឺតយូរ តាមផ្លូវ​លំបាក​ខ្លះ ដូចជា​យើង​ដឹង​ស្រាប់​ហើយ​មាន​ឡាន​ច្រើន និង​ផ្លូវ​កំពុង​ស្ថាបនា ។ ជុំវិញ​ដែល​កន្លងមក ក្រុមហ៊ុន ហាន់​ស៊ី​ង​(HanShin) ស្ថិតក្នុង​បញ្ជីខ្មៅ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្ទាប់ពី​ស្ថាបនា​ផ្លូវជាតិ​លេខ ២១ ពី​តាខ្មៅ​ទៅ ស្រុក​កោះធំ កន្លែង​ខ្លះ​គ្មាន​គុណភាព មិន​តាម​ស្តង់ដារ ហើយ​បើ​ស្ថាបនា​ផ្លូវជាតិ​លេខ​៥ ពិនិត្យឃើញថា មាន​កំហុស​បែបនេះ​ទៀត តើ​គួរ​អនុញ្ញាតឱ្យ (HanShin)​ចូល​ដេញថ្លៃ​ទៀត​ទេ​..? លោក ឈឹម ផល្លា ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់ នៃ​ក្រសួង​សាធារណការ និង​ជញ្ជូន បាន​បញ្ជាក់ថា​៖ ជាធម្មតា​ការស្ថាបនា​ផ្លូវជាតិ​និ​មួយៗ គឺមាន​ការពិនិត្យ​យ៉ាង​សុ​ក្រិត​បំផុត​ពី​ខាង​(​ចៃ​ការ​)​ខាង​ក្រសួង ខាង​ក្រុម​ពិនិត្យ​បច្ចេកទេស ហើយ​គេ​អាច​វាយតម្លៃ​ពី​គុណភាព​ស្តង់ដារ តែបើ​មិន​បំពេញ​តាម​គម្រោង​នោះទេ កុំថាឡើយ​ក្រុមហ៊ុន (HanShin) ក្រុមហ៊ុន​ណាក៏ដោយ ក៏​មិនអាច​ដេញថ្លៃ​បានដែរ​។ លោក​លើកឡើងថា លោក​ទេសរដ្ឋមន្ត្រី​មាន​ស្តង់ដារ ការងារ​ច្បាស់លាស់ ប្រកបដោយ​ភាព​ទទួលខុសត្រូវ គឺ​ចុះ​ពិនិត្យ​ដោយផ្ទាល់​និង​ម៉ត់ចត់​បំផុត​។ ដូច្នេះ​បើ​ក្រុមហ៊ុន​ណា​ធ្វើ​មិន​តាម​ស្តង់ដារ គឺ​មិន​ទទួលយក ជាដាច់ខាត​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន (HanShin) នេះ​ពិតជា​បានធ្វើ​ផ្លូវ​យឺតយូរ​មែន បើ​សិក្សា​ពី​តថភាព​ជាក់ស្តែង ដូច្នេះ​គួរ​ខាង​ក្រសួង​ព​ន្លឿ​ន ហើយ​ខាង​(​ចៃ​កា​)​ពិនិត្យ​ជាក់ស្តែង​ពី​សកម្មភាព​ស្ថាបនា​នេះ​ផង​។ មួយរយៈ​នេះ​អ្នកដំណើរ​សុខចិត្ត​ចេញពី​ខេត្តបាត់ដំបង​មកកាន់​រាជធានី​ភ្នំពេញ ដោយ​កាត់​តាម​ខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ដែលមាន​ចំងាយ​ដី​លើស​ជិត​២០០​គីឡូម៉ែត្រ​ឯណោះ ក្នុង​ហេតុផល​ថា ពិបាកធ្វើ​ដំណើរ​ពេក​ចំពោះ​ការ​រលាក់ ជង្ហុគ ខណដែល​ការស្ថាបនា​មិនបាន​លឿន​ថែមទៀត ៕

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130